តើគ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ាចង់បានអ្វីពីសម្តេចប៉ាបថ្មី?

នៅពេលដែលក្រុមប្រឹក្សាឌីណាល់បានកំពុងតែរៀបចំដើម្បីដំណើរបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី ទីភ្នាក់ងារព័ត៌មានកាតូលិក បានសាកសួរគ្រីស្តបរិស័ទមួយចំនួនដើម្បីចង់ដឹងថា តើពួកគេកំពុងចង់បានអ្វីពីសម្តេចប៉ាបថ្មី។
និស្សិតទេវវិទ្យាល័យជនជាតិលីបង់ម្នាក់ឈ្មោះ ជេកសុន អេល អាខូរី (Jason El Akoury) បានអះអាងថា លោកកំពុងអធិស្ឋានសុំអោយសម្តេចប៉ាបថ្មីនឹងក្លាយជាតំណាងនៃព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ត ដែលជាអ្នកដែលមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់និងប្រជារាស្រ្តរបស់ទ្រង់ដ៏ស្មោះស្ម័គ្រ។
ដោយឡែក សាវិន សូរ៉ាន យូសេហ្វ (Saveen Soran Youssef) ជាគ្រីស្តបរិស័ទអ៊ីរ៉ាក់វ័យ ២៧ ឆ្នាំ បាននិយាយថា គ្រីស្តសាសនិកអ៊ីរ៉ាក់ចង់បានសម្តេចប៉ាបដែលនឹងមិនបំភ្លេចព្រះវិហារដែលកំពុងរងទុក្ខ នៅក្នុងពេលសព្វថ្ងៃនេះ។
សមាជិកក្រុមចម្រៀងនៅព្រះវិហារសន្តយ៉ូសែប និងជាអតីតពិធីការិនីនៅវិទ្យុមួយ បាននិយាយថា នាងមិនខ្វល់ថាសម្តេចប៉ាបថ្មីជានរណានោះទេ សំខាន់គឺ ទ្រង់ជាមនុស្សត្រឹមត្រូវហើយនាងមានជំនឿថា ព្រះវិញ្ញាណដ៏វិសុទ្ធ នឹងជ្រើសរើសអ្នកគង្វាលដែលសមរម្យ និងស្មោះត្រង់បំផុតសម្រាប់យើងទាំងអស់គ្នា។
លោកបូជាចារ្យ អេនតូនូ រ៉ាអាហ្វាត អាប៊ូ អាល ណា (Antonius Raafat Abou Al-Nasr) ដែលជាបូជាចារ្យមួយរូបនៅទីក្រុងដាម៉ាស នៅក្នុងប្រទេសស៊ីរី បាននិយាយថា វិបត្តិស៊ីរីគឺជាបញ្ហាធ្ងន់ធ្ងរបំផុតមួយដែលមជ្ឈិមបូព៌ាបានប្រឈមមុខក្នុងសម័យទំនើបនេះ យើងសង្ឃឹមថា ព្រះសហគមន៍កាតូលិកតំណាងដោយបុរីវ៉ាទីកង់នឹងបន្តបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រជាជនស៊ីរី ជាពិសេសគ្រីស្តបរិស័ទដែលរស់នៅក្រោមទម្ងន់នៃសង្រ្គាម និងការបំផ្លិចបំផ្លាញ។
អ្នកវិភាគនៅភាគខាងកើតនៅទីក្រុងហ្គាហ្សា ខាលីប សាយេស (Khalil Sayegh)បានលើកឡើងថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានកំណត់គំរូដ៏មានឥទ្ធិពលមួយ ហើយទ្រង់បានបង្ហាញយើងពីអ្វីដែលទ្រង់ខិតខំ នៅពេលដែលប្រជារាស្រ្ត របស់ទ្រង់កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ៕
Daily Program
