មហាសន្និបាត FABC អនុវត្ត «កិច្ចសន្ទនាតាមតុ» ត្រិះរិះបែបស៊ីណូដាល

ប្រតិភូនានានៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោក​អភិបាលកាតូលិកអាស៊ី (FABC) បានឈានចូលដល់ដំណាក់កាលថ្មីមួយនៃការពិចារណាត្រិះរិះបែបស៊ីណូដាល កាលពីថ្ងៃទី ២៣ ខែកក្កដា ដោយបានដាក់ឱ្យប្រើប្រាស់ «កិច្ចសន្ទនាតាមតុ» ដើម្បីជួយបង្កើតទម្រង់បេសកកម្មនាពេលអនាគតរបស់ព្រះសហគមន៍នៅអាស៊ី។

កិច្ចប្រជុំនាពេលរសៀលបានចាប់ផ្តើមជាមួយនឹងការអញ្ជើញរបស់លោកអគ្គអភិបាលសុក្រាត ប៊ី វីលីហ្គាស (Socrates B. Villegas) និងសមាសភាពចូលរួមទាំងអស់ឱ្យទទួលយកដំណាក់កាលបន្ទាប់នេះ និងបង្កើតស្មារតីរាប់អានគ្នាមុនពេលចាប់ផ្តើមការពិភាក្សា។ លោកឪពុកក្លារិន ឌីវ៉ាដាស (Clarence Devadass) អគ្គលេខាធិការ​នៃគណៈកម្មការ FABC សម្រាប់​ស៊ីណូដាល បានពន្យល់អំពីវិធីសាស្ត្រដែលនៅពីក្រោយទម្រង់ថ្មីនេះ។

លោកបានកត់សម្គាល់ថា វិធីសាស្ត្រនេះត្រូវបានបង្កើតឡើងផ្អែកលើការចែករំលែកខាងផ្លូវវិញ្ញាណ ដោយ «រក្សាទុកនូវការស្តាប់ដោយយកចិត្តទុកដាក់ ការគោរពគ្នាទៅវិញទៅមក និងការឆ្លុះបញ្ចាំងដោយការអធិស្ឋាន ព្រមទាំងបង្កើតលំហបន្ថែមទៀតសម្រាប់ការសន្ទនាដោយបើកចំហ ការវិភាគរួមគ្នា និងការពិចារណាត្រិះរិះដោយកិច្ចសហការ»

ប្រតិភូទាំងឡាយបានចូលរួម​លើកឡើង​ទាក់ទងនឹងរបៀបដែលព្រះសហគមន៍អាចដើរតួជាអ្នកកសាងស្ពាន ការផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងការប្រែចិត្តគំនិតបែបណាដែលចាំបាច់ក្នុងទំនាក់ទំនង និងរចនាសម្ព័ន្ធព្រះសហគមន៍ ដើម្បីឱ្យសហគមន៍មូលដ្ឋានអាចលូតលាស់ជា «សហគមន៍បេសកកម្ម និងស៊ីណូដាល»

យោងតាមលោកឪពុកឌីវ៉ាដាស ការបែងចែកតួនាទីដូចជា អ្នកសម្របសម្រួល អ្នកកត់ត្រា និងអ្នករាយការណ៍នៅតាមតុនីមួយៗ បានបង្ហាញឱ្យឃើញពី «ខ្លឹមសារពិតប្រាកដនៃលក្ខណៈស៊ីណូដាល ដែលក្នុងនោះការដឹកនាំ និងការចូលរួមត្រូវ​បានអនុវត្តរួមគ្នា ជាជាងការប្រមូលផ្តុំលើបុគ្គលម្នាក់»។

ទស្សនទានរួមដែលប្រមូលបានពីការពិភាក្សាទាំងនេះ នឹងចូលរួមចំណែកក្នុងការតាក់តែងឯកសារ Vademecum ដែលជាឯកសាររំពឹងថានឹងផ្តល់ការណែនាំជាក់ស្តែងសម្រាប់ព្រះសហគមន៍មូលដ្ឋាននៅទូទាំងតំបន់អាស៊ី ខណៈដែលពួកគេបន្តដំណើរការ​ភាព​ជា​ស៊ីណូដាលរបស់ខ្លួន។

បន្ទាប់ពីការពិភាក្សា តុនីមួយៗបានបង្ហាញសេចក្តីសង្ខេប​រយៈពេលខ្លីនៃការឆ្លុះបញ្ចាំងរបស់ខ្លួនជូនដល់អង្គសន្និបាត ដែលអនុញ្ញាតឱ្យប្រតិភូចែករំលែកទស្សនទានពីក្រុមផ្សេងៗគ្នា មុនពេលបន្តដំណើរការពិចារណាត្រិះរិះរួមគ្នា។

ការដាក់ឱ្យប្រើប្រាស់ «កិច្ចសន្ទនាតាមតុ» នេះ បានគូសបញ្ជាក់ពីសមិទ្ធផលដ៏សំខាន់មួយនៅក្នុងជំនួបរយៈពេលមួយសប្តាហ៍នេះ។ ខណៈដែល «កិច្ចសន្ទនាក្នុងព្រះវិញ្ញាណ» បានជួយអ្នកចូលរួមឱ្យស្តាប់គ្នាទៅវិញទៅមក និងស្តាប់ព្រះវិញ្ញាណដ៏វិសុទ្ធដោយការអធិស្ឋាន វិធីសាស្ត្រថ្មីនេះបានជួយឱ្យប្រតិភូបកប្រែការស្តាប់នោះទៅជាការឆ្លុះបញ្ចាំងរួមគ្នា និងអាទិភាពផ្នែកគង្វាលកិច្ច​ជាក់ស្តែង។

ដោយការរួមបញ្ចូលគ្នារវាងការពិចារណាត្រិះរិះខាងផ្លូវវិញ្ញាណជាមួយនឹងកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ មហាសន្និបាត FABC បន្តធ្វើជាគំរូនូវរបៀបដំណើរការបែបស៊ីណូដាល ខណៈដែលខ្លួនស្វែងរកការបំពាក់បំប៉នព្រះសហគមន៍នៅអាស៊ីឱ្យឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងយុគសម័យ និងកាលានុវត្តភាពដែលតំបន់នេះកំពុងប្រឈមមុខ៕

Daily Program

Livesteam thumbnail