ប្រាសាទព្រះវិហារប្រារព្ធខួប ១៨ឆ្នាំជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO ចំពេលកំពុងស្តារឡើងវិញពីការបំផ្លិចបំផ្លាញក្នុងឆ្នាំ២០២៥

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦) ក្រោមប្រធានបទ «ការអភិរក្ស ការបំផ្លិចបំផ្លាញ និងការស្តារឡើងវិញ» នៅសារមន្ទីរធម្មជាតិសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីអ្នកចូលរួមប្រមាណ ៥០០នាក់ រួមមាន លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ, លោក Flavio Bonetti ប្រធានអង្គការ UNESCO ប្រចាំកម្ពុជា, តំណាងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear), កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងសហគមន៍មូលដ្ឋាន។

អង្គពិធីទាំងមូលបានរំឮកឡើងវិញនូវតម្លៃលេចធ្លោជាសកលរបស់ប្រាសាទ និងបានអបអរសាទរចំពោះសមិទ្ធផលនៃការអភិរក្សក្នុងរយៈពេល ១៨ឆ្នាំកន្លងមកនេះ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយដៃគូអន្តរជាតិ។

ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះក៏បានរំលែកទុក្ខ និងរំឮកដោយក្តីសង្វេគចំពោះការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០២៥ ដែលបានលុបបំបាត់ទាំងស្រុងនូវការងារស្តារឡើងវិញនាពេលកន្លងមក ដោយបង្កការខូចខាតដល់ទីតាំងចំនួន ៥៦២កន្លែងនៅក្នុងបរិវេណប្រាសាទ ព្រមទាំងបានបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ ១៦,០០០នាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង និងបានបំផ្លាញផ្ទះ, សាលារៀន, មណ្ឌលសុខភាព, វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ។

លោកអភិបាលខេត្ត គីម រិទ្ធី បានរាយការណ៍អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតជម្រកសុវត្ថិភាព និងការផ្តល់សេវាចាំបាច់នានា រួមទាំងការផ្តល់លំនៅឋានរយៈពេលវែងសម្រាប់ប្រជាពលរដ្ឋភៀសខ្លួន ដែលរហូតមកទល់ពេលនេះ នៅតែមិនទាន់អាចត្រឡប់ទៅកាន់ភូមិកររបស់ពួកគេវិញបាននៅឡើយ។

ជាមួយគ្នានេះ អាជ្ញាធរជាតិបានគូសបញ្ជាក់អំពីផែនការសកម្មភាពបន្ទាន់ ស្របតាមអនុសាសន៍របស់អង្គការ UNESCO និង ICC-Preah Vihear រួមមាន៖ ការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ; ការទប់ទ្រេតបន្ទាន់ដើម្បីការពារកុំឱ្យមានការបាក់ស្រុតបន្ថែម; ការប្រមូលបំណែកថ្មសម្រាប់យកមកស្តារឡើងវិញ; ការធ្វើឯកសារបច្ចេកវិទ្យា 3D ពេញលេញ; និងការស្តារប្រព័ន្ធទឹកបុរាណឡើងវិញ។ ថវិកាគាំទ្រសកម្មភាពទាំងនេះ ទទួលបានពីរាជរដ្ឋាភិបាល, អង្គការ UNESCO, អង្គការ ALIPH និងគណៈប្រតិភូអចិន្ត្រៃយ៍របស់ប្រទេសបារាំងប្រចាំអង្គការ UNESCO។

ការងារអាទិភាពខាងមុខ រួមមាន ការបន្តស្តារប្រាសាទឡើងវិញ, ការដាំដើមឈើឡើងវិញ និងការស្តារប្រព័ន្ធអេកូឡូស៊ី, ការជំរុញវិស័យទេសចរណ៍ឡើងវិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ព្រមទាំងការអំពាវនាវឱ្យមានសាមគ្គីភាពជាតិ ក្នុងការការពារបេតិកភណ្ឌដូនតាមួយនេះ។

លោកស្រី ភឿង សកុណា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងទ្រព្យសម្បត្តិវប្បធម៌ ក្រោមច្បាប់អន្តរជាតិ និងបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូជាតិ និងអន្តរជាតិទាំងអស់ ដើម្បីធានាថាប្រាសាទនេះនឹងស្ថិតស្ថេរគង់វង្សសម្រាប់ជំនាន់ក្រោយៗទៀត។ លោកជំរំទាវក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNESCO និងសប្បុរសជនដទៃទៀត សម្រាប់ការគាំទ្រជាបន្ទាន់នាពេលនេះ។

អង្គពិធីទាំងមូលបានសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ និងជូនចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងយុទ្ធជន យុទ្ធនារី ទាំងអស់ ដែលបានការពារទឹកដី និងបេតិកភណ្ឌវប្បធម៌របស់ជាតិ។

ពិធីនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងក្តីមនសិការជាតិដ៏ជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ និងការលះបង់ចំពោះកេរដំណែលវប្បធម៌របស់កម្ពុជា៕

 

Daily Program

Livesteam thumbnail