កិច្ចព្រមព្រៀងជិតដល់ច្រាំង ៖ អ៊ីរ៉ង់ និងអាម៉េរិកត្រូវតែថយម្នាក់មួយជំហាន
ការទូតនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងឈានដល់ចំណុចជម្លោះនៃការបកស្រាយដ៏ស្រួចស្រាល់បំផុត។ កាលពីថ្ងៃពុធ ទី៥ ខែសីហា សញ្ញានៃក្ដីសង្ឃឹមបានលេចឡើង នៅខណៈដែលទីក្រុងតេអេរ៉ង់បានប្រកាសថា ពង្រាងកិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់ជុំវិញការបើកច្រកសមុទ្រអ័រមូស (Strait of Hormuz) បានឈានដល់ដំណាក់កាលចុងក្រោយហើយ។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក៏បានបង្ហើបថា កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយអាចនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងសប្តាហ៍នេះ។
ប្រសិនបើការចរចានេះជោគជ័យ វាផ្លាស់ប្តូរស្ថានការណ៍ភ្លាមៗដោយការបើកផ្លូវទឹកដ៏សំខាន់ឡើងវិញ ដែលជាអាយុជីវិតនៃសេដ្ឋកិច្ចពិភពលោក កាត់បន្ថយសម្ពាធអតិផរណា លើតម្លៃប្រេង និងទំនិញប្រើប្រាស់ជាសកល និងបង្កើតច្រកចេញការទូត ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមដ៏ស្រួចស្រាល់នេះ។
សង្គ្រាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល មានគោលដៅធំៗពីរ គឺ ការផ្តួលរំលំរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ និងការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណា គោលដៅទាំងនេះនៅតែមិនទាន់សម្រេចបាននៅឡើយ ខណៈដែលសមរភូមិបានរីកសាយភាយមកដល់ច្រកសមុទ្រអ័រមូស។ លើសពីនេះ ការអះអាងសិទ្ធិគ្រប់គ្រង និងការវាយប្រហារលើនាវាដឹកជញ្ជូនពីសំណាក់អ៊ីរ៉ង់ បានធ្វើឱ្យចរាចរណ៍ជើងទឹកនៅច្រកសមុទ្រនេះត្រូវគាំងស្ទើរតែទាំងស្រុង។ រីឯការបិទច្រកទ្វារសេដ្ឋកិច្ចដែលមាន ១/៥ នៃពាណិជ្ជកម្មប្រេង និងឧស្ម័នពិភពលោក ឆ្លងកាត់នេះ បានបង្កជាក្ដីរញ្ជួយដល់សេដ្ឋកិច្ចសកល និងធ្វើឱ្យតម្លៃប្រេងហក់ឡើងយ៉ាងគំហុក។
សម្ពាធនេះបានធ្លាក់មកលើលោក ដូណាល់ ត្រាំ ដោយផ្ទាល់ ខណៈដែលប្រជាជនអាម៉េរិកកាន់តែច្រើនឡើងបានបង្ហាញការមិនពេញចិត្ត និងទាមទារឱ្យបញ្ចប់ "សង្គ្រាមដ៏គ្មានប្រជាប្រិយភាព" មួយនេះ មុនពេលការបោះឆ្នោតសភាអាម៉េរិកនឹងចូលមកដល់។
លោកអេស្មាអ៊ីល បាហ្គៃ (Esmaeil Baghaei) អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមរវាងអ៊ីរ៉ង់ និងអូម៉ង់នឹងត្រូវចេញផ្សាយ ប្រសិនបើគ្មាន "ភាគីទីបី" ណាមួយមករាំងស្ទះ ដែលនេះជាការផ្ញើសារឌឺដងតម្រង់ទៅរកសហរដ្ឋអាម៉េរិក។
ប្រភពព័ត៌មានពីររូបក្នុងតំបន់បានប្រាប់សារព័ត៌មានឌឹ អេភី (The Associated Press) ថា នៅពេលមានកិច្ចព្រមព្រៀង ការអនុម័តចុងក្រោយ នឹងរង់ចាំការយល់ព្រមពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា ម៉ូជតាបា ខាម៉ឺណៃ (Ayatollah Mojtaba Khamenei) ដែលត្រូវបានគេជឿថា រងរបួសតាំងពីដើមសង្គ្រាម និងមិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយ។
យន្តការប្រតិបត្តិការនៃកិច្ចព្រមព្រៀង បញ្ជាក់ថា កប៉ាល់ពាណិជ្ជកម្មនឹងចូលទៅក្នុងឈូងសមុទ្រតាមផ្លូវទឹកដែលអ៊ីរ៉ង់គ្រប់គ្រង និងចេញមកវិញតាមផ្លូវទឹកដែល អូម៉ង់គ្រប់គ្រង ដោយមានការប្រមូលកម្រៃសេវាសម្រាប់ការពារសន្តិសុខ និងបរិស្ថានសមុទ្រ។ កិច្ចព្រមព្រៀងធ្វើឲ្យបើកផ្លូវចរចានុយក្លេអ៊ែរ។ នេះគឺជាដំណោះស្រាយបណ្តោះអាសន្នផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងខែមិថុនា ដែលធ្លាក់បរាជ័យ។ វានឹងក្លាយជាស្ពានឱ្យអាម៉េរិក និងអ៊ីរ៉ង់ ត្រឡប់មកតុចរចាលើកម្មវិធីនុយក្លេអ៊ែរឡើងវិញ។
ឧបសគ្គចុងក្រោយ គឺជាការទារថ្លៃសេវារបស់អ៊ីរ៉ង់។ ទោះបីជាកិច្ចព្រមព្រៀងជិតដល់គោលដៅយ៉ាងណាក៏ដោយ ចំណុចស្លាប់រស់មួយនៅតែបន្តជាឧបសគ្គ គឺសហរដ្ឋអាម៉េរិក បានប្រឆាំងដាច់ខាតចំពោះលក្ខខណ្ឌណាដែលអនុញ្ញាតឱ្យអ៊ីរ៉ង់ប្រមូលថ្លៃសេវាពីកប៉ាល់ពាណិជ្ជកម្ម។
ដំណាក់កាលចុងក្រោយនេះ ទាមទារឱ្យភាគីទាំងសងខាង ទាំងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ធ្វើការសម្រុះសម្រួលផ្នែកនយោបាយយ៉ាងប្រុងប្រយ័ត្ន។ ប្រសិនបើប្រទេសទាំងពីរមិនព្រមថយម្នាក់មួយជំហានដើម្បីឆ្លងផុតឧបសគ្គចុងក្រោយនេះទេ កិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកសមុទ្រអ័រមូស និងសន្តិភាពសេដ្ឋកិច្ចពិភពលោក អាចនឹងត្រូវរលាយសូន្យសារជាថ្មី។
ទោះបីជាយ៉ាងណា អនុប្រធានាធិបតីអាម៉េរិក លោកជេឌី វ៉ាន (JD Vance) កាលពីថ្ងៃពុធ បានទទួលស្គាល់ថា វាអាចមើលទៅដូចជា សហរដ្ឋអាម៉េរិកមិនសូវមានការរីកចម្រើនអ្វីសោះលើបញ្ហាអ៊ីរ៉ង់ ដោយសារលោកបានពិពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនេះថា វាជា "រឿងដ៏ស្មុគស្មាញ" ដែល "ត្រូវចំណាយពេលមួយចំនួនទៀត"។
