បញ្ញវន្តកាតូលិកបួនប្រទេសជជែកគ្នាអំពីសាសនា ប្រព័ន្ធផ្សព្វផ្សាយនិងវប្បធម៌នៅឥណ្ឌូនេស៊ី
សិក្ខាសាលាអន្តរជាតិមួយត្រូវបានរៀបឡើងនៅក្នុងទីក្រុងផ្លរ៉េស (Flores) ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ដោយកម្មវត្ថុនៃការពិភាក្សាគឺសាសនា ប្រព័ន្ធផ្សព្វផ្សាយ និង វប្បធម៌នៅអាស៊ីអាគ្នេយ៍។
សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីសម្រាប់សាសនា និងទំនាក់ទំនងសង្គមនៃសាកលវិទ្យាល័យសន្តយ៉ូហាន ដោយចាប់ផ្តើមនៅថ្ងៃទី ១៩ ហើយបាន បញ្ចប់នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
អ្នកដែលចូលរួមនោះ គឺជាបញ្ញវន្តកាតូលិក អ្នកសិក្សា និងអ្នកស្រាវជ្រាវមកពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ថៃនិងអូស្ត្រាលី។
សិក្ខាសាលានេះមានគោលបំណងឈ្វេងយល់និងរិះគិតអំពីរបៀបដែលសាសនា ប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌មានអន្តរកម្មនៅក្នុងតំបន់ដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរសង្គមទៅឌីជីថលយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងបរិបទសាសនា និងវប្បធម៌ចម្រុះបំផុតមួយរបស់ពិភពលោក។
លោក សាស្ត្រាចារ្យបណ្ឌិត អូតូ ហ្គោស្ទី ឌេហ្គុង ម៉ាដង (Otto Gusti Ndegong Madung) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសន្តយ៉ូហានបានសង្កត់ធ្ងន់ថា សាសនានាសម័យឌីជីថលត្រូវតែយល់ថាជាវិស័យមួយដែលបង្កើតឡើងដោយអំណាច សីលធម៌ និងការទទួលខុសត្រូវ។
លោកបានមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលមិនមែនជាអព្យាក្រឹតទេ។ វាជាឆាកនយោបាយ និងសីលធម៌មួយដែលអត្តសញ្ញាណសាសនា បទដ្ឋានសីលធម៌ និងភាពជាពលរដ្ឋត្រូវបានចរចាឥតឈប់ឈរ៕