នាយករដ្ឋមន្ត្រី ណែនាំឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅវិមានឈ្នះ-ឈ្នះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងណែនាំឱ្យលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ណឹម សវុត្ថិ ឱ្យចារឹកទិដ្ឋភាពនៃការតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ នៅឆ្នាំ២០២៥ នៅវិមានឈ្នះ-ឈ្នះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ល្ងាចមិញខ្ញុំជជែកជាមួយឯកឧត្តម ទៀ សីហា ឯកឧត្តម ណឹម សុវត្តិ ដែលទទួលខុសត្រូវក្នុងការដឹកនាំ សុំឲ្យរៀបចំឆ្លាក់នូវព្រឹត្តិការណ៍នៃសង្គ្រាមការពារអធិបតេយ្យជាតិនៅឆ្នាំ២០២៥នេះផង ដាក់នៅលើនឹង (វិមានឈ្នះ-ឈ្នះ) ដើម្បីទុកជាព្រឹត្តិការណ៍ប្រវត្តិសាសរបស់យើង អញ្ចឹងយើងនឹងរៀបចំមួយទៀត»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចឱ្យឆ្លាក់ទិដ្ឋភាព៣ យកគំរូ ពីគំនូសដែលប្រជាពលរដ្ឋស្ម័គ្រចិត្ត គូសគំនុូរ នៅសៀមរាប និងនៅផ្លូវថ្មើជើង វ៉កស្ទ្រីត ដោយឱ្យឆ្លាក់ទិដ្ឋភាព៣ មាន (១) ទិដ្ឋភាពនៃការឈឺឆាប់ នៃសង្គ្រាមឈ្លានពាន ជនភៀសសឹកផ្សេងៗ ការស្លាប់ របួស កងទ័ព និងប្រជាជនស៊ីវិល (២) ឆ្លាក់បង្ហាញអំពីវីរភាពអង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថ ដែលបានចូលរួមនៅក្នុងការការពារបូរណភាពទឹកដី (៣) រូបភាពនៃចលនាមហាគ្រួសារខ្មែរ ប្រជាពលរដ្ឋទូទាំងពិភពលោកមិនមែនប្រជាពលរដ្ឋខ្មែរតែនៅក្នុងប្រទេសនោះទេ គ្រប់និន្នាការនយោបាយ គ្រប់សាសនា ដែលបានចូលរួមគាំទ្រទៅដល់វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថរបស់យើងដែលបានការពារទឹកដី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទិដ្ឋភាព ៣នេះ ត្រូវដាក់នៅក្នុងប្រវត្តិសាស្ត្រ ហើយយើងធ្វើរូបភាពគំនូរ និងរក្សារូបគំនូរនោះឱ្យបានល្អ ដើម្បីថែរក្សា ហើយអ្វីដែលសំខាន់គឺឆ្លាក់វានៅលើវិមានឈ្នះ-ឈ្នះ តែម្ដង ដើម្បីទុកជាគេដំណែររាប់រយឆ្នាំតទៅទៀតជាប្រវត្តិសាសរបស់យើង៕