ប្រទេសចិននិយាយថា បានសាកល្បងបាញ់មីស៊ីលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក និងបង្កការព្រួយបារម្ភ
កាលពីថ្ងៃទី៦ ខែកក្កដា ប្រទេសចិនបានប្រាប់ឲ្យដឹងថា បានសាកល្បងធ្វើការបាញ់មីស៊ីលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិកដោយមិនមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទេ។ នេះគឺជាការបង្ហាញដ៏កម្រនូវសមត្ថភាពយោធារបស់ចិននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិកខាង ត្បូងដែលជាតំបន់យុទ្ធសាស្រ្ត ដែលសហរដ្ឋអាម៉េរិក អូស្រ្តាលី និងនូវែល ហ្ស៉េឡង់ ដែល ជាប្រពៃណីគឺជាមហាអំណាចក្នុងតំបន់ ដែលពួកគេទទួលយកដោយមិនប្រាកដក្នុងចិត្តចំពោះការកើនឥទ្ធិពលរបស់ទីក្រុងប៉េកាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យនៃកងទ័ពជើងទឹកចិន បានអធិប្បាយថា ៖ “នាវាមុជទឹកយុទ្ធសាស្ត្រមួយ ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងអាចបាញ់មីស៊ីល បានធ្វើប្រតិបត្តិការដោយជោគជ័យ នៅថ្ងៃទី៦ ខែកក្កដា ដោយបាញ់មីស៊ីលយុទ្ធសាស្ត្រមួយ ដែលមានក្បាលក្លែងសម្រាប់ហ្វឹកហាត់ ទៅកាន់ដែនទឹកអន្តរជាតិនៃមហាសមុទ្រប៉ាស៊ីហ្វិក។”ដោយមិនបានផ្តល់នូវការលំអិតបន្ថែមអំពីទីតាំងពិតប្រាកដ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ៖ “មីស៊ីលនេះបានធ្លាក់ចំគោលដៅនៅក្នុងតំបន់ដែនទឹកដែលត្រូវបានកំណត់ជាមុន”។
កងទ័ពជើងទឹកចិនបញ្ជាក់ថា ៖ “ការជូនដំណឹងជាមុនត្រូវបានផ្ញើទៅកាន់ប្រទេសដែលពាក់ព័ន្ធ ស្របតាមច្បាប់ និងការអនុវត្តជាអន្តរជាតិ។”
ចិនបានពង្រឹងសមត្ថភាពយោធារបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច និងទម្ងន់នៃឥទ្ធិពលការទូតរបស់ខ្លួន។
យោងតាមការវាយតម្លៃនៅឆ្នាំ២០២៥ ពីវិទ្យាស្ថានអន្តរជាតិនៃការសិក្សាស្រាវជ្រាវអំពីសន្តិភាពស្តុកហូម (Sipri) ស៊ីប្រ៊ី បានឲ្យដឹងថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរ ៦០០ គ្រាប់ ឬមាន ១០០ លើសពីឆ្នាំ២០២៤។
លោកហ្ស៊ូស្ទីន ត្កាចេនកូ ប្រមុខការទូតនៃប្រទេស ប៉ាពួ នូវែល ហ្គីណេ បានថ្លែងថា ប្រទេសចិន បានជូនដំណឹងដល់លោក។ លោកបានទទួលការហៅទូរសព្ទពីឯកអគ្គរដ្ឋទូតចិនផ្ទាល់។ ប្រភពមួយពីរដ្ឋាភិបាលនូវែល ហ្ស៉េឡង់ ក៏បានបញ្ជាក់ផងដែរថា ចិនបានជូនដំណឹងពួកគេអំពីការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប ដែលនឹងកើតមានឡើងឆាប់ៗនេះ។ ប្រទេសនូវែល ហ្ស៉េឡង់ បានមានប្រតិកម្មយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីការប្រកាសផ្លូវការរបស់ចិន។ នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្រ្តីការបរទេសនូវែល ហ្ស៉េឡង់ លោកវីនស្តុន ភីធើ បានថ្លែងថា ៖ “ប៉ាស៊ីហ្វ៊ីកគឺជាសមុទ្រសន្តិភាព ហើយយើងមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការសាកល្បងដោយប្រទេសចិននូវមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិកខាងត្បូង។”
យោងតាមសេចក្តីប្រកាសរួមនៃក្រសួងជាច្រើនរបស់ជប៉ុន ដែលបានផ្សព្វផ្សាយមុនការបាញ់ បានឲ្យដឹងថា ភាគីជប៉ុនបានលើកទឹកចិត្តឲ្យចិនពិចារណាឡើងវិញអំពីការបាញ់សាកល្បងមីស៊ីល ដើម្បីឲ្យវាមិនក្លាយជាការគំរាមកំហែង។
ចំពោះអូស្ត្រាលី ពួកគេបានចាត់ទុកការបាញ់នេះថា “ជាការបង្កអស្ថិរភាពសម្រាប់តំបន់”។ ការលើកឡើងនេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអូស្ត្រាលី និងកោះហ្វីជី បានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាដ៏សំខាន់មួយ។
ក្រោយមក ទីក្រុងវ៉ាស៊ីនតុន បានសម្តែងនូវការព្រួយបារម្ភដ៏ជ្រាលជ្រៅ។ នាយកដ្ឋានរដ្ឋអាម៉េរិក បានសរសេរថា ៖ “នៅក្នុងយុគសម័យដែលសហរដ្ឋអាម៉េរិកធ្វើការកាន់តែលំបាកដើម្បីរាំងស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ប្រទេសចិនបែរជាធ្វើផ្ទុយពីនេះ។ ការបង្កើនអាវុធនុយក្លេអ៊ែរ របស់ប៉េកាំងយ៉ាងលឿន និងមិនបង្ហាញច្បាស់ គឺធ្វើឲ្យមានការព្រួយបារម្ភច្រើន សម្រាប់តំបន់ និងសម្រាប់ពិភពលោក។