ព្រះសហគមន៍កាតូលិកបន្តយកចិត្តទុកដាក់លើបញ្ញាសិប្បនិម្មិត
ព្រះសហគមន៍កាតូលិកកំពុងពិចារណាយ៉ាងខ្លាំងអំពីបញ្ញាសិប្បនិម្មិតពាក់ព័ន្ធនឹង សីលធម៌ មនុស្សធម៌ និងអនាគតនៃការទំនាក់ទំនងរបស់មនុស្ស។
ពាក់ព័ន្ធនឹងបញ្ហានេះ វ៉ាទីកង់ញូវបានរាយការណ៍ថា គណកម្មការសារគមនាគមន៍ បានសហការជាមួយនឹងគណកម្មការវប្បធម៌និងអប់រំ និង មូលនិធី ហូហាន ២៣ គ្រោងនឹងរៀបចំនូវសន្និសីទអន្តរជាតិស្តីពីបញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យ Urbaniana អំពី “ការអភិរក្សសំឡេង និងមុខមាត់មនុស្ស” នៅថ្ងៃទី ២១ ខែឧសភា សប្តាហ៍នេះ។
ប្រភពដដែលបានបន្តថា ប្រធានបទ “ការអភិរក្សសំឡេង និងមុខមាត់មនុស្ស” គឺ ឆ្លុះបញ្ចាំងពីសាររបស់សម្តេចប៉ាបឡេអូទី១៤ ដែលទ្រង់បានរំលេចសម្រាប់ទិវាសារគមនាគមពិភពលោក ហើយទ្រង់ឲ្យតម្លៃដល់អំណោយនៃការទំនាក់ទំនង ថាជាការពិតដ៏ជ្រាលជ្រៅបំផុតរបស់មនុស្សជាតិ ដែលការច្នៃប្រឌិតបច្ចេកវិទ្យាទាំងអស់ក៏គួរតែត្រូវបានតម្រង់ទិស។
អ្នកដែលនឹងចូលរួមនៅក្នុងសន្និសីទនេះនឹងរួមមានឥស្សរជនមកពីស្ថាប័នសិក្សា តំណាងស្ថាប័ន អ្នកជំនាញបច្ចេកវិទ្យាខ្ពស់ និងអ្នកសារព័ត៌មានហើយប្រធានបទនៃការពិភាក្សាគឺផ្តោតលើ បញ្ញាសិប្បនិម្មិត និងផលប៉ះពាល់របស់វាទៅលើជីវិតរបស់បុគ្គល សហគមន៍ និងមនុស្សជាតិ៕