អ៊ីរ៉ង់ ៖ “ភ្នំកាំបិត” គឺជាមណ្ឌលនុយក្លេអ៊ែរ ដែលបានលាក់នៅក្រោមដី ដែលលោក ដូណាល់ ត្រាំ គំរាមថានឹងវាយប្រហារ
ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ថា សហរដ្ឋអាម៉េរិក នឹងវាយប្រហារ “ក្នុងពេលឆាប់ៗនេះ” នៅតំបន់ “ភ្នំកាំបិត” ដែលស្ថិតនៅជិតមជ្ឈមណ្ឌលបំប្លែងអ៊ុយរ៉ានីយ៉ូម ណាតានហ្ស៍ ដែលបានទទួលរងការខូចខាតយ៉ាងខ្លាំង កាលពីការវាយប្រហារលើកមុននៅប្រទេសអ៊ីរ៉ង់។
កាលសប្តាហ៍មុន នៅថ្ងៃទី១៣ ខែកក្កដា មេដឹកនាំអាម៉េរិក បានគំរាមនឹងបំផ្លាញមជ្ឈមណ្ឌលនៅភ្នំកាំបិតនេះ។ នៅអំឡុងកិច្ចសម្ភាសន៍ជាមួយអ្នកវិភាគនយោបាយ ហ៊ូ ហេវីត លោកដូណាល់ ត្រាំ បានបញ្ជាក់ថា ៖ “យើងនឹងបំផ្លាញភ្នំកាំបិត។ និយាយនេះ ឲ្យជនជាតិអ៊ីរ៉ង់ត្រៀមខ្លួន។ យើងនឹងព្យាយាមវាយប្រហារនៅភ្នំកាំបិតនៅពេលលើកក្រោយ។”
មជ្ឈមណ្ឌលភ្នំកាបិតមិនមែនទីក្រុងវ៉ាស៊ីនតុនដាក់គោលដៅវាយប្រហារដោយចៃដន្យនោះទេ។ គូ អ៊ី កូឡាង ហ្គា ឡា ជាភាសាពែរ្ស៍ ដែលមានន័យថា ជាមជ្ឈមណ្ឌលមានការការពារដ៏រឹងមាំ ដែលជាជម្រកនៃរចនាសម្ព័ន្ធរូងក្រោមដីពីរ ដែលបានជីកទៅក្រោមលាក់យ៉ាងជ្រៅ។
សារព័ត៌មានរ៉យទ័រ បានធ្វើសេចក្តីលំអិតថា ភ្នំនេះស្ថិតនៅចម្ងាយ ២២០ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងតេអេរ៉ង់ ហើយមានចម្ងាយត្រឹមតែ ២គីឡូម៉ែត្រប៉ុណ្ណោះ ពីមជ្ឈមណ្ឌលរចនាសម្ព័ន្ធនុយក្លេអ៊ែរ ណាតាន់។ ភ្នំមានកំពូលកម្ពស់ប្រហែល ១៦០០ ម៉ែត្រ។ មជ្ឈមណ្ឌលនេះ ដែលជានិមិត្តរូបនៃកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់ និងមានរោងចក្របំប្លែងសារធាតុ អ៊ុយរ៉ានីយ៉ូម២ ត្រូវបានវាយប្រហារដោយការទម្លាក់គ្រាប់បែក ក្នុងសង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមធ្វើ នៅថ្ងៃទី២៨ ខែកុម្ភៈ និងនៅក្នុងសង្គ្រាមរយៈពេល១២ថ្ងៃ កាលពីឆ្នាំមុន។ ទីភ្នាក់ងារអន្តរជាតិនៃថាមពលអាតូមិក (AIEA) បានប្រកាសថា រោងចក្របំប្លែងតម្លើងកម្រិតសារធាតុអ៊ុយរ៉ានីញ៉ូម ស្ថិតនៅលើដី ត្រូវបានបំផ្លាញ។ ចំណែករោងចក្រនៅក្រោមដីប្រហែលជាត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
យោងតាមវិទ្យាស្ថានសម្រាប់វិទ្យាសាស្រ្ត និងសន្តិសុខអន្តរជាតិ (ISIS) ដែលមានក្រុមអ្នករិះគិតអាម៉េរិកផ្តោចលើការមិនសាយភាយអាវុធនុយក្លេអ៊ែរ និងបានផ្សព្វផ្សាយអត្ថបទមួយអំពីរចនាសម្ព័ន្ធមណ្ឌលនេះ បានឲ្យដឹងថា រចនាសម្ព័ន្ធរូងក្រោមដីដែលកំពុងសាងសង់ នៅភ្នំកាំបិតមិនត្រូវបានវាយប្រហារនៅក្នុងសង្គ្រាមទាំងពីរនោះឡើយ។ វិទ្យាស្ថានសម្រាប់វិទ្យាសាស្រ្ត និងសន្តិសុខអន្តរជាតិ (ISIS) ដែលបានធ្វើការវិភាគរូបភាពនានាកាលពីពេលថ្មីៗ ពីផ្កាយរណប និងដែលចុះកាលបរិច្ឆេទនៅថ្ងៃទី៩ ខែកក្កដា បានបង្ហាញថា វាមានផ្លូវច្រកចូល ២ជួរ ដែលនឹងនាំទៅកាន់មណ្ឌលរចនាសម្ព័ន្ធមួយ ដែលស្ថិតនៅជម្រៅយ៉ាងហោចណាស់ ១០០ ម៉ែត្រ ពីក្រោមភ្នំ។ ក្រុមអ្នករិះគិតបានរៀបរាប់បន្ថែមថា ភាពខុសគ្នានៃកម្ពស់ប្រហែល ៥០ ម៉ែត្រ រវាងច្រកចូលទាំងនេះ អាចបង្ហាញថា រចនាសម្ព័ន្ធមជ្ឈមណ្ឌលមានច្រើនជាន់ថ្នាក់ ។
កាលពីខែកញ្ញា ឆ្នាំ២០២០ ប្រធានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ សម័យនោះ លោកអាលី អាកបា សាឡឺហ៊ី បានប្រកាសថា អ៊ីរ៉ង់បានចាប់ផ្តើមសាងសង់ “សាលមួយដែលទំនើបជាង និងធំជាងមុន និងពេញលេញជាង នៅគ្រប់វិមាត្រ នៅចំកណ្តាលភ្នំ ជិតមណ្ឌលណាតាន់ សម្រាប់ផលិតម៉ាស៊ីនបំប្លែងសារធាតុ អ៊ុយរ៉ានីយ៉ូម កម្រិតខ្ពស់។
យោងតាមការវាយតម្លៃនៃវិទ្យាស្ថានសម្រាប់វិទ្យាសាស្រ្ត និងសន្តិសុខអន្តរជាតិ (ISIS) បានឲ្យដឹងថា វាក៏មានការលំបាកនឹងដឹងថាតើ អ៊ីរ៉ង់នៅតែមានគម្រោងតម្លើងរោងចក្រចម្រុះទ្រង់ទ្រាយធំទូលាយ ឬអត់ ពីព្រោះកម្មវិធីម៉ាស៊ីនបំប្លែងអ៊ុយរ៉ានីយ៉ូមរបស់ខ្លួនត្រូវបានបំផ្លាញរួចហើយ ហើយជាពិសេស ក៏រួមបញ្ចូលទាំងសមត្ថភាពក្នុងការផលិតគ្រឿងបន្លាស់ដែលចាំបាច់សម្រាប់ប្រើប្រាស់ក្នុងរោងចក្របែបនេះផង”។