លោកអភិបាលថូម៉ាស ហាលីក ឱ្យFABC ពង្រឹង «ការិះគិត​ពិចារណាខាងវិញ្ញាណ» ក្នុងយុគសម័យនៃការផ្លាស់ប្តូរពិភពលោក

នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសហព័ន្ធក្រុមប្រឹក្សាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅសណ្ឋាគារ Mulia ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៣ ខែកក្កដា លោកបូជាចារ្យ អ្នកប្រាជ្ញាទេវវិទ្យា និងសង្គមវិទ្យាជនជាតិឆែក លោកអភិបាល​ថូម៉ាស ហាលីក (Tomáš Halík) បានថ្លែងសារវីដេអូមកកាន់អង្គសន្និបាតថា ព្រះព្រះសហគមន៍ត្រូវតែបណ្តុះបណ្តាលជីវិត​ផ្លូវ​ វិញ្ញាណ  ជំនួសឱ្យការគ្រាន់តែប្រមូលផ្តុំព័ត៌មាន ប្រសិនបើចង់ឆ្លើយតបយ៉ាងស្មោះត្រង់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃពិភពលោកបច្ចុប្បន្ន។

ថ្វីបើលោកមិនបានចូលរួមដោយផ្ទាល់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ទោះបីជាបច្ចេកវិទ្យាទំនើបអាចភ្ជាប់គម្លាតភូមិសាស្ត្របានក៏ដោយ ក៏វាមិនអាចជំនួស «ភាពជិតស្និទ្ធ និងភាពរួមគំនិតគ្នា» ដែលកើតចេញពីជំនឿរួមបានឡើយ។

លោក​បានលើកឡើងអំពីបច្ចេកវិទ្យា និងភាពជិតស្និទ្ធខាងជំនឿយ៉ាងដូច្នេះថា «បច្ចេកវិទ្យាអាចតភ្ជាប់គម្លាតភូមិសាស្ត្របាន ប៉ុន្តែទោះជាបច្ចេកវិទ្យានោះទំនើបបំផុតយ៉ាងណាក៏ដោយ ក៏មិនអាចបង្កើតភាពជិតស្និទ្ធពិតប្រាកដបានដែរ។ ភាពជិតស្និទ្ធនោះកើតចេញពីជំនឿ និងការទទួលខុសត្រូវរួមគ្នារបស់យើងចំពោះព្រះព្រះសហគមន៍ និងចំពោះព្រះអម្ចាស់របស់យើង»។

និយាយ​អំពីតម្រូវការប្រាជ្ញាក្នុងយុគសម័យព័ត៌មាននេះ លោក​បាន​សង្កត់ធ្ងន់​ថា កាលណាដែលយើងមានព័ត៌មានកាន់តែច្រើន យើងកាន់តែត្រូវការប្រាជ្ញាដើម្បីពិចារណានិងបែងចែកខុសត្រូវកាន់តែខ្លាំងឡើង។

សាស្ត្រាចារ្យ​ថូម៉ាស ហាលីក បានបញ្ជាក់ថា នៅក្នុងយុគសម័យដែលគ្របដណ្តប់ដោយបញ្ញាសិប្បនិម្មិត (AI) បណ្តាញព័ត៌មានឌីជីថល និងការផ្លាស់ប្តូរសង្គម-នយោបាយយ៉ាងគំហុក ការមានតែចំណេះដឹង ឬទិន្នន័យ គឺមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយតថភាពដ៏ស្មុគស្មាញនោះទេ។ ព្រះព្រះសហគមន៍ត្រូវប្រើប្រាស់ «ប្រាជ្ញាខាងវិញ្ញាណ» ដើម្បីស្គាល់នូវអ្វីដែលត្រឹមត្រូវ។

ជាមួយគ្នានេះ លោក​បាន​រំលឹក​អំពី​ការផ្លាស់ប្តូរបែបស៊ីណូដាលពិតប្រាកដ គឺមិនមែនចាប់ផ្តើមពីការផ្លាស់ប្តូររចនាសម្ព័ន្ធ ឬការគ្រប់គ្រងនោះទេ ប៉ុន្តែផ្តើមចេញពី «របៀបនៃការស្តាប់» គឺត្រូវ​ស្តាប់ព្រះជាម្ចាស់ ស្តាប់គ្នាទៅវិញទៅមក និងស្តាប់តថភាពពិភពលោក។ លោកបានប្រសិទ្ធនាមការជួបជុំបែបស៊ីណូដាលថាជា «សាលារៀននៃការបែងចែកខុសត្រូវ» ដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់​កំពុងរៀនសម្គាល់វត្តមានរបស់ព្រះអង្គ​ក្នុងជីវិតប្រចាំថ្ងៃ។

ក្នុងនោះដែរ លោកបានដាស់តឿនថា សង្គមទំនើបតែងតែផ្តោតលើអ្វីដែលធំដុំ និងគួរឲ្យភ្ញាក់​ផ្អើល ប៉ុន្តែសកម្មភាពរបស់ព្រះជាម្ចាស់​ភាគច្រើនត្រូវបានស្តែងឡើងតាមរយៈបទពិសោធន៍ស្ងប់ស្ងាត់ និងធម្មតាៗ។ ដូច្នេះ ព្រះព្រះសហគមន៍ត្រូវតែពង្រឹងជីវិតខាងវិញ្ញាណ ទេវវិទ្យា និង sensus fidei (សភាវគតិនៃជំនឿ) របស់គ្រីស្តបរិស័ទ​ ជំនួសឱ្យការប្រញាប់ប្រញាល់ផ្តល់ដំណោះស្រាយអនុវត្តជាក់ស្តែងភ្លាមៗចំពោះគ្រប់បញ្ហា។

នៅចុង​​បញ្ចប់ ​លោក​បានកត់សម្គាល់ពីតួនាទីកាន់តែធំរបស់អាស៊ីនៅក្នុងព្រះព្រះសហគមន៍កាតូលិកពិភពលោក ដោយសារកម្លាំងប្រជាសាស្ត្រដ៏រស់រវើក ភាពចម្រុះនៃវប្បធម៌ និងពហុសាសនា ដែលជាកត្តាកំណត់អនាគតនៃកាតូលិកសកលលោក៕

 

Daily Program

Livesteam thumbnail