លោកដូណាល់ ត្រាំ ចាប់ផ្តើមរៀបចំជំនួបពូទីន ហ្ស៉េឡេនស្គី

បីឆ្នាំកន្លះ បន្ទាប់ពីការចាប់ផ្តើម​នៃ​ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន កិច្ចប្រជុំកំពូលរវាង​លោក​វ្លាឌីមៀ ពូទីន និងលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ស្ថិតនៅលើផ្លូវមើលឃើញ បន្ទាប់​ពី​ការ​ប្រជុំ​របស់មេដឹកនាំ​អឺរ៉ុបនៅជុំវិញប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៨ ខែសីហា នៅ​ទីក្រុងវ៉ាស៊ីនតុន។ ប្រធានាធិបតីអាម៉េរិក បានឲ្យដឹងថា លោកបានចាប់ផ្តើមរៀបចំឲ្យមាន​ជំនួប​បែបនេះបន្ទាប់ពីមានកិច្ចសន្ទនាដ៏ល្អជាមួយប្រធានាធិបតីអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុប​ជាច្រើនទៀត។ ចំណែកលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​អរគុណ​លោកដូណាល់ ត្រាំ​សម្រាប់​​កិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន​របស់លោកដើម្បីបញ្ចប់ការ​កាប់​​សម្លាប់ និងបញ្ឈប់​សង្រ្គាម​​នេះ។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាម៉េរិក បានអះអាងថា លោករៀបចំឲ្យមានជំនួប​រវាង​ប្រធានាធិបតី​អ៊ុយក្រែន និង​ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បន្ទាប់ពីបានសន្ទនាក្នុង​ថ្ងៃ​​​តែមួយ​ជាមួយ​មេដឹកនាំ​ទាំងពីរ។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ បាន​បន្ថែម​ថា ៖ “នៅពេលជំនួបនេះប្រព្រឹត្តិទៅ យើងនឹងរៀបចំកិច្ចប្រជុំត្រីភាគី ដែលជួប​ជុំ​រវាង​ មេដឹកនាំទាំងពីរ និងរូបលោកផងដែរ”។ លោកដូណាល់ ត្រាំ បញ្ជាក់ថា កិច្ច​ប្រជុំ​ដំបូង រវាងលោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងលោកវ្លាឌីមៀ ពូទីន នឹងប្រព្រឹត្តទៅនៅកន្លែង​មួយ​ដែល​នឹង​កំណត់។

លោកអធិការបតីអាឡឺម៉ង់ លោកហ្វ្រ៊ីឌ្រីដ ម៉ឺហ្ស៍ នៅអំឡុងកិច្ចសន្ទនាតាមទូរសព្ទជាមួយ​សមភាគី​អាម៉េរិក បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីបានព្រមព្រៀង សម្រាប់ជំនួបនា​ពេល​​អនាគតនេះ ដែលគួរតែកើតមានឡើងនៅ ២សប្តាហ៍ ខាងមុខ។ ចំណែក​ប្រមុខ​រដ្ឋ​អ៊ុយក្រែន បានថ្លែងប្រាប់ថា យើងត្រៀមខ្លួនសម្រាប់ជំនួបទ្វេ​ភាគី​ជាមួយ​លោកពូទីន និង​បន្ទាប់​មក យើងនឹងចូលរួមជំនួបត្រីភាគីជាមួយនឹងការចូលរួម​ពីលោក​ដូណាល់ ត្រាំ។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា ក្រុមសម្ព័ន្ធមិត្តលោកខាង​លិច​នឹងផ្តល់ទម្រង់ផ្លូវការ​ ពីពេលនេះទៅ ១០ថ្ងៃ ខាងមុខ នូវការធានាសន្តិសុខ​សម្រាប់​អ៊ុយក្រែន ដើម្បីបង្ការរាល់ការវាយប្រហារថ្មីរបស់រុស្ស៊ី ក្នុងករណីអ៊ុយក្រែនមានកិច្ចព្រម​ព្រៀង​សន្តិភាពជាមួយទីក្រុងមូស្គូ។

ចេញពីការចរចានៅសេតវិមានជាមួយលោកដូណាល់ ត្រាំ និងបណ្តាមេដឹកនាំអឺរ៉ុប លោក​ហ្សេឡេនស្គី បានរៀបរាប់ថា ៖​ ”ការធានាសន្តិសុខនឹងប្រហែលជាត្រូវបានសម្រេច​ចិត្តធ្វើ​ដោយ​​​ដៃគូរបស់យើង ហើយវាកាន់តែលំអិតឡើងៗ ដោយសារអ្វីៗ ទាំងអស់នឹងត្រូវសរសេរ​ចុះ​​លើ​ក្រដាស់ និងធ្វើជាផ្លូវការ ពីពេលនេះ ទៅ ១សប្តាហ៍ ឬ ១០ថ្ងៃ”។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបន្ថែមថា ៖ “វាមានសារសំខាន់ដែលសហរដ្ឋអាម៉េរិក ផ្តល់​នូវ​សញ្ញាច្បាស់ថា អាម៉េរិកនឹងចូលរួមជាមួយប្រទេសដែលជួយសម្របសម្រួល និងក៏ជាអ្នក​ចូល​រួ​មក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដែរ។ លោកគិតថា នេះ នឹងគឺជា​ជំហានដ៏ធំ​ទៅ​មុខ​ទៀត។ ដោយលើកឡើងចេញពីសេចក្តីប្រកាសពីការិយាល័យប្រធានាធិបតី លោក​ដូណាល់ ត្រាំ ធ្លាប់រំឭកអំពីការធានាសន្តិសុខដែលនឹងផ្តល់ដល់អ៊ុយក្រែនដោយ​មហា​អំណាច​អឺរ៉ុប ដោយមានកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាម៉េរិក។

ចំណែកលោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានអះអាងថា ការធានាសន្តិសុខ​មួយ​ក្នុង​ចំណោមការធានាសន្តិសុខទាំងឡាយសម្រាប់អ៊ុយក្រែន ដែលនឹងនាំមកជាមួយ​នឹង​​រាល់កិច្ច​ព្រមព្រៀង​សន្តិភាពជាមួយរុស្ស៊ី គឺត្រូវធ្វើឲ្យទាហាន​អ៊ុយក្រែនមានកម្លាំងខ្លាំងល្មម​ដើម្បី​​រារាំងការវាយប្រហារថ្មីដែលអាចកើតមានឡើងមិនទៀង​ពីទីក្រុងមូស្គូ។ ​លោកបានថ្លែង​ថា ដូច្នេះទាហានអ៊ុយក្រែននឹងមិនត្រូវមានការកម្រិតចំនួន សមត្ថភាព និងសព្វាវុធនោះទេ៕

 

Daily Program

Livesteam thumbnail