ឥណ្ឌារ៉ា គន្ធី​ ស្រ្តីដែកថែបរបស់ឥណ្ឌា

លោកស្រីឥណ្ឌារ៉ា ព្រីយាដាស្ហ៊ីនី គន្ធី កើតនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩១៧ និងទទួល​មរណភាពដោយត្រូវគេលួចធ្វើឃាតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៨៤។ លោកស្រីឥណ្ឌារ៉ា គន្ធី គឺជារដ្ឋស្រ្តីរបស់ប្រទេសឥណ្ឌា។ លោកស្រីធ្វើជានាយករដ្ឋមន្រ្តីឥណ្ឌាពីឆ្នាំ១៩៦៦ ដល់ ឆ្នាំ ១៩៧៧ និងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃមរណភាពនៅឆ្នាំ១៩៨៤។

លោកស្រី​ឥណ្ឌារ៉ា គន្ធី គឺជាកូនស្រីតែម្នាក់របស់នាយករដ្ឋមន្រ្តី ចាវ៉ាហាកឡាល់ ណេរុ។ លោក​ស្រី​គឺជាឥស្សរជនដ៏សំខាន់នៃសភាខនហ្គ្រេស ឥណ្ឌា និងនៅក្នុងនយោបាយឥណ្ឌា​នា​ពាក់កណ្តាលទី២ នៃសតវត្សទី២០ ហើយអណត្តិរបស់លោកស្រីជាប្រមុខរដ្ឋាភិបាលឥណ្ឌា ត្រូវ​បានកត់សម្គាល់ដោយការធ្វើមជ្ឈការយ៉ាងខ្លាំងនៃអំណាចកណ្តាល។ លោកស្រីឥណ្ឌារ៉ា គន្ធី បានដឹកនាំសង្រ្គាមឥណ្ឌា ប៉ាគីស្ថានលើកទី៣ និងអភិវឌ្ឍកម្មវិធីអាវុធ​នុយក្លេអ៊ែរឥណ្ឌា ព្រមទាំងបង្កើនឥទ្ធិពលរបស់ឥណ្ឌាលើតំបន់អាស៊ីខាងត្បូងផង។ រដ្ឋាភិបាលរបស់លោកស្រីបានដឹកនាំការប្រកាសបដិវត្តន៍បៃតង និងការធ្វើជាតូបនីយកម្ម​លើ​ធនាគារ និងវិស័យឧស្សាហកម្មសំខាន់ៗ។

បរាជ័យនៅឆ្នាំ១៩៧៧ ក្នុងការបោះឆ្នោតសភាឥណ្ឌា លោកស្រីឥណ្ឌារ៉ា គន្ធី បានក្លាយ​ជា​នាយករដ្ឋ​មន្ត្រីម្តងទៀត បន្ទាប់ពីការបោះឆ្នោតសភានៅឆ្នាំ១៩៨០។ ប៉ុន្តែ លោកស្រីត្រូវ​បាន​គេធ្វើ​ឃាតនៅឆ្នាំ១៩៨៤ ដោយអង្គរក្សស៊ិកសាសនិក របស់លោកស្រី ជាការសងសឹក ដែល​លោកស្រី​បានបញ្ជាធ្វើប្រតិបត្តិការបង្រ្កាប នៅសង្រ្គាមប្ល៊ូស្តារ (Blue Star) ដែលជាប្រតិបត្តិការ​យោធា​ប្រឆាំងនឹងវិហារ មាស ដែលជាទីសក្ការៈដ៏ពិសិដ្ឋបំផុតរបស់សាសនាស៊ិក។ លោក​ហេនរី គីស៊ីងជឺ មន្រ្តីការទូតអាម៉េរិក បានពិពណ៌នាលោកស្រីឥណ្ឌារ៉ា គន្ធី ថា ជា ស្ត្រី​ដែកថែប ដែល​ជាឈ្មោះហៅក្រៅដែលភ្ជាប់ជាមួយនឹងបុគ្គលិកលក្ខណៈរបស់​លោកស្រី។

នៅពេលឡើងជានាយករដ្ឋមន្រ្តី ស្ថានភាពលំបាកដំបូងដែលលោកស្រីឥណ្ឌារ៉ា គន្ធី ប្រឈម​មុ​​ខ​គឺគ្រោះទុរភិរ្ស​ដែលគំរាមកំហែងឥណ្ឌា។ លោកស្រីបានទៅជួបប្រធានាធិបតីអាម៉េរិក លីនដុន ប៊ី ចនស៊ុន នៅសហរដ្ឋអាម៉េរិកដើម្បីទទួលបានជំនួយចំណីអាហារ ប៉ុន្តែលោកស្រី បញ្ជាក់​លើការបដិសេធមិនព្រមទទួលសម្ពាធណាមួយពីសហរដ្ឋអាម៉េរិក ដែលប៉ះពាល់លើ​បន្ទាត់នយោបាយរបស់ឥណ្ឌា។ លោកស្រីបានបង្ហាញការរិះគន់ចំពោះសង្គ្រាម​វៀតណាម។ ដោយមានឆន្ទៈរឹងមាំក្នុងការបដិសេធមិនពឹងផ្អែកលើអំណាចបរទេសណាមួយ និង​ធានា​ឲ្យ​ប្រទេសរបស់លោកស្រីមានសមត្ថភាពផ្គត់ផ្គង់អាហារដោយខ្លួនឯង លោកស្រី​បាន​ដឹកនាំ​បដិវត្ត​​បៃតង ដោយមានការណែនាំរបស់លោកអេម អេស ស្វាមីណាថា ដែលជា​សាស្រ្តាចារ្យ​ហ្ស៉ែន និងក្សេត្រសាស្រ្តរបស់ឥណ្ឌា។

លោកស្រីឥណ្ឌារ៉ា គន្ធី បញ្ជាក់អំពីសេចក្តីថ្លែងការណ៍តាចខេន ដែលចុះហត្ថលេខាដោយ​មេដឹកនាំមុន និងដើរតាម​នយោបាយណេរុនៃការមិនចូលបក្សសម្ព័ន្ធ ដែលលោកស្រីគឺជាអ្នក​តំណាង​ម្នាក់ ទន្ទឹមនឹង លោកណាស៊ែ ប្រធានាធិបតីអេហ្ស៊ីប និងលោកទីតូ ប្រធានាធិបតី​យូហ្គោស្លាវី។ ជាការអនុវត្ត លោកស្រីឥណ្ឌារ៉ា គន្ធី បានចុះហត្ថលេខានៅថ្ងៃទី៩ ខែសីហា ជាមួយ​​សហភាពសូវៀតនូវសន្ធិសញ្ញាមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ ទោះបីវា​មិន​មែន​​ជាសន្ធិសញ្ញាយោធា វាក៏មានគោលដៅទប់ទល់ការខិតជិតគ្នារវាងចិន និងប៉ាគីស្ថាន ជាមួយ​​ប្រធានាធិបតីសហរដ្ឋអាម៉េរិក រីឆាត នីស៊ុន។

នៅឆ្នាំ១៩៧១ លោកស្រីឥណ្ឌារ៉ា គន្ធី បានដឹកនាំសង្រ្គាមប្រឆាំង​នឹងប៉ាគីស្ថានគាំទ្រ​អ្នក​និយម​ឯករាជ្យ​នៅតំបន់បឹងហ្គាល់បូព៌ា ដែលប្រមូលផ្តុំនៅជុំវិញរណសិរ្យ អាវ៉ាមី របស់លោកមូជីបៀ រ៉ាម៉ាន ដែលឈានទៅដល់​ការប្រកាសឯករាជ្យរបស់បង់ក្លាដេស។  កិច្ចព្រមព្រៀងស្ហ៊ីមឡា នៅ​​ឆ្នាំ១៩៧២ ដែលចុះហត្ថលេខា​ជាមួយប្រធានាធិបតីប៉ាគីស្ថាន ហ្ស៊ូលហ្វ៊ីកា អាលី ប៊ូតតូ បាន​បញ្ជាក់​អំពីឥទ្ធិពលគ្របដណ្តប់​របស់ឥណ្ឌានៅក្នុងតំបន់ នៅខណៈដែលលោកស្រី​ឥណ្ឌារ៉ា គន្ធី ក៏ធ្វើឲ្យឥណ្ឌាក្លាយជាអំណាច​នុយក្លេអ៊ែរផងដែរនៅឆ្នាំ១៩៧៤។  

 

Daily Program

Livesteam thumbnail