របត់ច្នៃប្រឌិតពីជាងតុទ្វារមកជា «ផ្ទះឈើចល័ត»៖ ភាពជោគជ័យដែលផ្តើមចេញពីឱកាសក្នុងវិបត្តិ
ខណៈពេលដែលមនុស្សភាគច្រើនគិតដល់ផ្ទះសម្បែង គេតែងតែស្រមៃដល់សំណង់ផ្ទះល្វែង វីឡា ឬផ្ទះថ្មតាមបុរីនានាដែលកំពុងរីកដុះដាលព្រោងព្រាត។ ប៉ុន្តែសម្រាប់ស្រ្តីអ្នកជំនួញវ័យ ៣២ឆ្នាំ ម្នាក់ មកពីទឹកដីខេត្តកំពង់ស្ពឺ លោកស្រី រស់ ពេជ្រពិសី បែរជាមើលឃើញឱកាសខុសពីគេ។ លោកស្រីបានចាប់យកសិល្បៈនៃការច្នៃប្រឌិត «ផ្ទះឈើចល័ត» មកធ្វើជាអាជីវកម្មស្នូល រហូតបង្កើតបានជាចរន្តគាំទ្រយ៉ាងខ្លាំង និងមានការកុម្ម៉ង់ទិញជាប់ៗគ្នារកដៃរកជើងមិនទាន់។
មុនពេលឈានជើងមកដល់ចំណុចនេះ លោកស្រី រស់ ពេជ្រពិសី គឺជាជាងធ្វើតុ ទ្វារ និងបង្អួចធម្មតាម្នាក់ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ដំណើរដេញតាមក្តីស្រមៃបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០២០។ នាពេលនោះ លោកស្រី និងប្អូនប្រុស បានបបួលគ្នាធ្វើផ្ទះឈើគំរូដំបូងគេបង្អស់មួយខ្នង រួចក៏សាកល្បងថតរូបបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
លោកស្រី រស់ ពេជ្រពិសី បានទម្លាយប្រាប់ ពីចំណុចចាប់ផ្តើមថា ៖«ដំបូងឡើយខ្ញុំធ្វើសម្រាប់ដាក់អោយភ្ញៀវគាត់កុម្ម៉ង់លក់ធម្មតាអ៊ីចឹង ដោយសារតែយើងលក់ឈើដែរកាលពីមុន។ ដល់ពេលមួយភ្ញៀវកុម្ម៉ង់ជាលក្ខណៈកញ្ចុះស្បូវ ដល់ពេលយើងចេះតែបែកគំនិតច្នៃ យើងប្តូរពីស្បូវ ទៅដំបូលក្បឿងជ័រ ហើយយើងច្នៃពីកញ្ចុះទៅជាដំបូង»។
ដ្បិតថាមានគំនិតច្នៃប្រឌិតខ្ពស់ ប៉ុន្តែផ្លូវដើរដំបូងមិនមែនធំដុំនោះទេ។ លោកស្រីបានរំឮកថា អាជីវកម្មនេះចាប់ផ្តើមពីលក្ខណៈសិប្បកម្មតូចតាចបំផុត ពោលគឺទាល់តែមានការបញ្ជាទិញទើបចាប់ផ្តើមធ្វើសាងសង់លក់។ រហូតដល់របត់មួយបានមកដល់ គឺនៅក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ វាយលុកខ្លាំង គម្រោងសាងសង់តាមសាលារៀននានាត្រូវបានផ្អាកទាំងស្រុង។ ពេលនោះ ក្រុមជាងនៅក្នុងដៃរបស់លោកស្រីដែលមានគ្នាជាង ១០នាក់ ត្រូវទំនេរគ្មានការងារធ្វើទាល់តែសោះ។ ក្នុងវិបត្តិនោះ លោកស្រីមិនព្រមចុះចាញ់ឡើយ ដោយសារតែនៅលើទីផ្សារពុំទាន់មានអ្នកធ្វើផ្ទះឈើលក់ លោកស្រីក៏នឹកឃើញគំនិតធ្វើផ្ទះគំរូឡើលេងៗ រួចបង្ហោះតាមហ្វេសប៊ុក។ ឱកាសល្អក៏ហុចឱ្យ ស្រាប់តែមានអតិថិជនម្នាក់ដែលជាម្ចាស់រមណីយដ្ឋាន (Resort) បានឃើញ ក៏ពេញចិត្ត និងសម្រេចចិត្តទិញយកទៅភ្លាមៗ។
ចាប់តាំងពីពេលនោះមក សិប្បកម្មផ្ទះឈើចល័តរបស់ស្រ្តីវ័យក្មេងរូបនេះ បានក្លាយជាផ្ទាំងស៊ីបនៃការចាប់អារម្មណ៍ពីសំណាក់អ្នកស្រឡាញ់ផ្ទះឈើទូទាំងប្រទេស។ អតិថិជនបានកុម្ម៉ង់ម៉ូតប្លែកៗជាច្រើនទៅតាមចំណង់ចំណូលចិត្ត។
ទាក់ទិននឹងទម្រង់នៃការសាងសង់ លោកស្រី រស់ ពេជ្រពិសី បានបន្ថែមថា ៖«ខ្ញុំមានលក្ខណៈកញ្ចុះឈើតូចៗណឹងអ៊ីចឹងទៅ កញ្ចុះធំ ប្រភេទផ្ទះឈើតូចៗ គ្រាន់តែថាផ្ទះ និងកញ្ចុះខាងខ្ញុំ ធ្វើចាប់ពីទំហំ៣ម៉ែត្របួនជ្រុងឡើងទៅ រហូតដល់៣,៨ម៉ែត្រ គុណនឹង៨ម៉ែត្រ។ យើងដំឡើងនៅសិប្បកម្មហើយ ទើបយើងដឹកជញ្ជូនទៅអោយអតិថិជន»។
ចំណុចពិសេសដែលធ្វើឱ្យផ្ទះឈើចល័តនេះមានតម្លៃ គឺការជ្រើសរើសឈើ។ លោកស្រីធានាប្រើប្រាស់តែឈើលេខមួយប៉ុណ្ណោះ ដូចជា ស្រឡៅ សុក្រំ និងផ្ចឹក។ ក្នុងនោះឈើសុក្រំ និងផ្ចឹក ត្រូវបានយកទៅធ្វើជាសសរ និងក្តារក្រាល ចំណែកឈើស្រឡៅយកទៅធ្វើជាគ្រឿងផ្ទះ រនូត រនង។ ដោយឡែកសម្រាប់ដំបូល គឺមានជម្រើសចម្រុះទៅតាមចិត្តម្ចាស់កុម្ម៉ង់ មានដូចជា ជ័រ, ស៊ីប្រូថៃ និងក្បឿងស្រកាលីញ ដែលតម្លៃក៏ប្រែប្រួលទៅតាមនោះដែរ។
សម្រាប់ការសាងសង់ផ្ទះឈើចល័តមួយខ្នងៗ គឺត្រូវចំណាយពេលចន្លោះពីកន្លះខែ ទៅ ១ខែ ដោយរួមបញ្ចូលទាំងការតបណ្តាញអគ្គិសនី និងការដេគ័រផ្សេងៗជាស្រេច។ ប៉ុន្តែផ្ទះនេះពុំទាន់មានបន្ទប់ទឹកឡើយ ប្រសិនបើអតិថិជនចង់បាន គឺត្រូវបូកតម្លៃបន្ថែម។ នៅពេលសាងសង់ចប់សព្វគ្រប់ ក្រុមការងារនឹងដឹកជញ្ជូនទៅដំឡើងជូនដល់ទីតាំង ហើយសិប្បកម្មក៏មានសេវាកម្មទទួលធ្វើបន្ទប់ថ្មនៅជាន់ខាងក្រោមផងដែរ ទៅតាមតម្រូវការ។
រឿងតម្លៃវិញ លោកស្រី រស់ ពេជ្រពិសី បានបញ្ជាក់ថា៖ «តម្លៃកញ្ចុះមានតូចធំទៅតាមណឹង ចំណែកតូចមានតម្លៃចាប់ពី១.៥០០ដុល្លាអ៊ីចឹងទៅ តម្លៃធំទៅតាមណឹងទៅ។ ជាធម្មតាតាមភ្ញៀវគាត់កុម្ម៉ង់ដែរ គាត់យកឈើល្អអ៊ីចឹងទៅតម្លៃអាចរៀងខ្ពស់ជាង»។
បច្ចុប្បន្ន ទីផ្សារនៃផ្ទះឈើចល័តនេះមានវិសាលភាពធំធេងណាស់។ ប្រជាពលរដ្ឋខ្លះទិញសម្រាប់រស់នៅប្រចាំថ្ងៃ ខ្លះទិញដាច់ដោយឡែកជូនឪពុកម្តាយវ័យចំណាស់សម្រាប់លំហែកាយ និងខ្លះទៀតយកទៅប្រើប្រាស់ក្នុងអាជីវកម្មទេសចរណ៍។
លោកស្រីបានពន្យល់ពីក្រុមអតិថិជនគោលដៅថា ៖«មួយក្រុមទៀតគេទិញជាកញ្ចុះឈើ ព្រោះខ្ញុំប្រើម៉ូតប្រើអីអ៊ីចឹងទៅ គាត់ដាក់ដេគ័រផ្ទះ មិនថាតែនៅភ្នំពេញ តែនៅខេត្តក៏មានដែរ ព្រោះយើងអាចដឹកបានគ្រប់កន្លែង។ ហើយមានក្រុមមួយទៀតនោះគាត់ ធ្វើជាលក្ខណៈដូចជារីសតជាអីអ៊ីចឹងទៅ គាត់រៀបចំកន្លែងរមណីដ្ឋានគាត់ៗក៏ជាវទាំងផ្ទះ ទាំងកញ្ចុះយកទៅជាមួយគ្នា»។
ភាពជោគជ័យដែលកើតចេញពីញើសឈាម និងខួរក្បាលច្នៃប្រឌិតនេះ បាននាំមកនូវស្នាមញញឹមយ៉ាងពិតប្រាកដសម្រាប់សហគ្រិនស្រ្តីរូបនេះ។ ម្ចាស់អាជីវកម្មខាងលើនេះបានបញ្ជាក់យ៉ាងមុតមាំនៅចុងបញ្ចប់ថា៖
«ខ្ញុំពិតជាសប្បាយចិត្ត នៅពេលភ្ញៀវសរសើរពីស្នាដៃធ្វើ ផ្ទះឈើនេះ និយាយទៅផ្ទះយើងមានគុណភាពនិងធានា តែបើភ្ញៀវគាត់ពុំសូវចូលចិត្តកន្លែងណា យើងយកចំណុចនោះមកកែលម្ហឱ្យកាន់ល្អសំខាន់ខ្ញុំមានជំហរមួយ គឺត្រូវតែដាប់ដេត ( Update) ផ្ទះឈើនេះរហូត»៕