ក្រសួងអប់រំ ហាមឃាត់ការប្រើប្រាស់ ចែកចាយ ជួញដូរ និងផ្សាយពាណិជ្ជកម្ម បារីអេឡិចត្រូនិច និងផលិតផល អេចជ៍ ធី ភី នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ ហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផល អេចជ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ ការហាមឃាត់ការប្រើប្រាស់ ចែកចាយ ជួញដូរ និងផ្សាយពាណិជ្ជកម្ម បារីអេឡិចត្រូនិច និងផលិតផល អេចជ៍ ធី ភី នេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ បង្ការ និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ព្រមទាំងរក្សាសណ្តាប់ធ្នាប់សង្គម និងការពារសុខភាពសាធារណៈ ជាពិសេស សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ។

ក្រសួងអប់រំ បានណែនាំអង្គភាពក្រោមឱវាទ សហការជាមួយអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់មុខសញ្ញា និងទីតាំងចែកចាយ ឬ ជួញដូរ បារីអេឡិចត្រូនិច និងផលិតផល អេចជ៍ ធី ភី ហើយរាយការណ៍ជូនអាជ្ញាធរ ដើម្បីទប់ស្កាត់បានទាន់ពេលវេលា និងអនុវត្តវិធានការតាមច្បាប់ជាធរមាន៕

 

Daily Program

Livesteam thumbnail