ភាពយន្តឯកសារ ភាពក្លាហានត្រូវបានបំបែក ដើម្បីជំរុញការពិភាក្សាពីសុខភាពផ្លូវចិត្ត និងការកសាងសន្តិភាព
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សហការជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញនិងទទួលការថតភាពយន្តនៅកម្ពុជា (CFC) និងស្ថាប័ន LW Scientific បានប្រកាសបើកយុទ្ធនាការជាតិចាក់បញ្ចាំងភាពយន្តឯកសារមានចំណងជើងថា «ភាពក្លាហានត្រូវបានបំបែក» (Broken Courage) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន (Legend Cinema) ផ្សារទំនើបអ៊ិចឆេងស្ឃ្វែរ (Exchange Square) រាជធានីភ្នំពេញ។
ខ្សែភាពយន្តឯកសារនេះ ដឹកនាំដោយអ្នកដឹកនាំភាពយន្តជនជាតិកាណាដា លោក ដេវីដ ផេក (David Peck) ដោយមានការសហការជាមួយដៃគូនានានៅប្រទេសកម្ពុជា។ ភាពយន្តនេះធ្លាប់បានទទួលពានរង្វាន់ជាច្រើន ព្រមទាំងទទួលបានជោគជ័យក្នុងការចាក់បញ្ចាំងនៅប្រទេសកាណាដា អឺរ៉ុប សហរដ្ឋអាមេរិក និងនៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ផងដែរ។
«ភាពក្លាហានត្រូវបានបំបែក» ឆ្លុះបញ្ចាំងពីដំណើរជីវិតដ៏វិសេសវិសាលរបស់អតីតកុមារទាហាននៃរបបខ្មែរក្រហមម្នាក់ ដែលជាអ្នកទោសសង្គ្រាម និងជាអ្នករស់រានមានជីវិតពីគ្រាប់មីន។ រឿងរ៉ាវជីវិតរបស់លោកបានផ្តល់ជាការពិចារណានិងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីការឈឺចាប់ (របួសផ្លូវចិត្ត) ភាពធន់រឹងមាំ ការព្យាបាល និងការផ្សះផ្សាជាតិ។
បន្ទាប់ពីការសម្ពោធនេះ យុទ្ធនាការនឹងនាំយកខ្សែភាពយន្តនេះ រួមជាមួយកិច្ចពិភាក្សាសម្របសម្រួល ទៅចាក់បញ្ចាំងនៅតាមសាលារៀន សាកលវិទ្យាល័យ និងសហគមន៍នានានៅទូទាំងប្រទេសកម្ពុជា។ តាមរយៈការចាក់បញ្ចាំងទាំងនេះ ទស្សនិកជនអាចអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាអំពីការកសាងសន្តិភាព សុខភាពផ្លូវចិត្ត ការស្តារឡើងវិញពីការឈឺចាប់ផ្លូវចិត្ត ភាពជាអ្នកដឹកនាំ និងសមត្ថភាពដ៏រឹងមាំរបស់មនុស្សក្នុងការសម្របខ្លួន និងព្យាបាលរបួសផ្លូវចិត្ត។
លោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា បានមានប្រសាសន៍ថា៖ «ភាពយន្តឯកសារ "ភាពក្លាហានត្រូវបានបំបែក" មិនត្រឹមតែជាខ្សែភាពយន្តដែលនិយាយអំពីផលវិបាកនៃជម្លោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភាពយន្តដែលបង្ហាញពីភាពធន់រឹងមាំ សេចក្តីថ្លៃថ្នូរ និងលទ្ធភាពនៃការផ្លាស់ប្តូរផងដែរ។ យើងមានកិត្តិយសណាស់ក្នុងការគាំទ្រយុទ្ធនាការមួយដែលលើកទឹកចិត្តដល់កិច្ចសន្ទនា ការសិក្សារៀនសូត្រ និងការយល់ចិត្តគ្នាទៅវិញទៅមកក្នុងចំណោមមនុស្សគ្រប់ជំនាន់»៕