សន្និបាតបោះឆ្នោតជ្រើសរើស​សម្តេចប៉ាបថ្មី នឹងមាន​កាឌីណាល់ចូលរួម​ច្រើន

សន្និបាតលោកកាឌីណាល់ដើម្បីជ្រើសរើសសម្តេចប៉ាបថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែឧសភាខាងមុខនេះ គឺជាដំណើរការបោះឆ្នោតលើកដំបូងដែលរួមបញ្ចូលអ្នកបោះឆ្នោតសរុប១៣៣ រូបខណៈដែលដែនកំណត់នៃវត្តមានលោកកាឌីណាល់ក្នុងព្រឹត្តិការណ៍នេះគឺកំណត់ត្រឹម១២០រូប។

ក្រុមប្រឹក្សាលោកកាឌីណាល់បានបញ្ជាក់ហើយថា អស់លោកកាឌីណាល់ដែលមានសិទ្ធិចូលរួមនៅក្នុង​ដំណើរការនេះគឺមានទាំងអស់១៣៣ រូប ហើយអស់លោកកាឌីណាល់ដែលចូលរួមនេះគឺមានអាយុមិនលើសពី ៨០ ឆ្នាំឡើយ។​

តាមរដ្ឋធម្មនុញ្ញរបស់សន្តអាសនៈដែលកំណត់កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៧៥ ដែលសម្តេចប៉ាបប៉ូលទី ៦ បានចែងថា "ចំនួនអ្នកបោះឆ្នោត អតិបរមាគឺអស់លោកកាឌីណាល់មិនលើសពី ១២០រូប ខណៈដែលពីមុននោះគឺមាន ១៣៤ រូប "។

ក្រោយមក សម្តេចប៉ាបយ៉ូហានប៉ូលទី ២ ក៏បានបញ្ជាក់ពីច្បាប់កំណត់ចំនួនដល់ ១២០រូបដដែល ប៉ុន្តែកាឌីណាល់ដែលទ្រង់បានជ្រើសរើសគឺនៅតែលើសពីចំនួននេះ។​

បន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាប​យ៉ូហានប៉ូលទី​២ សន្និបាតលោកកាឌីណាល់បានបើកនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០០៥ ដោយពេលនោះកាឌីណាល់មានទាំងអស់ ១៨៣ រូប ប៉ុន្តែកាឌីណាល់ដែលអាចចូលរួមបោះឆ្នោតគឺមានតែ ១១៧ រូបប៉ុណ្ណោះ។

លុះមកដល់ការដឹកនាំរបស់សម្តេចប៉ាបបេណេឌិកទី១៦ នៅពេលដែលទ្រង់បានលាលែងតំណែង គឺមានក្រុមប្រឹក្សាកាឌីណាល់ដល់ទៅ ២០៧ រូប ប៉ុន្តែលោកកាឌីណាល់ដែលបានចូលរួមបោះឆ្នោតគឺមានតែ ១១៧ នាក់ដដែល។

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូក៏មិនបានប្តូរការកំណត់សមាជិកលោកកាឌីណាល់លើសពី ១២០ នាក់ដែរ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយទ្រង់បានតែងតាំងកាឌីណាល់ថ្មីជាបន្តបន្ទាប់ ហើយរហូតដល់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៤ កាឌីណាល់មានរហូតដល់២៥៣ រូប ដោយកាឌីណាល់មានសិទ្ធិបោះឆ្នោតគឺមាន ១៤០  រូប ប៉ុន្តែនៅពេលដែលទ្រង់សោយទិវង្គតទៅ ចំនួនលោកកាឌីណាល់ដែលមានសិទ្ធិបោះឆ្នោតគឺថយចុះវិញ មកនៅត្រឹម ១៣៣ រូប៕

Daily Program

Livesteam thumbnail