បទពិសោធន៍នៅមន្ទីរពេទ្យបង្រៀនអំពីមេត្តាករុណា និងភាពជាមនុស្ស

អ្នកសារព័ត៌មានឯករាជ្យ និងជាអ្នកអប់រំ លោក គ្រីស្តូហ្វ័ ខូ (Christopher Khoo) បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយលើកឡើងថា បរិយាកាសនៅទីនោះបានជួយឱ្យលោកយល់កាន់តែស៊ីជម្រៅអំពីភាពផុយស្រួយនៃជីវិតរបស់មនុស្ស និងសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។

ក្នុងអត្ថបទមួយ លោកបានរៀបរាប់ថា ការចូលសម្រាកព្យាបាលដោយសារបញ្ហាឈឺទ្រូង និងខ្សោយអវយវៈក្នុងរយៈពេលពីរឆ្នាំកន្លងមក បានធ្វើឱ្យលោកដឹងថា មិនថាមនុស្សមានឋានៈ ឬសមិទ្ធផលអ្វីក្នុងជីវិតក៏ដោយ ទីបំផុតមនុស្សគ្រប់រូបសុទ្ធតែជាមនុស្សដែលងាយរងគ្រោះដូចគ្នា។

លោកបានលើកឧទាហរណ៍អំពីអ្នកជំងឺម្នាក់ដែលមានតម្រូវការពិសេស និងអ្នកជំងឺវ័យចំណាស់ម្នាក់ទៀតដែលទំនងជាមានជំងឺវង្វេងស្មារតី។ ក្នុងស្ថានភាពលំបាកទាំងនោះ លោកបានសង្កេតឃើញការខិតខំប្រឹងប្រែង និងការអត់ធ្មត់របស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ក្នុងការថែទាំ និងលួងលោមអ្នកជំងឺ។

តាមការបញ្ជាក់របស់លោក បទពិសោធន៍ទាំងនេះបានបង្ហាញឱ្យឃើញពីទុក្ខលំបាកដែលមនុស្សជាច្រើនកំពុងប្រឈម និងបានជំរុញឱ្យមានការយល់ចិត្ត និងមេត្តាករុណាចំពោះអ្នកដទៃកាន់តែខ្លាំង។

លោកក៏បានកត់សម្គាល់ផងដែរថា នៅក្នុងមន្ទីរពេទ្យ អ្នកជំងឺជាច្រើនតែងបង្កើតនូវអារម្មណ៍សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក ព្រោះពួកគេទាំងអស់សុទ្ធតែកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងសង្ឃឹមដូចគ្នាចំពោះការជាសះស្បើយ។

ជាចុងក្រោយ លោក បានសន្និដ្ឋានថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនមែនជាបទពិសោធន៍ដែលមនុស្សចង់ជួបប្រទះនោះទេ ប៉ុន្តែវាអាចជាការរំឭកឱ្យមនុស្សយល់ពីដែនកំណត់របស់ខ្លួន តម្លៃនៃសហគមន៍ និងសារៈសំខាន់នៃជំនឿ និងការគាំទ្រពីអ្នកនៅជុំវិញខ្លួន៕

Daily Program

Livesteam thumbnail