ព្រះសហគមន៍នៅប៉ាគីស្ថានបើកការប្រកួតកីឡាគ្រីឃីតដើម្បីលើកកម្ពស់សាមគ្គីភាពនិងភាតរភាព
លោកអគ្គអភិបាល ខាលីត រ៉េហ្វមេត (Khalid Rehmat) នៃព្រះសហគមន៍នៅអគ្គភូមិភាគ ឡាហ័រ (Lahore) នៅខែឧសភា នេះបានប្រកាសបើកកម្មវិធីប្រកួតកីឡាគ្រីឃីត ហើយ បានប្រមូលផ្តុំកីឡាករ វ័យក្មេងឲ្យកសាងស្មារតីជាកីឡាដើម្បីបង្កើនសាមគ្គីភាព និង ភាតរភាព។
មុនពេលការប្រកួតចាប់ផ្តើម លោកបានជួបជាមួយកីឡាករនៅលើទីលាន និងបានថ្លែង លើកទឹកចិត្តដល់ក្រុមនីមួយៗឲ្យរក្សានិងគោរពឲ្យបាននូវសា្មរតីជាអ្នកកីឡា។
ការប្រកួតនេះមានគោលបំណងលើកកម្ពស់ការកម្សាន្តដែលមានសុខភាពល្អក្នុងចំណោមយុវជន និងលើកកម្ពស់សាមគ្គីភាពនៅក្នុងព្រះសហគមន៍ ហើយក្រុមនីមួយៗគឺត្រូវបានទទួលការគាំទ្រនិងការលើកទឹកចិត្តដោយលោកបូជាចារ្យ ដូនជី ក្រុមគ្រួសារ និងថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិកនីមួយៗនៅក្នុងអគ្គភូមិភាគ។
លោកអគ្គអភិបាលបានលើកឡើងថា គំនិតផ្តួចផ្តើមបែបនេះកំពុងតែរួមចំណែកដល់ការអភិវឌ្ឍព្រះសហគមន៍ផង និង ជាការពង្រឹងការចូលរួមនិងស្គាល់គ្នានៅក្នុងព្រះសហគមន៍នីមួយៗ។
លោកបានមានប្រសាសន៍ថា ការធ្វើការជាក្រុមនៅលើទីលាននាំឱ្យមានភាពសុខដុមរមនានៅក្នុងសហគមន៍ និងនៅក្នុងព្រះវិហារ ហើយក៏ជាកាលើកទឹកចិត្តយុវជនឱ្យបណ្តុះវិន័យ និងភាពធន់ នឹងភាពហត់នឿយនិងតស៊ូ។
លោកបានបន្ថែមថា កីឡាបង្រៀនយើងឱ្យឈ្នះដោយភាពរាបទាប និងចាញ់ដោយភាពថ្លៃថ្នូរ ដែលនោះហើយជាទិដ្ឋភាពដ៏សំខាន់នៃជីវិតដែលមានតុល្យភាព។
បងប្រុស សាហ្វាកេត (Shafaqat) ដែលជាកីឡាករម្នាក់ បាននិយាយថា ការប្រកួតនេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការកសាងទំនុកចិត្ត និងពង្រឹងមិត្តភាពនៅទូទាំងព្រះសហគមន៍កាតូលិក។
លោកបានមានលើកឡើងថា យើងត្រូវការថ្ងៃដូចនេះ ដែលយើងអាចរីករាយជាមួយធម្មជាតិ និងផ្តោតលើសុខភាព។
ដោយឡែកលោក គ្រីស្តូហ្វ័ ( Christopher) ដែលជាអ្នកទស្សនាម្នាក់ បានបញ្ជាក់ពីអត្ថប្រយោជន៍ខាងរាងកាយ និងផ្លូវចិត្តរបស់កីឡាករដោយបន្ថែមថា នៅក្នុងសម័យកាលដែលយើងជាប់រវល់នឹងអេក្រង់ទូរស័ព្ទ ព្រឹត្តិការណ៍បែបនេះជួយយើងភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ។
លោកបានបន្តថា ការចំណាយពេលមួយថ្ងៃជាមួយបព្វជិត យុវជន និងអ្នកកាន់សាសនាគឺជាបទពិសោធន៍ដ៏មានអត្ថន័យ៕