លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប

ក្នុងថ្ងៃចុងក្រោយដែលព្រះសហគមន៍សកលអធិដ្ឋានរំលឹកវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ចំពោះព្រះដំណើរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃចំនួន៤២អង្គ បាននិមន្តបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងនាំយកព្រះរាជសារ រំលែកទុក្ខរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត ជូនលោកអភិបាល អូលីវីយ៉េ នារសៀល ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសកម្មព្រះសហគមន៍ភូមិភាគភ្នំពេញ។
សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាព្រះសកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាអំពីទំនាក់ទំនងដ៏ល្អរវាងព្រះពុទ្ធសាសនានិងគ្រីស្តសាសនានិកាយកាតូលិក តាមរយៈសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ និងសម្តេចប៉ាប យ៉ូហាន ប៉ូលទី២ សម្តេចប៉ាប បេណេឌីកទី១៦ និងសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ នៅបុរីវ៉ាទីកង់ ហើយទ្រង់ទាំងអស់តែងតែបង្ហាញពីភាពស្និទ្ធស្នាលនិងភាពជាកល្យាមិត្ត។
សម្តេចយ៉ន សេងយៀត មានដីកាបន្តថា ក្នុងព្រះបរមនាម សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមពុទ្ធបរិស័ទនិងក្នុងនាមសកលវិទ្យាល័យព្រះសីហនុរាជ «សូមចូលរួមរំលែកទុក្ខជាមួយព្រះសហគមន៍កាតូលិកទាំងអស់ដែលបានបាត់បង់សម្តេចប៉ាបជាទីគោរពស្រឡាញ់។»
ក្នុងនោះដែរព្រះអង្គ សូមអរគុណលោកអភិបាលអូលីវីយ៉េ ដែលបានរៀបចំអនុញ្ញាតឱ្យព្រះសង្ឃមានឱកាសមកបង្សុកូលថ្វាយព្រះរាជកុសលចំពោះសម្តេចប៉ាបដែលលោកបានលាចាកលោកនេះទៅ «សូមសម្តេចបានយាងទៅសោយសុខនៅឋានសួគ៌ជាមួយព្រះជាម្ចាស់»។
សម្ដេចព្រះមហាអរិយវង្សសង្ឃឹមថា ទាំងព្រះពុទ្ធសាសនា ទាំងគ្រីស្តសាសនាកាតូលិកនឹង«ធ្វើដំណើររួមគ្នាក្នុងបុព្វហេតុមនុស្សជាតិ សេចក្តីល្អ សេចក្តីសុខរបស់មនុស្សជាតិ និងពិភពលោក»។
ក្នុងឱកាសនោះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ផងដែរអំពីចេតនានិងទស្សនវិស័យរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូដែលយកចិត្តទុកដាក់ ជំរុញប្រជាជននិងមេដឹកនាំសាសនាទាំងអស់ឲ្យមានទំនាក់ទំនងល្អរវាងសាសនានិងសាសនា «ទាំងគ្រីស្តបរិស័ទ ពុទ្ធបរិស័ទ ឥស្លាមបរិស័ទ ឱ្យមានឱកាសធ្វើដំណើររួមជាមួយគ្នា»។
លោកបានរំលឹកថា ក្នុងពេលដែលលោកតែងតាំងជាអភិបាលព្រះសហគមន៍នៅកម្ពុជា អតីតសម្តេចព្រះសង្ឃរាជ ទេព វង្ស បាននិមន្តចូលរួមផងដែរ។ នេះបញ្ជាក់អំពីទំនាក់ទំនងល្អរវាងសាសនាទាំងពីរ។
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានប្រារព្ធពិធីរំលឹកព្រះវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូតាំងពីថ្ងៃទី២៤ ខែមេសាមក ក្នុងនោះមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រួមទាំងមន្ត្រីជាន់ខ្ពស់ពីស្ថាប័នធំៗ មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនានា មន្ត្រីសង្ឃជាន់ខ្ពស់ពីគណៈធម្មយុត្តិកនិកាយ គណៈដឹកនាំសាសនាឥស្លាមនៅកម្ពុជា មេដឹកនាំក្រុមជំនុំគ្រីស្តបរិស័ទធំៗមួយចំនួន ក្រុមបព្វជិត-ជិតា អង្គការកាតូលិក ការិយាល័យភូមិភាគភ្នំពេញ និងគ្រីស្តបរិស័ទតាមព្រះសហគមន៍នានា។
លោកអភិបាលអូលីវីយ៉េបានបន្ថែមថា ក្នុងពេលបន្តិចទៀត ព្រះសហគមន៍នឹងមានសម្តេចប៉ាបថ្មី ដែលនឹងត្រូវជ្រើសរើសដោយក្រុមលោកកាឌីណាល់ នៅទីក្រុងរ៉ូមក្នុងចំណោមកាឌីណាល់ចំនួន១៣៣រូប ដែលមានអាយុក្រោម៨០ឆ្នាំ។
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ជាសម្តេចប៉ាបលើកទី២៦៦ បន្តវេនពីសន្តសិលា បានសោយទិវង្គតកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅនាទីក្រុងរ៉ូមដោយរោគាពាធ ក្នុងព្រះជន្ម៨៨ព្រះវស្សា៕
ដោយកែវ កញ្ញា









Daily Program
