ការិយាល័យ FABC សម្រាប់កិច្ចការគ្រហស្ថ និងគ្រួសារ បញ្ជាក់ពីភាពជាអ្នកដឹកនាំនៅក្នុងព្រះសហគមន៍មូលដ្ឋាន
ការិយាល័យសហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី ទទួលបន្ទុកកិច្ចការគ្រហស្ថ និងគ្រួសារ បានអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនពីគ្រួសារ ស្ត្រី និងយុវជនដោយស្មោះត្រង់ ក្នុងការបម្រើបេសកកម្មរបស់ព្រះសហគមន៍។
ក្នុងអំឡុងពេលបង្ហាញរបាយការណ៍ទៅកាន់កិច្ចប្រជុំពេញអង្គលើកទី ១២ របស់ FABC នៅថ្ងៃទី ២១ ខែកក្កដា បទបង្ហាញខ្លះបានគូសបញ្ជាក់ថា អនាគតនៃព្រះសហគមន៍នៅអាស៊ី មិនត្រឹមតែអាស្រ័យទៅលើលោកអភិបាល បូជាចារ្យ និងអ្នកបួសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើសកម្មភាពរបស់គ្រហស្ថកាតូលិកនៅតាមគ្រួសារ ព្រះសហគមន៍មូលដ្ឋាន និងសហគមន៍របស់ពួកគេទាំងមូលផងដែរ។
បទបង្ហាញដែលលើកឡើងដោយលោកអភិបាល អេម៉ានូអែល រ៉ូហ្សារីអូ (Emmanuel K. Rozario) តំណាងព្រះសហគមន៍ភូមិភាគបារីសល (Barishal) ប្រទេសបង់ក្លាដែស បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមដែលលើកកម្ពស់កិច្ចប្រជុំ ដោយពង្រឹងគ្រួសារ និងលើកទឹកចិត្តដល់ភាពជាអ្នកដឹកនាំគ្រហស្ថនៅទូទាំងទ្វីប។