បេក្ខជន៦២នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅចំការទៀង
បេក្ខជនចំនួន៦២នាក់បានទទួលអគ្គសញ្ញាលាបថ្ងាស ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានការចូលរួមពីលោកបូជាចារ្យជាច្រើនអង្គ និងគ្រីស្តបរិស័ទជាច្រើនកុះករមកពីមណ្ឌលសកម្មភាពតំបន់តាកែវ ដែលមាន៨ព្រះសហគមន៍។
កម្មវិធីនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ នៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ស្ថិតនៅក្នុងភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទនិងបេក្ខជនទាំងអស់ដែលបានចូលរួម លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា «យើងមកជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីទូលអង្វរព្រះជាម្ចាស់ ឲ្យប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់បេក្ខជនជាង៦០នាក់នេះ។»
លោកបន្តថា ការទទួលព្រះវិញ្ញាណដ៍វិសុទ្ធជាពេលវេលាមួយដ៏ពិសេស នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ គឺជាពេលវេលាដែលយើងបានទទួលពន្លឺពីព្រះជាម្ចាស់នៅក្នុងរបៀបប្លែក។ លោកអភិបាលបានពន្យល់ថា មុនព្រះយេស៊ូឡើងឋានបរមសុខ ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមគ្រីស្តទូត ដោយសន្យាចាត់ព្រះដែលការពារ គឺព្រះដែលណែនាំឱ្យជីវិតរបស់យើងទៅមុខតទៅទៀតនោះគឺព្រះវិញ្ញាណដ៏វិសុទ្ធ។ ហើយនៅថ្ងៃទី៥០ «គេលែងភ័យហើយ នៅពេលហ្នឹងគេចេញពីបន្ទប់ យើងឃើញលោកសិលាឈរនៅមុខគេទាំងអស់ គ្នាច្រើនណាស់ ហើយលោកសិលាប្រកាសថា ពិតមែន ព្រះយេស៊ូបានសោយទិវង្គត ប៉ុន្តែព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។»
លោកអភិបាលបានបញ្ជាក់ទៀតថា ព្រះសហគមន៍បានកើតឡើង ដោយសារព្រះវិញ្ញាណដ៍វិសុទ្ធណែនាំ ឱ្យយើងរួមរូមគ្នាជាគ្រួសារតែមួយ និងព្រះវិញ្ញាណដ៍វិសុទ្ធណែនាំ ឱ្យយើងមានសេចក្ដីក្លាហាន ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់ដែលយើងមានដល់អ្នកដទៃ ដើម្បីបង្ហាញអំពីអំណរសប្បាយដែលយើងមាននៅក្នុងព្រះយេស៊ូគ្រីស្ត ដែលជាជីវិត ដែលជាផ្លូវ ដែលជាសេចក្ដីពិត។
លោកអភិបាលបានរំលឹកដល់គ្រីស្តបរិស័ទថា ក្នុងនាមជាគ្រីស្តបរិស័ទយើងត្រូវសាបព្រោះបន្តជំនឿ ដោយយកចិត្តទុកដាក់អធិដ្ឋានដោយដឹងថា «ព្រះយេស៊ូជាទីពឹងថ្មីរបស់យើង ព្រះយេស៊ូជាជីវិតថ្មីរបស់យើង ព្រះយេស៊ូជាផ្លូវដែលណែនាំឱ្យយើងទៅមុខនៅក្នុងជីវិត ដើម្បីឆ្លងគ្រប់កាលៈទេសៈ។»
ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឲ្យយើង ក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈ «ជាកម្លាំងមួយដ៏ពិសេស ដើម្បីឱ្យព្រះសហគមន៍មានជីវិតរីកចម្រើន។» លោកអភិបាលក៏លើកឡើងអំពី សន្តអ៊ីរ៉ាណេធ្លាប់និយាយគឺថា «សិរីរុងរឿងរបស់ព្រះជាម្ចាស់ គឺមនុស្សយើងដែលមានជីវិត ជីវិតដ៏ពេញលេញលក្ខណៈ»។
ក្នុងពេលនោះដែរ លោកអភិបាលបានឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្រឡាញ់ អធិដ្ឋាន លើកលែងទោស មានចិត្តអាណិតមេត្តាដល់បងប្អូនឯទៀតៗ ជួយបងប្អូនឯទៀតៗ ដោបញ្ជាក់ថា នេះជាអ្វីដែល «យើងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយណែនាំ ឱ្យបងប្អូនឯទៀតៗមើលឃើញ ព្រះជាម្ចាស់ផ្ទាល់» ដើម្បីបន្តធ្វើដំណើរ ដើម្បីបន្តកសាងព្រះសហគមន៍ នៅលើទឹកដីកម្ពុជានៅក្នុងមណ្ឌលសកម្មភាពតាកែវ ដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាសញ្ញាសម្គាល់ដ៏ជាក់ស្ដែង អំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។
លោកបូជាចារ្យ ឆាលស៍ ឡិឈិប៉ាន បូជាចារ្យទទួលខុសត្រូវនៅមណ្ឌលសកម្មភាពតាកែវ បាននិយាយថា ថ្ងៃនេះលោកមានចិត្តសប្បាយរីករាយ ដែលមានបងប្អូន៦២នាក់ មកពី៨ព្រះសហគមន៍ដែលបានទទួលពិធីជ្រមុជទឹកហើយ កាលពីឆ្នាំមុនៗ មកទទួលអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះ។
លោកបូជាចារ្យបន្ថែមថា សម្រាប់បេក្ខជនទាំង៦២នេះ យើងនឹងបន្តណែនាំគេ តាមព្រះសហគមន៍នីមួយៗ តាមរយៈគ្រូអប់រំជំនឿ ដើម្បីបន្តដឹកនាំនិងជួយពួកគេបន្ថែមតាមរយៈការអប់រំជំនឿតាមព្រះសហគមន៍នីមួយៗ។
លោកបូជាចារ្យបានអរគុណលោកអភិបាលដែលបានមកដើម្បីណែនាំឲ្យពួកគេបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈពិធីអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះ។ លោកបញ្ជាក់ថា «យើងនឹងនៅបន្តជាមួយពួកគេនិងបន្តថែរក្សាពួកគេ»។
អ្នកស្រី ម៉ារី ស៊ុន ស៊្រូ ជាអាជីវករលក់ដូរនៅផ្សារក្នុងទីរួមខេត្តតាកែវ បានឲ្យដឹងថាគាតមានអារម្មណ៍ថាសប្បាយរីករាយ ដែលបានទទួលព្រះពរពីព្រះជាម្ចាស់តាមរយៈអគ្គសញ្ញាលាបថ្ងាសនេះ។
អ្នកស្រីស៊្រូ បន្តថា «ខ្ញុំនឹងប្រកាសដំណឹងល្អជាបន្តទៀតទៅដល់បងប្អូនឯទៀត តាមរយៈអ្នកដែលធ្លាប់ស្គាល់។» នៅតំបន់ដែលអ្នកស្រីរស់នៅ ប្រជាជនមួយចំនួនហាក់មិនសូវបានស្គាល់និងយល់ដឹងអំពីព្រះសហគមន៍កាតូលិកនៅឡើយ ដោយអ្នកស្រីបានបន្ថែមថា «ទៅខាងនោះ បើលឺថា ព្រះយេស៊ូ គេដូចថាមានការរអាក់រអួលក្នុងចិត្ត ហើយនេះខ្ញុំនឹងប្រកាសដំណឹងល្អអំពីព្រះយេស៊ូនៅព្រះវិហារគ្រួសារដ៏វិសុទ្ធប្រាប់ដល់ពួកគាត់ ឲ្យពួកគាត់បានស្គាល់និងយល់ដឹង។»
អ្នកស្រីបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០២៥ គាត់ស្គាល់ព្រះសហគមន៍គឺតាមរយៈគ្រីស្តបរិស័ទម្នាក់ដែលតែងតែចេញចូលក្នុងផ្ទះរបស់គាត់ ហើយគាត់ចេះតែសួរនាំនិងមានការចាប់អារម្មណ៍។ អ្នកស្រីបន្ថែមថា «គាត់មិនដែលបង្ខំខ្ញុំ(ឲ្យចូលសាសនា)ទេ តែនេះប្រហែលជាព្រះជាម្ចាស់ប្រទានពរឲ្យ»។
យុវ័នភឹម សុភ័ណ្ឌ អាយុ១៨ឆ្នាំ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកនៅឆ្នាំ២០២៣ ឲ្យដឹងថា ជំនឿបានជួយដល់ផ្លូវចិត្តនិងផ្លូវវិញ្ញាណរបស់គាត់ «ពេលមានទុក្ខ ឬឧបសគ្គអ្វីមួយ យើងអធិដ្ឋាន ហើយសុំសេចក្តីសុខពីព្រះយេស៊ូ»។ ក្រោយពីលាបថ្ងាសហើយ «ខ្ញុំនឹងផ្សព្វផ្សាយអំពីដំណឹងល្អ ឲ្យអ្នកដទៃស្គាល់អំពីព្រះ។»
រីឯយុវតី ពេជ្ជ តារា អាយុ២១ឆ្នាំ បច្ចុប្បន្នកំពុងសិក្សាភាសាកូរ៉េនៅទីក្រុងភ្នំពេញ បាននិយាយថា ពេលនៅតូចនាងចង់ក្លាយជាគ្រីស្តបរិស័ទដូចគេដែរ តាំងពីពេលដែលឃើញគេទទួលព្រះកាយ ចូលរួមកម្មវិធីនានា ហើយពេលនេះ ខ្ញុំក្លាយជាគ្រីស្តបរិស័ទមានអារម្មណ៍ថាសប្បាយចិត្ត។ តារាបានបន្ថែមថា គាត់នឹងប្រកាសអំពីព្រះយេស៊ូតាមរយៈការរស់នៅរបស់គាត់ និងប្រកាសទៅដល់មិត្តភក្តិដែលមានចម្ងល់អំពីព្រះជាម្ចាស់។
តារាបញ្ជាក់ថា «យើងមិនអាចអូសទាញមិត្តភក្តិឲ្យចូលក្នុងសាសនាយើងបានទេ ប៉ុន្តែបើសិនគាត់ឆ្ងល់ គាត់ចង់ដឹង គាត់ចង់ស្គាល់ អាចណែនាំពន្យល់គាត់ ហើយបើគាត់ចង់ស្គាល់ព្រះវិហារយើងអាចគាត់មកព្រះវិហារបាន។»
ដោយ កែវ កញ្ញា