សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរអង្គការ PSE ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏សំខាន់ៗរបស់អង្គការ PSE ដែលបានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ជាតិ តាមរយៈការគាំទ្រដល់កុមារ និងយុវជនកម្ពុជា។

សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនមែនរដ្ឋាភិបាលបារាំងនៅកម្ពុជា និងពិធីប្រគល់សញ្ញាបត្រសម្រាប់ឆ្នាំសិក្សា ២០២១-២០២៤ ដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែកក្កដានេះ។

សម្តេចធិបតី បានរំឮក និងសម្តែងនូវការដឹងគុណចំពោះ លោក Christian des Pallières ស្ថាបនិកអង្គការ PSE ដែលបានទទួលមរណភាពកាលពី១០ឆ្នាំមុន ដោយបានលើកឡើងថា គ្រឹះដ៏រឹងមាំ ចក្ខុវិស័យវែងឆ្ងាយ បេសកកម្មច្បាស់លាស់ និងគុណតម្លៃដ៏ត្រឹមត្រូវ បានបន្តដឹកនាំអង្គការនេះឱ្យដំណើរការទៅមុខយ៉ាងរលូន។

គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៨,០០០នាក់ បានបញ្ចប់ការសិក្សាពីអង្គការ PSE និងទទួលបានឱកាសការងារធ្វើ។ ក្នុងពិធីនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដែលថា រាជរដ្ឋាភិបាលកម្ពុជា រឹតត្បិតសេរីភាពអង្គការសង្គមស៊ីវិល។ សម្តេចធិបតីបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជាមិនដែលរឹតត្បិតសិទ្ធិសង្គមស៊ីវិលនោះទេ។

ផ្ទុយទៅវិញ អង្គការសង្គមស៊ីវិលដែលបំពេញការងារពិតប្រាកដ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ ដូចជាអង្គការ PSE គឺតែងតែទទួលបានការគាំទ្រ ការលើកទឹកចិត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន ម្ចាស់ជំនួយទាំងអស់ និងជាពិសេសមាតាបិតា និងអាណាព្យាបាល ដែលបានបង្កើតលក្ខខណ្ឌ និងផ្តល់ឱកាសឱ្យកូនចៅបានសិក្សារៀនសូត្រ។

សម្តេចធិបតីក៏បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ PSE ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យបានកាន់តែច្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ។

Daily Program

Livesteam thumbnail