លោកកាឌីណាល់ម្នាក់ប្រកាសមិនចូលរួមដំណើរការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី

លោកកាឌីណាល់ ជីអូវ៉ាន់នី អេនជីឡូ បេស៊ូ (Giovanni Angelo Becciu ) ត្រូវបានវ៉ាទីកង់រាយការណ៍ថា គឺជាកាឌីណាល់មួយរូប ដែលបានប្រកាសថា លោកនឹងមិនចូលរួមដំណើរការជ្រើសរើសសម្តេចប៉ាបនៅថ្ងៃទី ៧ ខែឧសភា ខាងមុខនេះទេ។
លោកកាឌីណាល់បានចេញសេចក្តីថ្លែងការណ៍មួយថា លោកនឹងគោរពតាមឆន្ទៈរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដោយបោះបង់ចោលសិទ្ធិនៃការចូលរួមរបស់លោកនៅក្នុងសន្និបាតដើម្បីជ្រើសរើសសម្តេចប៉ាបថ្មីដែលនឹងចាប់ផ្តើមនៅពេលខាងមុខ។
លោកកាឌីណាល់បានប្រកាសនៅថ្ងៃទី ២៩ ខែមេសា ថា លោកបានសម្រេចចិត្តគោរពតាមឆន្ទៈរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បីជាលោកបានរក្សាភាពគ្មានកំហុសរបស់លោកក៏ដោយ។
លោកកាឌីណាល់ បានថ្លែងថា បេះដូងរបស់លោកនៅតែបន្តគោរពនិងស្រលាញ់ព្រះសហគមន៍កាតូលិកបំផុត ហើយលោកនៅតែបម្រើនិងការពារព្រះសហគមន៍ ប៉ុន្តែដើម្បីរួមចំណែកដល់ការរួបរួម និងភាពស្ងប់ស្ងាត់នៃដំណើរការមហាសន្និបាត លោកក៏បានសម្រេចចិត្តគោរពតាមឆន្ទៈរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ មិនចូលក្នុងមហាសន្និបាត ខណៈដែលលោកនៅតែជឿជាក់លើភាពគ្មានកំហុសរបស់លោក។
លោកកាឌីណាល់ គឺជាបព្វជិតមួយរូប ដែលមានរឿងអាស្រូវនឹងបញ្ហាហិរញ្ញវត្ថុតាំងពីឆ្នាំ២០២០ ហើយលោកក៏ធ្លាប់ត្រូវបានតុលាការឧក្រិដ្ឋកម្មវ៉ាទីកង់កាត់ទោសផងដែរ ប៉ុន្តែលោកនៅតែអះអាងពីភាពគ្មានកំហុស ហើយបានកំពុងតែបន្តបន្តឹងឧទ្ទរណ៍បន្តទៀត៕
Daily Program
