ក្រុមការងារព្រះសហគមន៍ស្រីលង្កាបង្ហាញអំពីវិធីកសាងស្ពានផ្សារភ្ជាប់ជីវិតអ្នកញៀនគ្រឿងញៀន និងសង្គម

ការិយាល័យកិច្ចការផ្សះផ្សារ និងស្តារនីតិសម្បទានៅពន្ធនាគាររបស់ក្រុមដូនជីមួយនៅក្នុងប្រទេសស្រីលង្កា បានចែករំលែកនូវកិច្ចការខ្លះៗទាក់ទងនឹងវិធីសាស្ត្រដែលក្រុមការងារបាននិងកំពុងតែកសាងស្ពានក្នុងការផ្សារភ្ជាប់ជីវិតអ្នកញៀនគ្រឿងញៀន និងសង្គម។

នេះគឺជាការចែករំលែករបស់ដូនជី មូរ៉េន ភេរីស (Sr. Maureen Peiris) សមាជិកក្រុមដូនជី Sisters of the Cross of Chavanod នៅក្នុងប្រទេសស្រីលង្កា ជាសក្ខីភាពជាក់ស្តែងមួយចំពោះប្រធានបទដែលនឹងត្រូវលើកឡើង និងពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១២ នៃសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC) នៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ដូនជីបានមានប្រសាសន៍ថា ជាទូទៅក្រុមការងារដូនជីតែងតែធ្វើកិច្ចការនេះនៅក្នុងពន្ធនាគារ Dumbara ក្នុងទីក្រុងខេនឌី (Kandy) ភាគកណ្តាលនៃប្រទេសស្រីលង្កា។

ដូនជីបានបន្តថា កិច្ចការដែលក្រុមដូនជីស្ម័គ្រចិត្តធ្វើនោះ គឺព្យាយាមអប់រំ និងប្រកាសដំណឹងល្អដល់បងប្អូនដែលកំពុងតែមានពិរុទ្ធភាព ពីព្រោះតែបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន។

ដូនជីបានបន្តទៀតថា កិច្ចការជារៀងរាល់ថ្ងៃគឺដឹកនាំអ្នកទាំងនោះអធិស្ឋានជាមួយ និងចំណាយពេលស្តាប់រឿងរ៉ាវរបស់ពួកគេ ហើយកិច្ចការនោះត្រូវបានដូនជីរៀបរាប់ថា វាជាពេលវេលាដ៏ពិសិដ្ឋនៃការកសាងស្ពានជាមួយពួកគេ។

ដូនជីបានបន្តថា ស្ត្រីជាច្រើនបាននិយាយអំពីទំនាក់ទំនងដែលបែកបាក់ របួសផ្លូវចិត្ត ជម្លោះគ្រួសារ ភាពឯកោ សម្ពាធពីមិត្តភក្តិ និងជម្រើសមិនល្អដែលនាំពួកគេធ្លាក់ខ្លួនជាអ្នកញៀនគ្រឿងញៀន។

ដូនជីបានបន្តថា ក្រោយការខិតខំ មានស្ត្រីដែលញៀនគ្រឿងញៀនជាច្រើនស្ម័គ្រចិត្តកែប្រែចិត្តគំនិត ប៉ុន្តែការស្ម័គ្រចិត្តរបស់ពួកគេគឺពិតជាមិនអាចពឹងផ្អែកលើការប្តេជ្ញាចិត្តផ្ទាល់ខ្លួនតែម្នាក់ឯងបានឡើយ ពោលគឺវាទាមទារឱ្យសហគមន៍មានឆន្ទៈក្នុងការអមដំណើរពួកគេក្នុងដំណើរឆ្ពោះទៅរកការព្យាបាល។

បងស្រីក៏បានបន្តទៀតថា ក្រុមការងារបាននិងកំពុងបន្តខិតខំធ្វើកិច្ចការនេះ ដើម្បីធ្វើយ៉ាងណាធានាឱ្យក្រុមស្ត្រីដែលរងគ្រោះព្រោះគ្រឿងញៀនពិតជាអាចកសាងខ្លួនឡើងវិញ ស្តារនីតិសម្បទា និងធ្វើសមាហរណកម្មជាមួយនឹងសង្គមឡើងវិញ។

Daily Program

Livesteam thumbnail