លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា រដ្ឋបុរស និងម្ចាស់ពានរង្វាន់ណូបែល នៅប្រទេសទីម័រ ខាងកើត

លោករ៉ូហ្ស៉េ ម៉ានូអេល រ៉ាមូស ហ័រតា កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៤៩ នៅរដ្ឋធានី ឌីលី ប្រទេសទីម័រ ខាងកើត។ លោកគឺជាបុរសរដ្ឋរបស់ទីម័រខាងកើត។ លោកធ្វើជានាយករដ្ឋមន្រ្តី ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៧។ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា គឺជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ ទៅដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ និងចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា ក៏ជាសមាជិកនៃគណៈកម្មាធិការអន្តរជាតិ ១៧-តុលា ដែលលើក​កម្ពស់ទិវាពិភពលោកនៃការបដិសេធចោលគ្រោះទុរគត។

នៅឆ្នាំ១៩៩៣ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានទទួលបានរង្វាន់ រ៉ាហ្វតូ សម្រាប់កិច្ចខិតខំប្រឹង​​ប្រែងរបស់លោកសម្រាប់សន្តិភាពនៅទីម័រខាងកើត។ បន្ទាប់មក លោកទទួលបានពានរង្វាន់​ណូបែលសន្តិភាព រួមជាមួយលោក កាឡូស ហ្វ៊ីលីប ស៊ីម៉េណេស បឺឡូ សម្រាប់កិច្ចការរបស់​លោកទាំងពីរ​ក្នុងអំឡុងពេលស្វែងរកដំណោះស្រាយសន្តិភាព និងសមធម៌​សម្រាប់សង្រ្គាម​នៅ​ប្រទេសទីម័រខាងកើត។

លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា មានប្រភពពីគ្រួសារដែលមានម្តាយជាជនជាតិទីម័រ និងឪពុក ជា ជនជាតិព័រទុយហ្គាល់​ដែលត្រូវនិរទេសមកកាន់ទីម័រពីព័រទុយហ្គាល់​នៅក្រោមអំណាច ផ្តាច់​ការ​នៃសាឡាហ្ស៉ា។ លោកបានធ្វើការសិក្សានៅក្នុងបេសកកម្មកាតូលិក​នៅក្នុងភូមិតូច មួយ ភូម ស័របាដា ដែលក្រោយមកត្រូវបានគណបក្សហ្វ្រ៉េទីលីន ដែលជាគណបក្ស នយោបាយ​សំខាន់​មួយនៅទីម័រខាងកើត កើតចេញពីចលនាប្រឆាំងអាណានិគម និងការ ឈ្លានពាន​របស់​ឥណ្ឌូណេស៊ី បានជ្រើសរើសភូមិ ស័របាដា ធ្វើជាការិយាល័យកណ្តាល បន្ទាប់ពី ការ​ឈ្លានពាន​របស់ឥណ្ឌូណេស៊ី។

ក្នុងចំណោម បងប្អូនប្រុសស្រីទាំង ១១នាក់ របស់លោក មាន ៤នាក់ ត្រូវបានសម្លាប់ដោយ ទាហានឥណ្ឌូនេស៊ី។ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានសិក្សាច្បាប់សាធារណៈអន្តរជាតិជាផ្លូវ ការនៅវិទ្យាស្ថានអន្តរជាតិនៃទីក្រុងឡាអេ នៅឆ្នាំ១៩៨៣។ លោកអាចនិយាយបានយ៉ាង ស្ទាត់​ ៥ភាសា មានភាសា ព័រទុយហ្គាល់ អង់គ្លេស បារាំង អេស្ប៉ាញ និងភាសាដែលគេ និយាយ​ច្រើនបំផុតនៅប្រទេសទីម័រខាងកើត គឺភាសា តេទុម។

លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានកាន់តំណែងសំខាន់ៗ ជាច្រើននៅក្នុងជួររដ្ឋាភិបាល ដូចជា ជា រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការពីឆ្នាំ២០០២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០០៦។ រដ្ឋមន្រ្តីក្រសួងការពារជាតិស្តីទីពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៥ ដល់ ថ្ងៃ ទី២៥ ខែ​មិថុនា ឆ្នាំ២០០៦ ហើយនៅថ្ងៃទី១០ កក្កដា ឆ្នាំ២០០៦ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា ត្រូវ​បាន​តែងតាំង​ជានាយករដ្ឋមន្រ្តី។

លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យ​ទីម័រខាងកើត អណត្តិទី១ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។

នៅថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០០៨ ប្រធានាធិបតី លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា និងនាយក រដ្ឋមន្រ្តី របស់លោកក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារទ្វេដង។ ប្រធានាធិបតីត្រូវបានគេបាញ់របួស ខណៈដែលនាយករដ្ឋមន្ត្រីបានរួចផុតពីអន្ទាក់។  

លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា បានជាប់ឆ្នោតជាប្រធានាធិបតីប្រទេសទីម័រខាងកើត នៅអណត្តិទី ២ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ក្រៅពីការងារនយោបាយ លោករ៉ូហ្ស៉េ រ៉ាមូស ហ័រតា ក៏ជាសមាជិកនៃមូលនិធិភីសជេម (PeaceJam) និងជាសមជិកនៃគណៈកម្មាធិការសកលនៃនយោបាយដែលពាក់ព័ន្ធនឹង គ្រឿងញៀន ផងដែរ។

 

Daily Program

Livesteam thumbnail