មហន្តរាយមុនឆ្នាំ២១០០ ៖ ពីអេអាយ (AI) ដល់ជំងឺធាត់ជ្រុល តើមនុស្សជាតិ​កំពុងដើរ​ដល់​ចំណុច​រលត់រលាយ ឬយ៉ាងណា?

ពិភពលោកកំពុងប្រឈមមុខនឹងស្រមោលអន្ធកាលនៃគ្រោះមហន្តរាយដែលមិនធ្លាប់មានពី មុនមក។ របាយការណ៍សិក្សាស្រាវជ្រាវដ៏រញ្ជួយមួយពីទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ ឌឹ ឡេនសេត (The Lancet) បានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលសកលអំពីសុខភាព នៅទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ និងបន្លឺសំឡេងអាសន្នថា មនុស្សជាតិអាចនឹងឈាន ទៅដល់​ចំណុច​រលាយផុតពូជនៅមុនឆ្នាំ២១០០ ប្រសិនបើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ​នោះ​។ ការរួមផ្សំគ្នារវាងបច្ចេកវិទ្យាទំនើបចុងក្រោយ អាវុធប្រល័យលោក និង វិបត្តិសុខភាព​សាធារណៈ កំពុងបង្កើតជា «ព្យុះកំណាច» ដែលអាចកម្ទេចអរិយធម៌មនុស្សទាំងមូល។

ការគំរាមកំហែង ១៧ និងការបាត់បង់អាយុជីវិតក្នុងកម្រិតមហន្តរាយ

នៅក្នុងការវិភាគយ៉ាងស៊ីជម្រៅ និងពឹងផ្អែកលើទិន្នន័យបរិមាណ​ស្តីអំពីសុខភាព​ប្រជាជន​ ពី ប្រទេស ២០៤ នៅជុំវិញពិភពលោក ក្រុមគណៈកម្មការអ្នកវិទ្យាសាស្ត្រកំពូលៗចំនួន ៦២នាក់ បានពិនិត្យ​លើ​កត្តា​ហានិភ័យសរុបចំនួន ៣៣១ និងបាន​ទាញសេចក្តី​សន្និដ្ឋាន​ថា មាន​កត្តា​ចំនួន ១៧ ដែលមានសក្តានុពលបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់មនុស្សជាតិ។

ក្នុងនោះដែរ គេបានរកឃើញកត្តាមួយចំនួនដែលបង្កផលប៉ះពាល់សុខភាពក្នុងកម្រិត «មហន្តរាយ» មានដូចជា ការជក់បារី ការបំពុលខ្យល់ ការប្រើប្រាស់គ្រឿងស្រវឹង ភាព​ស៊ាំ​នឹង​ថ្នាំ​អង់ទីប៊ីយ៉ូទិក កង្វះអាហាររូបត្ថម្ភកុមារ ជំងឺសរសៃឈាមបេះដូង ជំងឺរាតត្បាត និងសង្រ្គាម​ប្រដាប់​អាវុធប្រពៃណី។

វិបត្តិធាត់ជ្រុល ៖ សត្រូវស្ងប់ស្ងាត់លេខ១ របស់មនុស្សជាតិ

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៅក្នុងការសិក្សានេះ គឺជំងឺធាត់ជ្រុលត្រូវបានចាត់ទុកជាកត្តា​គំរាម​កំហែងចម្បងសម្រាប់សុខភាព ដោយជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុង​ប្រទេស​រហូត​ដល់១៥៤។ ផ្ទុយពីការគិតទូទៅថាមានតែសង្គ្រាម ឬជំងឺរាតត្បាតទើបជា​សត្រូវ​សម្លាប់​មនុស្ស វិបត្តិផ្លាស់ប្តូររបៀបរស់នៅ និងអាហាររូបត្ថម្ភនេះ កំពុងរំលោភទៅលើ​សុខភាព​សាធារណៈ​សកលយ៉ាងស្ងៀមស្ងាត់ និងបានកាត់បន្ថយអាយុកាលរស់នៅរបស់មនុស្សរាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំ។

បញ្ញាសិប្បនិម្មិត និងសង្គ្រាមនុយក្លេអ៊ែរ ៖ ហានិភ័យនៃ «ការផុតពូជ»

ក្រៅពីវិបត្តិសុខភាពទូទៅ មានកត្តាគំរាមកំហែងចំនួន ២ផ្សេងទៀត ដែលត្រូវបាន​វាយ​តម្លៃ​ថា​មិន​ត្រឹមតែបង្កមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែអាច «បង្កឱ្យមនុស្សជាតិរលាយផុតពូជនៅ​ត្រឹមឆ្នាំ​២១០០ ផងដែរ ៖

ទី១ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងអាក្រក់ ៖ ការវិវត្តយ៉ាងរហ័សនៃ​អេអាយ (AI) អាចត្រូវគេយកទៅប្រើដើម្បីបង្កើតអាវុធជីវសាស្ត្រប្រភេទថ្មីៗ ដែលគ្មានថ្នាំ​ព្យាបាល ឬប្រព័ន្ធការពារនោះឡើយ។

ទី២ សង្គ្រាមនុយក្លេអ៊ែរ ៖ ការផ្ទុះអាវុធនុយក្លេអ៊ែរ មិនត្រឹមតែបំផ្លាញទីក្រុងក្នុង​មួយរំពេចនោះ​ទេ ប៉ុន្តែវាអាចបង្កជា «រដូវរងានុយក្លេអ៊ែរ» ដែលនាំឱ្យកើតមានគ្រោះទុរភិក្សសកល សម្លាប់​មនុស្ស​ជាតិដែលនៅរស់រានមានជីវិត នាពេលបន្ទាប់មក។

ទោះជាយ៉ាងណាក៏ដោយ កត្តាទាំងពីរនេះត្រូវបានវាយតម្លៃថា មានប្រូបាប៊ីលីតេកើត​ឡើង​ទាប​​ជាងកត្តាសុខភាពទូទៅ។

ជាសេចក្តីសន្និដ្ឋាន ការសិក្សារបស់ទស្សនាវដ្តី ឌឹ ឡេនសេត The Lancet មិនមែនជាការ​ទស្សន៍ទាយ​បែបយល់សប្តិឡើយ ប៉ុន្តែវាជាការព្រមានតាមបែបវិទ្យាសាស្ត្រដ៏មុតស្រួចមួយ។ មនុស្ស​ជាតិកំពុងឈានដល់ផ្លូវបំបែក ៖ តើយើងអាចគ្រប់គ្រងបច្ចេកវិទ្យាអេអាយ (AI) កាត់​បន្ថយ​អាវុធ​ប្រល័យ​លោក និងកែប្រែប្រព័ន្ធសុខភាពបានដែរឬទេ?

ប្រសិនបើគ្មានការភ្ញាក់​រលឹក និង​កិច្ចសហប្រតិបត្តិការ​សកលពិតប្រាកដទេ ឆ្នាំ២១០០ អាច​នឹង​​ក្លាយជាទំព័រចុងក្រោយនៃ​ប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ថាបាន។

 

Daily Program

Livesteam thumbnail
khmer popup image