ក្រសួងអប់រំ ពិចារណាដាក់ AI ក្នុងកម្មវិធីសិក្សារបស់សាលា

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា រួមសហការជាមួយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កំពុងណែនាំបញ្ញាសិប្បនិមិត្ត (Artificial Intelligence) ទៅក្នុងកម្មវិធីសិក្សារបស់សាលា ដើម្បីរៀបចំប្រទេសកម្ពុជា សម្រាប់យុគសម័យឌីជីថល។

ការណែនាំថ្មីមួយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនៅថ្ងៃច័ន្ទ រវាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង​ លោក Benjamin Chiang ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរ និងពិភាក្សាបទពិសោធគ្នាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងសក្ដានុពលរបស់វាសម្រាប់ការអភិវឌ្ឍវិស័យអប់រំ និងសេដ្ឋកិច្ចសង្គមជាតិ ហើយក៏ជាឱកាសណែនាំវាគ្មិនសំខាន់ គឺលោក Oscar Garcia ដែលជាអ្នកជំនាញផ្នែក AI ដ៏ល្បីល្បាញមកពី Silicon Valley សហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកក្នុងការដាក់បញ្ចូល AI សម្រាប់កម្មវិធីសិក្សាឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស និងការបង្រៀនបែបឌីជីថល។

ក្នុងឱកាសនេះ លោក ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងពីសកម្មភាពថ្មីៗ របស់ស្ថានទូតអាមេរិកពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេស ការរៀបចំពិព័រណ៍ជំនាញ​សិក្សា ​និងការងារឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលឃើញថា មានសិស្សនិស្សិតកម្ពុជាជាច្រើនចាប់អារម្មណ៍លើការសិក្សានៅសហរដ្ឋអាមេរិក ទន្ទឹមនឹងនេះ លោក បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ ផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយយកឱកាសនេះដែរ ដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធ កាលានុវត្តភាព ការប្រឈម និងទស្សនៈវិស័យក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់AI នៅក្នុងវិស័យអប់រំ។

មានប្រសាសន៍ក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អប្រសើររបស់ស្ថានទូតសហរដ្ឋអាមេរិកក្នុងកិច្ចសហប្រតិបត្តិការនានាក្នុងពេលខាងមុខ ព្រមទាំងបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានមើលឃើញ និងទទួលស្គាល់ទាំងសក្តានុពល និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា AI ក្នុងការកែទម្រង់វិស័យអប់រំ និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។ AI អាចមានសមត្ថភាពយ៉ាងសំខាន់ក្នុងការបង្កើតកម្មវិធីសិក្សាផ្ទាល់ខ្លួន (Personalized Learning) សម្រាប់សិស្សម្នាក់ៗ ជួយគ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងផ្តល់លទ្ធភាពឱ្យសិស្សានុសិស្សទទួលបានធនធានចំណេះដឹងថ្មីៗទាន់សម័យពីជុំវិញពិភពលោក ប៉ុន្តែក្រសួងក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការធានាឱ្យមានការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ហានិភ័យនៃការបាត់បង់ជំនាញគិតពិចារណាស៊ីជម្រៅរបស់សិស្ស ឬសមត្ថភាពក្នុងការសរសេរជាដើម។ ក្រសួងបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ដោយការបណ្តុះបណ្តាលគ្រូបង្រៀនជំនាន់ថ្មីឱ្យយល់ច្បាស់អំពី AI និងបង្កើតក្រុមការងារជំនាញដើម្បីផ្តល់ការគាំទ្រដល់គ្រូបង្រៀនជាដើម។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលកន្លងមក ក៏ដូចជាការចែករំលែកបទពិសោធ ចំណេះដឹងដ៏មានសារៈសំខាន់ពីសំណាក់លោក Oscar Garcia ដោយបានបញ្ជាក់ថា ជំនួបនេះ គឺជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រលើបច្ចេកវិទ្យា AI ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត និងជាគន្លឹះដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពអប់រំ និងធនធានមនុស្សសម្រាប់យុគសម័យឌីជីថល៕

Daily Program

Livesteam thumbnail