កាឌីណាល់ហ្វីលីពីនជំរុញឱ្យគ្រីស្តបរិស័ទឆ្លើយតបទៅនឹងវិបត្តិដោយចិត្តសប្បុរស
លោកអគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅទីក្រុងម៉ានីល ចូស អាវិនគូឡា (Jose F. Advincula) បានជំរុញឱ្យគ្រីស្តបរិស័ទឆ្លើយតបទៅនឹងវិបត្តិនានាដោយចិត្តសប្បុរស ការយល់ដឹង និងភាពក្លាហាន។
នៅក្នុងធម្មទេសនា របស់លោកក្នុងអំឡុងពេលរៀបចំថ្វាយអភិបូជា នៅទីក្រុងម៉ានីល កាលពីថ្ងៃទី៣ ខែឧសភា លោកអគ្គអភិបាលបានឆ្លុះបញ្ចាំងពីអត្ថន័យនៃឈើឆ្កាង ដែលលោកបាននិយាយថាបានផ្លាស់ប្តូរពីនិមិត្តរូបនៃការដាក់ទណ្ឌកម្មទៅជាប្រភពនៃការព្យាបាល និងសេចក្ដីសង្គ្រោះសម្រាប់គ្រីស្តបរិស័ទ។
លោកអគ្គអភិបាលបានលើកឡើងថា ជំនឿអំពាវនាវឱ្យអ្នកជឿកុំឱ្យគេចផុតពីបញ្ហា ប៉ុន្តែត្រូវប្រឈមមុខនឹងបញ្ហាទាំងនោះដោយក្តីសង្ឃឹម។
លោកបានពិពណ៌នាអំពីវិបត្តិផ្សេងៗគ្នាដែលសហគមន៍គ្រីស្តបរិស័ទប្រឈមមុខ និងការឆ្លើយតបដែលពួកគេទាមទារពីអ្នកដែលមានជំនឿ។
លោកអគ្គអភិបាលបាននិយាយអំពីវិបត្តិនៃភាពអត់ឃ្លាន និងការធ្វេសប្រហែស ជាពិសេសចំពោះស្ត្រីមេម៉ាយដែលត្រូវបានគេមើលរំលង។
លោកអគ្គអភិបាលបានមានប្រសាសន៍ថា "ពួកគេមិនបានព្រងើយកន្តើយនឹងបញ្ហា ឬធ្វើពុតថាវាមិនមានបញ្ហាទេ ផ្ទុយទៅវិញ យើងគួរតែជួយពួកគេបានចាត់វិធានការប្រឈមនឹងវិបត្តិទាំងនោះ”។
លោកកាឌីណាល់បានអំពាវនាវដល់គ្រីស្តបរិស័ទ ឱ្យបើកចិត្តឲ្យទូលាយចំពោះអ្នកដែលខ្វះខាត ពីព្រោះដៃរបស់គ្រីស្តបរិស័ទដែលតែងតែទទួលព្រះកាយព្រះជាម្ចាស់ ត្រូវបានគេត្រាស់ហៅឱ្យក្លាយជាដៃរបស់ព្រះគ្រីស្ទផងដែរ ដើម្បីចិញ្ចឹម យកចិត្តទុកដាក់ និងស្រឡាញ់អ្នកដទៃដូចទ្រង់។
លោកកាឌីណាល់ក៏បានព្រមានប្រឆាំងនឹងការបែកបាក់នៅក្នុងសហគមន៍ ដោយលើកឡើងពីការនិយាយដើមគេ ការប្រជែងគ្នា និងការកាច់កុងគ្នា ថាជាកម្លាំងដែលបំផ្លាញទំនាក់ទំនងបន្តិចម្តងៗនៅក្នុងព្រះសហគមន៍៕