ប្រឈមមុខនឹងការលំបាកខាងភូមិសាស្រ្តនយោបាយ សហភាពអឺរ៉ុបចង់បង្កើត អង្គភាពចារកម្មផ្ទាល់ខ្លួន

សហភាពអឺរ៉ុបបានដាក់ជាមូលដ្ឋាននៃអង្គភាពដែលសំដៅសម្រាប់ចារកម្ម ដោយធ្វើឲ្យមាន​ការ​​មិនសប្បាយចិត្ត។

សង្រ្គាមដែលដឹកនាំដោយរុស្ស៊ីនៅអ៊ុយក្រែន ការមិនតាំង​ចិត្តមុតមាំរបស់សហរដ្ឋអាម៉េរិក និង​ការគំរាមកំហែងខាងភេរវកម្ម... ស្ថានភាពលំបាក​ជាច្រើន​ដែលដាក់ទម្ងន់លើទ្វីបចាស់អឺរ៉ុប​បាន​រុញច្រាន​ឲ្យធ្វើការពង្រឹងសន្តិសុខរបស់ខ្លួន។

ដោយយល់ឃើញបែបនេះ សហភាពអឺរ៉ុបបានដាក់ចេញនូវមូលដ្ឋានសម្រាប់អង្គភាពចារកម្ម​ដែល​ស្ថិតនៅក្រោមបញ្ជា​របស់ប្រធានសហភាពអឺរ៉ុប លោកស្រី អៀស៊ូឡា វ៉ន ឌើ ឡេយ៉េន។

យោងតាមព័ត៌មានពីគេហទំព័រ ហ្វាយណាន់ស្យល ថែមស៍ (Financial Times) ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានឲ្យដឹងតាមរបស់អ្នកនាំពាក្យពីររូប​ពី​គណៈ​កម្មការ​អឺរ៉ុបថា សហភាពអឺរ៉ុបសិក្សាអំពីការបង្កើតអង្គភាពប្រមូលព័ត៌មានចារកម្ម​នៅក្នុង​អគ្គ​លេខាធិការ​ដ្ឋាន​នៃសេវាកម្មកណ្តាលនៃសហភាពអឺរ៉ុប។ គណៈកម្មការអឺរ៉ុប ទទួលស្គាល់ថា តួនាទីរបស់អង្គភាពនេះគឺផ្គុំព័ត៌មានដែលប្រមូលបានពីរដ្ឋជាសមាជិក។ គំនិតគឺស្ថិតនៅក្នុង​ដំណាក់​ការបឋមនៅឡើយទេ។”

សហភាពអឺរ៉ុបបានអះអាងអំពីភាពត្រឹមត្រូវនៃផែនការរបស់ខ្លួនតាមរយៈស្ថានភាពលំបាក​ខាង​ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចដែលក្នុងនោះសហភាពអឺរ៉ុបបានប្រឈមមុខ ដោយ​មិន​បាន​ផ្តល់សេចក្តីលំអិតទេ។ អ្នកនាំពាក្យម្នាក់នៃសហភាពអឺរ៉ុប រំឭកថា ៖ “ពិភពលោក​​ប្រែប្រួល ហើយ យើងត្រូវយកចិត្តទុកដាក់អំពីរឿងនេះនៅក្នុងចិត្តជានិច្ច”។

ក្នុងការអនុវត្តជាក់ស្តែងអង្គភាពតូចនេះនឹងត្រូវបំពេញ និងធ្វើការសម្របសម្រួល​ការងារ​នៃ​រចនាសម្ព័ន្ធជាច្រើនដែលមានស្រាប់។ ជាដំបូង វានឹងនាំមកនូវការគាំទ្របេសកកម្មនៃទិសដៅ​សន្តិសុខនៃគណៈកម្មការអឺរ៉ុប ដែលតាមដានសន្តិសុខលើអគារនានា បុគ្គលិកធ្វើការ និង​បណ្តាញ​ព័ត៌មានវិទ្យាអ៊ីនធឺណិតនៃសហភាពអឺរ៉ុប។

ជាពិសេសអង្គភាពចារកម្ម​ថ្មីនឹងត្រូវ​ធ្វើការ​ដោយសហការជិតស្និទ្ធជាមួយសេវាកម្មអឺរ៉ុប​សម្រាប់​​សកម្មភាព​ខាងក្រៅ​ហៅកាត់ (SEAE)។ អង្គភាព​នេះជាអ្នកចាត់ចែងទំនាក់ទំនង​ការ​ទូត​នៃ​សហភាព​អឺរ៉ុប និងដឹកនាំនយោបាយ​សន្តិសុខ​នៃទីក្រុងប៊្រុចសែល។ នេះគឺជាចំណុច​ដែល​បង្ក​ឲ្យមាន​ការ​ខឹងសម្បារសម្រាប់អ្នកការទូត​អឺរ៉ុប​ជាច្រើន។  យោងតាមគេហទំព័រព័ត៌មាន ហ្វាយណាន់ស្យល ថែមស៍ (Financial Times) ដដែល បានឲ្យដឹងថា បុគ្គលិក​ខ្លះនៃ SEAE វាយ​តម្លៃ​ថា ការបង្កើតអង្គភាពនៅក្នុងគណៈកម្មការអឺរ៉ុប​នឹងធ្វើឲ្យជាន់គ្នាការងារ​របស់ពួកគេ ជួនកាល​គំរាម​កំហែងការងារផង។ ​

ជាពិសេស នៅខាងក្រោយឆាក មន្រ្តីអឺរ៉ុប​ភ័យថា គម្រោងនេះបង្ហាញឲ្យឃើញនូវ​ការប្រយុទ្ធ​ដើម្បី​អំណាចផ្ទៃក្នុង មានជាអាទិ៍ រវាងប្រធាននៃគណៈកម្មការអឺរ៉ុប លោកស្រី អៀស៊ូឡា វ៉ន ឌើ ឡេយ៉េន និងប្រមុខការទូតអឺរ៉ុប លោកស្រី កាចា កាលឡាស ដែលជាប្រមុខ SEAE។

ទីភ្នាក់ងារសារព័ត៌មានអាឡឺម៉ង់ (Dpa) រាយការណ៍ថា សម្រាប់គណៈកម្មការអឺរុប វាគ្រាន់តែ​ជាការពង្រឹងមធ្យោបាយរ​បស់សហភាពអឺរ៉ុបនៅក្នុងវិស័យចារកម្ម និងសន្តិសុខ។ ក្រៅពីនេះ ការ​ប្រមូលព័ត៌មានស្ថិតនៅលើការផ្លាស់ប្តូរចំណេះដឹង ហើយគណៈកម្មការអឺរ៉ុបក៏មានព័ត៌​មាន​​មានសារប្រយោជន៍ជាច្រើន។ ទាំងនេះគឺជាអំណះអំណាងនៃការបង្កើតអង្គភាពថ្មី។

គេហទំព័រព័ត៌មាន ហ្វាយណាន់ស្យល ថែមស៍ (Financial Times) បង្ហាញថា យ៉ាងណា គម្រោងការអាចនឹងត្រូវជួប​ការប្រឆាំងពីរដ្ឋសមាជិកដែលព័ត៌មានរបស់ពួកគេគួរតែត្រូវរក្សា​ទុក​សម្ងាត់​ជាពិសេស។

 

Daily Program

Livesteam thumbnail