ជាង៣ខែនេះ គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្ស ៤៧២នាក់ស្លាប់ កើនឡើងជាងត្រីមាសទី១ឆ្នាំ២០២៥
ក្នុងរយៈពេល៣ខែនឹង១០ថ្ងៃដើមឆ្នាំនេះ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៧១០ករណី បណ្តាលឱ្យមនុស្សស្លាប់៤៧២នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ស្រាលរហូតដល់១.១១៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរង បានឱ្យដឹងថា មូលហេតុនាំឱ្យកើតមានសោកនាដកម្មលើដងផ្លូវទាំងនេះ បណ្តាលបើកបរលើសល្បឿនចំនួន៤៦% មិនគោរពសិទ្ធិអាទិភាព២១% មិនប្រកាន់ស្ដាំ១២% បើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៨% បត់មិនប្រយ័ត្ន៦% ស្រវឹង៤% មិនគោរពសញ្ញាចរាចរណ៍២%។ល។ លោកបញ្ជាក់ថា រាជធានីភ្នំពេញមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ចំនួន២៣៣លើក ខេត្តកណ្ដាល៥១លើក ព្រះសីហនុ៤៩លើក កំពង់ស្ពឺ៣១លើក និងខេត្តបន្ទាយមានជ័យ៣០លើក។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ លោក ទូច សុឃៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទ្វេដង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។
គួរបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០២៥កន្លងទៅ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់៕