យើងត្រូវតែបញ្ចប់សង្រ្គាម មុនពេលសង្រ្គាមវាបញ្ចប់ពួកយើង

លោកកាឌីណាល់ ម៉ាតេអូ ហ្ស៊ូពី (Matteo Zuppi) ប្រធានក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអ៊ីតាលី បានមានប្រសាសន៍កាលពីថ្ងៃទី ៣១ ខែកក្កដា ថា យើងជាគ្រិស្តបរិស័ទគឺគួរតែរិះគិតអំពីការបញ្ចប់សង្រ្គាមមុនពេលដែលសង្រ្គាមវាបញ្ចប់មនុស្សជាតិយើង។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ បានមានប្រសាសន៍បែបនេះនៅក្នុងអំឡុងពេល ដែលលោកថ្លែងទៅកាន់ក្រុមយុវជនជនជាតិអ៊ីតាលី ៤0 000 នាក់បានប្រមូលផ្តុំគ្នានៅទីលានសន្តសិលា សម្រាប់ព្រឹត្តិការណ៍ករុណាទិគុណ ក្រោមប្រធានបទ អ្នកគឺជាលោកសិលា ( Jubilee “You are Peter”) ដើម្បីឧទ្ទិសដល់ការបង្កើតសន្តិភាព។
លោកកាឌីណាល់បានមានប្រសាសន៍ថា សង្រ្គាមវាអាចបំផ្លាញអ្វីៗគ្រប់យ៉ាង ដែលផ្តល់ជីវិតរួមទាំងមន្ទីរពេទ្យផងដែរ។
លោកកាឌីណាល់បានរំលឹកឡើងវិញនូវពាក្យរបស់សម្តេចប៉ាបឡេអូទី១៤ ដែលតែងតែអំពាវនាវឱ្យមានសន្តិភាពនិងក្រាលផ្លូវទៅរកពិភពលោកដែលគ្មានសង្រ្គាម។
លោកបានលើកឡើងថា សូមអនុញ្ញាតឱ្យយើងដកអាវុធចេញពីបេះដូងរបស់យើង ដូច្នេះយើងអាចដកហូតអាវុធចេញពី ដៃនៃពិភពលោកដ៏ឃោរឃៅមួយ ដើម្បីព្យាបាលរបួសរបស់វា និងការពារជម្លោះថ្មីៗ៕
Daily Program
