សម្តេចប៉ាបឡេអូតែងតាំងបេសកជនពិសេសប្រចាំកិច្ចប្រជុំ FABC នៅទីក្រុងហ្សាកាតា
សម្តេចប៉ាបឡេអូ ទី១៤ បានតែងតាំងលោកកាឌីណាល់ អូស្វាល ហ្គ្រាសៀស (Oswald Gracias) អគ្គអភិបាលចូលនិវត្តន៍នៃព្រះសហគមន៍កាតូលិកទីក្រុងបុមបៃ ភាគខាងលិចប្រទេសឥណ្ឌា ជាបេសកជនពិសេសរបស់ទ្រង់ប្រចាំកិច្ចប្រជុំពេញអង្គលើកទី១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងលិខិតមួយផ្ញើទៅកាន់លោកកាឌីណាល់ ហ្គ្រាសៀស សម្តេចប៉ាបបានសម្តែងក្តីសង្ឃឹមរបស់ទ្រង់ចំពោះការរីកចម្រើនជាបន្តបន្ទាប់របស់ព្រះសហគមន៍កាតូលិកនៅអាស៊ី ដោយសង្កត់ធ្ងន់លើតួនាទីរបស់តំបន់នេះក្នុងការធ្វើជាសាក្សីដល់ជំនឿគ្រិស្តសាសនា និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
ដោយឆ្លុះបញ្ចាំងពីបេសកកម្មរបស់ព្រះសហគមន៍កាតូលិក នៅអាស៊ី សម្តេចប៉ាបឡេអូ បានលើកទឹកចិត្តដល់លោកអភិបាល និងគ្រិស្តបរិស័ទនានា ឱ្យបន្តចូលរួមជាមួយការពិតនៃពិភពលោកសម័យទំនើប។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា “កុំខ្លាចក្នុងការប្រថុយប្រថានក្នុងការងារនៃសម័យកាលរបស់យើង” ហើយទ្រង់បាន ជំរុញឱ្យព្រះសហគមន៍ ឆ្លើយតបដោយការអធិស្ឋាន សតិ និងការតស៊ូចំពោះបញ្ហាប្រឈមដែលមនុស្សជាតិកំពុងប្រឈមមុខ។
សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាក់ព្រះជាម្ចាស់នៅចំកណ្តាលនៃសកម្មភាពរបស់ព្រះសហគមន៍ និងធានាថាមនុស្សជាតោនៅតែជាបេះដូងនៃការសម្រេចចិត្តរបស់ខ្លួន។ ទ្រង់បានមានបន្ទូលថា អ្នកដែលជារឿយៗត្រូវបានរុញច្រានទៅជ្រុងមួយនៃបញ្ហា រួមមានភាព ក្រីក្រ ជំងឺ អន្តោប្រវេសន៍ ... ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា បញ្ហាទាំងនោះជាចំណុចកណ្តាលនៃការកសាងសង្គមមួយដែលយុត្តិធម៌ និងសេចក្តីករុណា ។
សម្តេចប៉ាបឡេអូ បានអំពាវនាវឱ្យអ្នកចូលរួមបន្តលើកកំពស់និងគោរពស្មារតីនៃ «សេចក្តីសប្បុរស និងសេចក្តីពិត » ក៏ដូចជា«យុត្តិធម៌ និងសន្តិភាព» ។
សម្តេចប៉ាបឡេអូក៏បានលើកទឹកចិត្តព្រះសហគមន៍ ឱ្យក្លាយជាអ្នកសាងសង់សហគមន៍ជាជាងស្ថាប័នដែលបង្កើតឡើងដោយការបែកបាក់ ឬផលប្រយោជន៍ផ្ទាល់ខ្លួន។
សម្តេចប៉ាបបានមានបន្ទូលថា យើងត្រូវតែក្លាយជាអ្នកសាងសង់សហគមន៍ មិនមែនជាស្ថាបត្យករនៃ សម័យកាលណាមួយនោះទេ។ យើងទាំងអស់គ្នាជាអ្នកបម្រើនៃព្រះសហគមន៍ មិនមែនជាអ្នកសាងសង់ប៉មដែលគេអាចបំផ្លាញចោលនៅពេលណាក៏បាននោះទេ។
លោកកាឌីណាល់ ហ្គ្រាសៀស ធ្លាប់ជាអគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ពីឆ្នាំ ២០០៦ ដល់ ២០២៥ ហើយលោកត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការរួមចំណែករបស់លោកចំពោះព្រះសហគមន៍ នៅអាស៊ី និងការចូលរួមរបស់លោកនៅក្នុងភាពជាអ្នកដឹកនាំព្រះសហគមន៍ ក្នុងតំបន់ និងសកលលោក។