អាហារខ្វះអនាម័យមុខរោងចក្រ៖ ការគំរាមកំហែងចម្បងលើសុខភាពកម្មករ

បើក្រឡេកមើលលើការទទួលទានអាហារប្រចាំថ្ងៃ កម្មករ និងកម្មការិនីភាគច្រើន បានទិញម្ហូបអាហារដែលស្ទើរតែគ្មានអនាម័យ ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគេ។ នេះគឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃកម្លាំងពលកម្ម ក្នុងការបន្តរញ៉ែរញ៉ៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

នៅសងខាងផ្លូវបេតុងមុខរោងចក្រមួយកន្លែង ស្ថិតនៅខាងលិចរាជធានីភ្នំពេញ សកម្មភាពលក់ដូរមើលទៅប្រៀបដូចជាផ្សារតូចមួយ។ តូបតូចៗដែលមានទទឹងប្រហែលមួយម៉ែត្រ ត្រូវបានតម្រៀបគ្នាសម្រាប់លក់ម្ហូបអាហារជូនកម្មករ កម្មការិនី អមដោយក្បួនម៉ូតូដែលដឹកបន្លែ និងផ្លែឈើមកចតលក់ជុំវិញនោះផងដែរ។

នាវេលាម៉ោង ១១ ថ្ងៃត្រង់ ដែលជាម៉ោងសម្រាកពិសាបាយ កម្មការិនីជាច្រើនបានមកចោមរោមទិញអាហារដែលគេរៀបចំទុករួចជាស្រេច រួមមានសម្ល ឆា និងបាយដែលច្រកក្នុងថង់ប្លាស្ទិក។ អ្នកខ្លះទិញហើយអង្គុយញ៉ាំនៅជាប់របងរោងចក្រ រីឯអ្នកខ្លះទៀតទិញយកទៅញ៉ាំនៅក្នុងបន្ទប់ជួលក្បែរនោះ។ ពួកគេខ្លះប្រមូលផ្តុំគ្នា ៤ ទៅ ៥ នាក់ ទិញម្ហូប ៤ ទៅ ៥ មុខ និងបាយម្នាក់មួយថង់ ដើម្បីហូបជុំគ្នា។

កញ្ញា ទី ចាន់ណា មកពីខេត្តកំពង់ធំ ដែលជាកម្មការិនីធ្វើការនៅភូមិព្រៃទាជិត ៣ ឆ្នាំមកហើយ បានរៀបរាប់ថា កញ្ញាចំណាយលើបាយថ្ងៃត្រង់អស់ពី ១,៥០០ រៀល ទៅ ២,០២០ រៀល សម្រាប់ម្ហូបមួយមុខ និងបាយមួយថង់នៅមុខរោងចក្រ។ ការធ្វើបែបនេះ ដោយសារតែពេលថ្ងៃត្រង់មានពេលសម្រាកតែមួយម៉ោងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលល្ងាច កញ្ញាបានទិញម្ហូបយកទៅធ្វើហូបខ្លួនឯងនៅបន្ទប់ជួល ដោយចំណាយអស់ប្រមាណ ៣,០០០ រៀល និងត្រូវលៃលកទុកសម្រាប់ពេលព្រឹកបន្ទាប់ផងដែរ រីឯអង្ករគឺយកមកពីស្រុកកំណើត។

កញ្ញា ចាន់ណា បានបន្តថា កញ្ញាធ្លាប់មានបញ្ហាសុខភាពដោយសារតែការហូបចុកអាហារទាំងនេះ ប៉ុន្តែមិនដឹងធ្វើប្រហែលជាគ្មានជម្រើសល្អជាងនេះឡើយ។ កញ្ញាបានបន្ថែមទាំងមិនពេញចិត្តនឹងស្ថានភាពបែបនេះថា ប្រាក់ខែនៅតិច ហើយត្រូវចំណាយលើគ្រួសារផង និងខ្លួនឯងផង។ អ្វីដែលកញ្ញាអាចប្រាថ្នាបាននៅពេលនេះ គឺសុំត្រឹមតែឱ្យអាហារទាំងនោះគ្មានជាតិគីមីបពុម្ពប៉ុណ្ណោះ។

ដោយឡែក នៅក្នុងបន្ទប់ជួលតូចមួយក្បែររោងចក្រស្បែកជើង ក្នុងតំបន់ទឹកថ្លា អ្នកស្រី សុខ អៀង ដែលជាកម្មការិនីធ្វើការ ៧ ឆ្នាំ និងកំពុងមានផ្ទៃពោះ ដំណាលគ្នានឹងការហូបបាយថ្ងៃត្រង់ជុំប្តី និងកូន ២ នាក់ទៀត បានឱ្យដឹងថា ថ្ងៃណាដែលប្តី និងកូនមិននៅ អ្នកស្រីត្រូវទិញម្ហូបហូបនៅមុខរោងចក្រដូចកម្មការិនីដទៃដែរ។ អ្នកស្រីបានបញ្ជាក់ថា អាហារសព្វថ្ងៃនេះមិនសូវមានគុណភាពល្អនោះទេ គឺហូបគ្រាន់តែឱ្យមានកម្លាំងធ្វើការមួយថ្ងៃៗប៉ុណ្ណោះ។

នៅឯមន្ទីរពេទ្យសម្រាកព្យាបាល និងសម្ភព មូលមិត្ត ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានអ្នកជំងឺមកទទួលសេវាយ៉ាងកកកុញ តាំងពីជាន់ក្រោមរហូតដល់ជាន់លើ។ ប្រធានរដ្ឋបាលនៃមន្ទីរពេទ្យឯកជននេះ បានឱ្យដឹងថា អ្នកមកព្យាបាលនៅទីនេះស្ទើរតែ ៩០ ភាគរយ គឺជាកម្មករ។

វេជ្ជបណ្ឌិតមួយរូបនៅមន្ទីរពេទ្យនោះ បានបញ្ជាក់ថា ជាប្រចាំថ្ងៃ មានកម្មករប្រហែល ២០ នាក់ ដែលមានបញ្ហាសុខភាពពាក់ព័ន្ធនឹងចំណីអាហារ។ លោកបានបន្តថា មូលហេតុចម្បងគឺបណ្តាលមកពីការត្បិតត្បៀតក្នុងការហូបចុក និងការទទួលទានអាហារគ្មានអនាម័យ ដូចជា ម្ហូបសល់ អាហារប្រភេទជ្រក់ ផ្អក ម៉ាំ ឬលៀសហាល ដែលអាចបណ្តាលឱ្យពុល និងកើតជំងឺគ្រុនពោះវៀនជាដើម។

 

Daily Program

Livesteam thumbnail