សម្តេចប៉ាបឡេអូ ជាសម្តេចប៉ាបដំបូងដែលធ្វើគ្រីស្តបរិស័ទនៅសហរដ្ឋអាមេរិកយល់អំពីតម្លៃរបស់ពួកគេ

តម្លៃស្នូលនៃជំនឿនិងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះសន្តិភាពនិងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ ត្រូវបានគ្រីស្តបរិស័ទជាទូទៅជាពិសេសគឺនៅសហរដ្ឋអាមេរិកបានយល់កាន់តែច្បាស់នៅពេលដែល ទ្រង់យាងទៅបំពេញទស្សនៈកិច្ច១១ថ្ងៃនៅអាហ្រ្វិកតាំងពីពីរសប្តាហ៍មុននេះ ។​

តម្លៃនេះត្រូវបានសារព័ត៌មានធំៗ ដូចជា CNN បានរាយការណ៍ថា គ្រីស្តបរិស័ទអាមេរិកបានយល់នៅពេលចាប់ផ្តើមនៃដំណើរទស្សនៈកិច្ចនោះ ។

សារព័ត៌មាននេះ បានបញ្ជាក់ថា នៅពេលយាងទៅកាន់ ប្រទេសអាល់ហ្សេរីដែលជាចំណុចផ្តើមនៃដំណើរទស្សនៈកិច្ចនេះ សម្តេចប៉ាបឡេអូបានប្រតិកម្មយ៉ាងស្រទន់និងត្រឹមត្រូវបញ្ជាក់ពីគោលជំហរនិងហឫទ័យរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ដោយមិនអើពើនឹងការរិះគន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលរិះគន់និងចាត់ចំណាត់ការធ្ងន់ៗដល់សម្តេចប៉ាប។

សម្តេចប៉ាបឡេអូដែលជាសម្តេចប៉ាបដំបូងមានសញ្ជាតិនិងដើមកំណើតអាមេរិក បានមានបន្ទូលមិនធម្មតាមួយដោយបញ្ជាក់ថា ទ្រង់មិនមានការភ័យខ្លាចចំពោះរដ្ឋបាលលោកត្រាំឡើយ ហើយទ្រង់នៅតែបន្តអំពាវនាវរំលឹកនិងលើកទឹកចិត្តដល់មនុស្សជាតិឲ្យផ្តល់តម្លៃដល់សន្តិភាព។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា  “ទូលបង្គំជាខ្ញុំមិនគិតថាសារនៃដំណឹងល្អគួរតែត្រូវបានរំលោភបំពានដូចដែលអ្នកខ្លះកំពុងធ្វើនោះឡើយ”។ សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ ដោយបន្ថែមថា “នៅពេលនេះមានជីវិតមនុស្សស្លូតត្រង់ជាច្រើនត្រូវបានបាត់បង់… ទូលបង្គំជាខ្ញុំមានសេចក្តីសង្ឃឹមថា ពិភពលោកនឹងមាន នរណាម្នាក់ក្រោកឈរឡើង ហើយនិយាយថាមានវិធីល្អជាងសង្រ្គាម”។

នៅពេលដែលទ្រង់យាងទៅដល់អាហ្រ្វិក សូម្បីតែកន្លែងដែលធ្លាប់ពិភពលោករិះគន់ថា ជាកន្លែងឫជាដែនដីដែលមានអ្នករងគ្រោះដោយអំពើរំលោភសិទ្ធិមនុស្សជាច្រើននោះ ក៏ទ្រង់នៅតែហ៊ានប្រកាសដំណឹងល្អ ហើយបានរិះគន់ជាចំហរនិងត្រង់ៗទៅប្រជាជាតិទាំងនោះ។

មកដល់ពេលនេះសម្តេចប៉ាបឡេអូមានបុគ្គលិកលក្ខណៈស្ងប​ស្ងាត់ជាងសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ប៉ុន្តែនៅពេលដែលទ្រង់មានបន្ទូលគឺត្រូវបានគេលើកឡើងថា ទ្រង់មានបន្ទូលចាក់ចំស្នូលនៃបញ្ហា។

សម្តេចប៉ាបឡេអូតែងតែ សង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថាប័នពហុភាគីដូចជាអង្គការសហប្រជាជាតិ និងការគោរពច្បាប់អន្តរជាតិ ហើយទ្រង់ត្រូវបានគេដឹងថា ជារដ្ឋមួយដែលបញ្ជាក់ជំហរមិនចូលរួមនឹងក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ។

ជាទូទៅគោលជំហរប្រឆាំងសង្រ្គាមហើយអោយតម្លៃលើសន្តិភាពរបស់សម្តេចប៉ាបឡេអូ គឺមិនខុសគ្នាពីសម្តេចប៉ាបមុនៗនោះទេ​ ប៉ុន្តែសាររបស់ទ្រង់ដែលចេញគឺច្បាស់ៗ។

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំសន្តិភាពនៅ ប្រទេសកាមេរូនសម្តេចប៉ាបឡេអូ បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់នូវផលវិបាកទូទាំងពិភពលោក។

ទ្រង់​បាន​មានបន្ទូល​ថា ពិភពលោក​កំពុង​ត្រូវ​បាន​បំផ្លាញ​ដោយ​ជន​ផ្តាច់ការ​មួយ​ក្តាប់​តូច ប៉ុន្តែ​វា​ត្រូវ​បាន​ចង​ភ្ជាប់​ដោយ​បងប្អូន​ប្រុស​ស្រី​គាំទ្រ​ជាច្រើន ... ប៉ុន្តែចំណុចសំខាន់ គឺសូមកុំយកសាសនានិងព្រះនាមព្រះជាម្ចាស់ ទៅការពារផលប្រយោជន៍​យោធា សេដ្ឋកិច្ច ឬ​នយោបាយ​របស់​ខ្លួន ហើយប្រើដំណឹងល្អ​អូស​ទាញ​អ្វី​ដែល​ពិសិដ្ឋ​ចូល​ទៅ​ក្នុង​ភាព​ងងឹត និង​កខ្វក់៕

Daily Program

Livesteam thumbnail