ច្រកសមុទ្រអ័រមូស ប្រតិបត្តិការសេរីភាព ត្រូវបានផ្អាក ការប្រែប្រួលចិត្តសាជាថ្មីរបស់លោកដូណាល់ ត្រាំ
ជាការប្រែចិត្តភ្លាមៗ ម្តងទៀត ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៥ ខែឧសភា ថា លោកនឹងផ្អាកប្រតិបត្តិការយោធាថ្មី ដែលសំដៅបើករបៀងធ្វើនាវាចរណ៍នៅច្រកសមុទ្រអ័រមូសសម្រាប់នាវាពាណិជ្ជកម្ម។ សេចក្តីប្រកាសរបស់លោក ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានកើតមានឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តី ការបរទេសអាម៉េរិក លោកម៉ាកកូ រូប៊ីយ៉ូ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានបញ្ចប់ប្រតិបត្តិការប្រយុទ្ធ ប្រឆាំងនឹងអីរ៉ង់។
មានតែនាវាពាណិជ្ជកម្មចំនួន ៣ ប៉ុណ្ណោះ បានជោគជ័យក្នុងការឆ្លងកាត់ច្រកសមុទ្រ ចាប់តាំងពីការធ្វើប្រតិបត្តិការយោធារបស់អាម៉េរិកនេះ ដែលដាក់ឈ្មោះថា ប្រតិបត្តិការសេរីភាព។
បើយោងតាមលោកដូណាល់ ត្រាំ ការផ្អាកនេះកើតមានឡើងបន្ទាប់ពីមានការស្នើសុំរបស់ប្រទេសប៉ាគីស្ថាន និងប្រទេសដទៃៗ ទៀត សូមឲ្យផ្អាកបណ្តោះអាសន្ននូវប្រតិបត្តិការយោធាអាម៉េរិក ដែលរួមមានការប្រើប្រាស់នាវាចម្បាំងដើម្បីធានាសន្តិសុខដល់ច្រកឆ្លងកាត់។ លោកបានបញ្ជាក់ថា ការផ្អាកនេះនឹងមានក្នុងអំឡុងមួយរយៈពេលខ្លីដើម្បីមើលថា តើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់អាចត្រូវបានធ្វើឲ្យសម្រេច និងចុះហត្ថលេខាដែរឬទេ? និយាយម្យ៉ាងទៀត ប្រសិនបើកងម៉ារីនអាម៉េរិកនឹងបន្តទប់ស្កាត់នាវាទាំងឡាយចេញ ឬចូលទៅកំពង់ផែអ៊ីរ៉ង់ ប្រតិបត្តិការយោធាខាងផ្លូវអាកាស និងនាវា ដែលសំដៅរៀបចំសន្តិសុខច្រកសមុទ្រសម្រាប់នាវាចរណ៍ពាណិជ្ជកម្ម នឹងត្រូវបានព្យូរទុកសិន។
នៅក្នុងអំឡុងពេលនេះ រដ្ឋបាលអាម៉េរិកបានការពារប្រសិទ្ធភាពនឹងប្រតិបត្តិការយោធាថ្មី និងព្យាយាមបញ្ចុះបញ្ចូលអ្នកកាសែតថា ប្រតិបត្តិការសេរីភាព នឹងហុចលទ្ធផលល្អ។ រឿងនេះ គឺថា ទោះបីជាមានការបាញ់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងនឹងនាវាអាម៉េរិក ចាប់តាំងពីថ្ងៃដំបូងនៃប្រតិបត្តិការ តែអាម៉េរិកបានបំផ្លាញយ៉ាងហោចណាស់ ទូកល្បឿនលឿនរបស់អ៊ីរ៉ង់ ៦គ្រឿង ជាការសងសឹក។
រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លោកផេតេ ហេសេត បានរៀបរាប់នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា បេសកកម្មរបស់អាមេរិកក្នុងការការពារនាវាពាណិជ្ជកម្មនៅច្រកសមុទ្រអ័រមូស ដែលលោកបានហៅថា ជា “អំណោយផ្ទាល់” ពីទីក្រុងវ៉ាស៊ីនតុន ទៅកាន់ប្រទេសផ្សេងៗ ត្រូវបានគ្រោងឲ្យមានតែបណ្តោះអាសន្ន បន្ទាប់មកប្រទេសផ្សេងៗត្រូវទទួលខុសត្រូវបន្តទៀត។ លោកក៏បន្តអះអាងលើការណ៍ដែលបទឈប់បាញ់ដែលផុយស្រួយជាមួយអ៊ីរ៉ង់ នៅតែប្រកាន់ភ្ជាប់ជានិច្ច ទោះបីជាមានការវាយប្រហារដែលសំដៅនាវា។ នៅក្បែរលោកដែរ ឧត្តមសេនីយ៍ដាន ខេន បានរៀបរាប់ថា មាននាវិកជាង ២២៥០០នាក់ ដែលបានរាយប៉ាយលើនាវាពាណិជ្ជកម្មជាង ១៥៥០ គ្រឿង កំពុងរង់ចាំឆ្លងកាត់ច្រកសមុទ្រអ័រមូស ហើយលោកបញ្ជាក់ថា បញ្ជាការកណ្តាលបានបង្កើត “តំបន់សុវត្ថិភាពដែលត្រូវបានពង្រឹងរឹងម៉ាំ” នៅផ្នែកខាងត្បូង ក្រោមការការពាររបស់កងកម្លាំងយោធាអាមេរិក។
បើតាមការបញ្ជាក់របស់លោកខេន ចាប់តាំងពីការប្រកាសឈប់បាញ់ អ៊ីរ៉ង់បានបាញ់លើនាវាពាណិជ្ជកម្ម ៩ដង ចាប់យកនាវាបាន ២គ្រឿង ហើយបានធ្វើការវាយប្រហារជាង ១០ដង លើកងកម្លាំងយោធាអាមេរិក។ ទោះជាយ៉ាងណា លោកបានបន្ថែមថា “អ្វីៗទាំងនេះនៅតែស្ថិតក្រោមកម្រិតនៃប្រតិបត្តិការប្រយុទ្ធធំៗ ទេ នៅដំណាក់កាលនេះ”។
មន្ត្រីជាន់ខ្ពស់ទាំងពីរបានបង្ហាញមតិរបស់ខ្លួន បន្ទាប់ពីការផុតកំណត់ខាងផ្លូវច្បាប់មួយ ដែលបង្ខំឲ្យសេតវិមានត្រូវសុំការអនុញ្ញាតពីសភាអាម៉េរិក ដើម្បីបន្តការវាយប្រហារនៅលើអ៊ីរ៉ង់ បើលើសពីរយៈពេល៦០ថ្ងៃ។
លោកផេតេ ហេសេត បានអះអាងថា ការបង្ខំរបស់ច្បាប់នេះ មិនអាចអនុវត្តបានទេ ដោយសារតែមានបទឈប់បាញ់។ មតិនេះក៏ត្រូវបានលោកម៉ាកកូ រូប៊ីយ៉ូ រដ្ឋមន្រ្តីការបរទេសអាម៉េរិក គាំទ្រផងដែរ ប៉ុន្តែវាត្រូវបានគណបក្សប្រជាធិបតេយ្យប្រឆាំង។