ពិធីសំណាក់ធម៌ "ការសន្ទនាក្នុងផ្លូវវិញ្ញាណ" ជាការអនុវត្តស៊ីណូដាល

ពិធីសំណាក់ធម៌​រយៈពេលមួយថ្ងៃដែលដឹកនាំដោយ កាឌីណាល់ លូវីស អន់តូញ៉ូ តាគ្លេ (Luis Antonio Tagle) សម្រាប់អ្នកចូលរួមនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅថ្ងៃទី ២២ ខែកក្កដា បានឈានហួសពីសន្និសីទវិញ្ញាណធម្មតា ទៅជាការអនុវត្តស៊ីណូដាលដ៏ពិសេសមួយ ដែលត្រូវបានគេស្គាល់ថាជា "ការសន្ទនាក្នុងព្រះវិញ្ញាណ" ដែលជាដំណើរការប្រកបដោយការអធិស្ឋាន ការស្ដាប់ ភាពស្ងប់ស្ងាត់ និងរិះគិតជ្រាលជ្រៅ។

កម្មវិធីរយៈពេលមួយម៉ោងកន្លះនេះ បានធ្វើឡើងនៅក្នុងបន្ទប់ Vanda នៃ Holy Mulia ទីក្រុងហ្សាការតាដោយបានធ្វើឡើងបន្តពីសន្និសីទរបស់លោកកាឌីណាល់ តាគ្លេ ដែលបានអញ្ជើញអ្នកចូលរួមឱ្យរំលឹកឡើងវិញអំពីការត្រាស់ហៅ​ឲ្យ​ក្លាយជា​ស្ពានបម្រើ​​សម្រាប់បេសកកម្ម និងភាព​ជា​ធ្លុងមួយ​។

ការសន្ទនាក្នុងផ្លូវវិញ្ញាណត្រូវបានសម្របសម្រួលដោយលោកស្រី បណ្ឌិត គ្រីស្ទីណា ខេង (Christina Kheng) សមាជិកនៃគណៈកម្មការ FABC សម្រាប់ស៊ីណូដាល ដោយលោកស្រីបានពិពណ៌នាអំពីដំណើរការនេះថាជា "ការអធិស្ឋានរួមគ្នា" ជាជាងការពិភាក្សា ឬការដេញដោល។

ចាប់តាំងពីចាប់ផ្តើម អ្នកចូលរួមបានចូលទៅក្នុងភាពស្ងប់ស្ងាត់។ លោកស្រី ខេង បានអញ្ជើញពួកគេឱ្យ «ដោះស្បែកជើង» ដូច​ លោក​ម៉ូសេ​កំពុង​ជួប​ជាមួយព្រះជាម្ចាស់​នៅ​គុម្ពបន្លាកំពុងឆេះ។ កាយវិការនេះជានិមិត្តរូបនៃការឈានជើងចូលទៅក្នុងដីវិសុទ្ធ ដោយទទួលស្គាល់វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងចំណោមអ្នកដទៃ និងនៅក្នុងបទពិសោធន៍របស់អ្នកចូលរួម។

លោកស្រីបានពន្យល់ថា ការសន្ទនាក្នុងព្រះវិញ្ញាណ គឺជាដំណើរកម្សាន្តរួមគ្នាដែលអ្នកចូលរួមមិនត្រូវមកជាមួយសេចក្តីសន្និដ្ឋានដែលកំណត់រួចជាស្រេចនោះទេ ប៉ុន្តែត្រូវបើកបេះដូងទទួលយកការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈការស្តាប់ ការអធិស្ឋាន និងការពិចារណា។

វគ្គនេះណែនាំ​ដោយ​ផ្ទាល់​ពី​កាឌីណាល់ តាគ្លេ ដោយសួរអ្នកចូលរួមឱ្យពិចារណាលើសំណួរពីរ៖ តើបញ្ហាប្រឈម និងឱកាសអ្វីខ្លះដែលពួកគេបានជួបប្រទះក្នុងការក្លាយជាស្ពាន? និងតើពួកគេសង្ឃឹមថានឹងរៀនអ្វីខ្លះពីព្រះយេស៊ូអំពីការធ្វើជាស្ពានសម្រាប់បេសកកម្ម និងសការីភាព?

ដំណើរការនេះបានប្រព្រឹត្តទៅជាបីជុំ។

នៅក្នុងជុំទីមួយ អ្នកចូលរួមម្នាក់ៗបានចែករំលែកផលផ្លែនៃការអធិស្ឋានផ្ទាល់ខ្លួន។ អ្នកដទៃទៀតបានស្តាប់ដោយយកចិត្តទុកដាក់ ដោយមិនមានការកាត់ចង្វាក់ ការផ្តល់មតិ ឬការឆ្លើយតបឡើយ។ ការផ្តោតសំខាន់គឺមិនមែនលើការលើកឡើងនូវអាម្មណ៍​នោះទេ ប៉ុន្តែគឺលើការសម្តែងចេញដោយស្មោះត្រង់នូវអ្វីដែលបានលេចឡើងនៅក្នុងការអធិស្ឋាន។

ការស្តាប់បានបង្កើតជាបេះដូងសម្រាប់​ការអនុវត្ត។ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យស្តាប់មិនត្រឹមតែពាក្យសម្តីរបស់ម្នាក់ទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តាប់នូវអារម្មណ៍ និងចលនាខាងវិញ្ញាណដែលនៅពីក្រោយពាក្យពេចន៍ទាំងនោះទៀតផង។ ទោះបីជានៅពេលដែលទស្សនៈខុសៗគ្នាបង្កើតឱ្យមានភាពតានតឹងក៏ដោយ ពួកគេត្រូវបានអញ្ជើញឱ្យទទួលយកទស្សនៈទាំងនោះដោយចិត្តទូលាយ មេត្តាករុណា ការចង់ដឹងចង់ឃើញ និងឆន្ទៈក្នុងការរៀនសូត្រ។

ការចែករំលែកនីមួយៗត្រូវបានអនុវត្តតាមដោយភាពស្ងប់ស្ងាត់។ ជំនួសឱ្យការឆ្លើយតបភ្លាមៗ អ្នកចូលរួមបានពិចារណាលើអ្វីដែលបានប៉ះពាល់បេះដូងរបស់ពួកគេ អ្វីដែលបានផ្តល់ការបំផុសគំនិត ឬបញ្ហាប្រឈមដល់ពួកគេ និងកម្រិតនៃការស្តាប់បានល្អរបស់ពួកគេ។

នៅក្នុងជុំទីពីរ អ្នកចូលរួមមិនបានលាតត្រដាង ឬពង្រីកគំនិតផ្ទាល់ខ្លួនរបស់ពួកគេឡើងវិញនោះទេ។ ផ្ទុយទៅវិញ ពួកគេបានចែករំលែកពីរបៀបដែលពួកគេទទួលបានការរំជួលចិត្តតាមរយៈការស្តាប់អ្នកដទៃ។ ការផ្តោតអារម្មណ៍បានផ្លាស់ប្តូរពីការបញ្ចេញមតិផ្ទាល់ខ្លួន ទៅជាការទទួលស្គាល់ពីរបៀបដែលព្រះវិញ្ញាណដ៏វិសុទ្ធកំពុងធ្វើការតាមរយៈបទពិសោធន៍របស់សហសេវិក។

រយៈពេលនៃការពិចារណាដោយស្ងៀមស្ងាត់បន្ថែមទៀត បានរៀបចំសម្រាប់ជុំទីបី និងជាជុំចុងក្រោយ ដែលក្នុងនោះអ្នកចូលរួមបានកំណត់អត្តសញ្ញាខ្លះៗ ដែលពួកគេជឿថា ព្រះវិញ្ញាណដ៏វិសុទ្ធកំពុងសម្តែងឱ្យឃើញនៅក្នុងក្រុម។ ពួកគេបានពិនិត្យមើលបទពិសោធន៍នេះជាមួយគ្នា និងបានរំលេចនូវការយល់ដឹងរួមដែលបានលេចឡើង។

វិធីសាស្ត្រនេះមានគោលបំណងបណ្តុះវប្បធម៌នៃការស្តាប់ដែលជាលក្ខណៈសម្គាល់នៃព្រះវិហារស៊ីណូដាល។ ជំនួសឱ្យការស្វែងរកការយល់ស្របគ្នា ការដេញដោល ឬការបោះឆ្នោតតាមភាគច្រើន អ្នកចូលរួមឈ្វេងយល់ពីព្រះហឫទ័យរបស់ព្រះជាមួយគ្នា តាមរយៈការអធិស្ឋាន ភាពស្ងប់ស្ងាត់ ការស្តាប់ដោយយកចិត្តទុកដាក់ និងការគោរពគ្នាទៅវិញទៅមក។

ដោយសារតែការដាក់ "ការសន្ទនាក្នុងព្រះវិញ្ញាណ" ភ្លាមៗបន្ទាប់ពីសំណាក់ធម៌នេះ គណៈកម្មការរៀបចំបានជួយឱ្យអ្នកចូលរួមអាចយកសារនៅពេលព្រឹកទៅអនុវត្តជាក់ស្តែង។ បន្ទាប់ពីបានពិចារណាលើការអំពាវនាវឱ្យក្លាយជាស្ពានសម្រាប់បេសកកម្ម និងភាព​ជា​ធ្លុង​មួយ លោកអភិបាល ក្រុមបូជាចារ្យ បព្វជិត​-ជិតា និងតំណាងគ្រហស្ថ បានយល់ដឹងថា ការស្តាប់គ្នាយ៉ាងជ្រាលជ្រៅក្នុងការអធិស្ឋាន បានបណ្តោយឱ្យព្រះវិញ្ញាណដ៏វិសុទ្ធដឹកនាំវិញ្ញាណរួមគ្នារបស់ពួកគេ និង​បន្ត​កិច្ច​ការសន្និបាត​ទៅ​ដោយ​រលូន៕

Daily Program

Livesteam thumbnail