តើហេតុអ្វីបានជាគេចាត់ទុកសម្តេចប៉ាបហ្រ្វង់ស៊ីស្កូថាជាបព្វជិតដ៏សមញ្ញមួយរូប?

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថា ទ្រង់គឺជាបព្វជិតដែលមានភាពសមញ្ញបំផុត។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ចាប់តាំងពីពេលដែលទ្រង់ធ្វើជាអគ្គអភិបាលនៃព្រះសហគមន៍នៅទីក្រុង ប៊ូណូស អ៊ែរ៉េស (Buenos Aires) សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ត្រូវបានគេស្គាល់រួចទៅហើយសម្រាប់ភាពសមញ្ញរបស់ទ្រង់។
ប្រភពដដែលបានបន្តថា ទ្រង់តែងតែរក្សាភាពស្និទ្ធស្នាលជាមួយជនក្រីក្រ និងរស់នៅតាមបែបបទដែលប្រហាក់ប្រហែលនឹងមនុស្សធម្មតា ទោះជាពេលដែលទ្រង់ក្លាយជាសម្តេចប៉ាប។
នៅពេលដែលទ្រង់ក្លាយជាសម្តេចប៉ាប ទ្រង់សម្រេចចិត្តរៀបចំនិវេសនដ្ឋាននៅវិមានកាសា សន្តីម៉ាថា ជំនួសឲ្យវិមានដ៏ស្កឹមស្កៃនៅបុរីវ៉ាទីកង់។ ទីនោះគឺជាកន្លែង ដែលទ្រង់ស្នាក់តាំងពីទ្រង់យាងមកចូលរួមដំណើរការជ្រើសរើសសម្តេចប៉ាបជំនួសសម្តេចប៉ាបបេណេឌិកទី១៦។
នៅក្នុងពេលដឹកនាំសន្តអាសនៈ ទ្រង់តែងតែយាងទៅសាកសួរសុខទុក្ខអ្នកជំងឺ នៅតាមមន្ទីរពេទ្យ ហើយមិនតែប៉ុណ្ណោះ ទ្រង់គឺប្រើប្រាស់ចិញ្ចៀនដែលធ្វើពីដែកនិងប្រាក់ ហើយទ្រង់ក៏មិនដែលពាក់នូវគ្រឿងសក្ការៈដែលមានតម្លៃរបៀបជារតនៈវត្ថុឡើយ។
តាំងពីដើមមកនៅពេលដែលទ្រង់មានកម្លាំងកំហែងរឹងមាំ ទ្រង់តែងតែយាងទៅណាមកណាជាមួយនឹងវ៉ាលីខ្មៅដោយខ្លួនឯង ដែលគេដឹងថា ទ្រង់បានប្រើប្រាស់តាំងពីជាអគ្គអភិបាលនៅអហ្សង់ទីន។ ក្រៅពីនោះទ្រង់ក៏តែងតែទទួលទាននិងរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងអ្នកក្រីក្រនិង យាងសួរសុខទុក្ខអ្នកទោសជាញឹកញាប់៕
Daily Program
