កាឌីណាល់ David ដាស់តឿនប្រតិភូ FABC ឱ្យ «រៀបចំដី» មុននឹងប្រកាសដំណឹងល្អ

នៅក្នុងអំឡុងពេលប្រារព្ធពិធីអរព្រះគុណ ក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃ FABC នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ២៤ ខែកក្កដា លោកកាឌីណាល់បាប្លូ វើហ្គីលីយ៉ូ ដាវីឌ (Pablo Virgilio David) អនុប្រធាន FABC បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយដំណឹងល្អប្រកបដោយប្រសិទ្ធភាពនៅអាស៊ី ត្រូវតែចាប់ផ្តើមដោយការស្តាប់ ការគោរព និងការកសាងទំនុកចិត្ត ជាជាងការសូត្រធម៌រៀបរាប់ ឬប្រកាសភ្លាមៗ។

ដោយពិចារណាលើរឿងប្រសា្នអំពីអ្នកព្រោះស្រូវ និងទស្សនាទានពីកសិករក្នុងស្រុកម្នាក់ លោកកាឌីណាល់ដាវីឌ បានកត់សម្គាល់ថា កសិករប្រកបដោយប្រាជ្ញា តែងតែរៀបចំដីឱ្យបានល្អជាមុនសិន មុននឹងព្រោះគ្រាប់ពូជ។ ដូចគ្នានេះដែរ ព្រះសហគមន៍ត្រូវតែរៀបចំចិត្តគំនិតរបស់មនុស្សឱ្យរួចរាល់ដើម្បីទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាជាងការប្រកាសជាប្រញាប់ប្រញាល់។

«ការរៀបចំដី» តម្រូវឱ្យរស់នៅតាមតម្លៃនៃស៊ីណូដាល ជាពិសេសគឺការស្តាប់មុននឹងនិយាយ ការសន្ទនាមុននឹងដេញដោល ការរាប់អានធ្វើជាមិត្តមុននឹងបញ្ចុះបញ្ចូល និងការកសាងទំនុកចិត្តមុននឹងទាមទារការប្តេជ្ញាចិត្ត។

ដោយសារភាពចម្រុះដ៏សម្បូរបែបខាងសាសនា និងវប្បធម៌របស់អាស៊ី  ដែលជួនកាលដំណឹងល្អត្រូវបានទទួលដោយការសង្ស័យ ព្រះសហគមន៍ត្រូវតែបង្កើតទំនុកចិត្តជាមុនសិន តាមរយៈវត្តមានប្រកបដោយភាពសមរម្យ ទន់ភ្លន់ សកម្មភាពប្រកបដោយក្តីមេត្តា និងទំនាក់ទំនងដ៏ពិតប្រាកដ។

ការចង្អុលបង្ហាញពីការងាររបស់លោកកាឌីណាល់ជីអរជីអូ ម៉ារ៉េងហ្គូ (Giorgio Marengo) នៅប្រទេសម៉ុងហ្គោលី លោកកាឌីណាល់ដាវីឌ បានរំលេចថា ការងារសប្បុរសធម៌ ការអប់រំ និងមិត្តភាពពិតប្រាកដ បានកសាងផ្លូវសម្រាប់ដំណឹងល្អ យូរអង្វែងមុនពេលការប្រកាសដោយចំៗកើតឡើង។

អនាគតនៃការផ្សព្វផ្សាយដំណឹងល្អនៅអាស៊ី គឺពឹងផ្អែកលើការរៀបចំដីដោយអត់ធ្មត់ និងទន់ភ្លន់តាមរយៈការបម្រើ និងការសន្ទនា ច្រើនដូចគ្នានឹងការព្រោះគ្រាប់ពូជដំណឹងល្អប្រកបដោយជំនឿស្មោះត្រង់ដែរ។

លោកបានបញ្ចប់ដោយពាក្យអធិស្ឋានសុំឱ្យព្រះជាម្ចាស់ធ្វើឱ្យអ្នកបម្រើព្រះសហគមន៍ មិនត្រឹមតែជាអ្នកគង្វាលតាមព្រះហឫទ័យរបស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកព្រោះស្រូវប្រកបដោយប្រាជ្ញា ដែលខិតខំរៀបចំដីដោយអត់ធ្មត់ ដើម្បីឱ្យគ្រាប់ពូជនៃជំនឿ សង្ឃឹម និងសេចក្តីស្រឡាញ់ អាចរីកចម្រើនលូតលាស់នៅទូទាំងទ្វីបអាស៊ី៕

 

Daily Program

Livesteam thumbnail