អាជីពធាក់ស៊ីក្លូនៅភ្នំពេញ កំពុងប្រឈមនឹងការបាត់បង់ ខណៈចំណូលអ្នកធាក់ធ្លាក់ចុះដល់បាត

បច្ចុប្បន្ននេះ ដោយសារតែមានភាពជឿនលឿនកាន់តែខ្លាំងខាងបច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍសង្គមកាន់តែទៅមុខ ការរស់នៅ ការប្រស្រ័យទាក់ទង និងមធ្យោបាយធ្វើដំណើររបស់ប្រជាជនខ្មែរបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ប្រជាពលរដ្ឋតែងតែជ្រើសរើសមធ្យោបាយធ្វើដំណើរណាដែលអាចជួយឱ្យពួកគេមានផាសុខភាព ចំណេញពេលវេលា និងថវិកា។

ស៊ីក្លូធ្លាប់ជាយានជំនិះដ៏ប្រជាប្រិយមួយដែលគេប្រើប្រាស់ជាប្រចាំតាំងពីមុនសម័យអាណានិគមបារាំងមកម្ល៉េះ។ ប៉ុន្តែ មធ្យោបាយដ៏ចំណាស់មួយនេះ លែងមានការគាំទ្រ និងប្រើប្រាស់ដូចមុនទៀតហើយពីសំណាក់ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ដោយសារតែវត្តមាននៃម៉ូតូឌុប រ៉ឺម៉កកង់បី និងសេវាយានយន្តតាមកម្មវិធីទូរស័ព្ទដូចជា PassApp ឬ Grab ជាដើម។ ការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់នេះ បានធ្វើឱ្យអ្នករករបរធាក់ស៊ីក្លូប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងការរកចំណូលប្រចាំថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយភាគច្រើនរកបានត្រឹមតែចន្លោះពី ១០,០០០រៀល ទៅ ៣០,០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។

កំពុងឈរចាំភ្ញៀវទាំងទឹកមុខក្រៀមក្រំ លោកតា សួន សុខ ក្នុងវ័យ ៨០ឆ្នាំ បានឱ្យដឹងថា ការប្រកបរបរធាក់ស៊ីក្លូនេះបានត្រឹមតែមួយក្រពះប៉ុណ្ណោះ។ មកទល់ពេលនេះ លោកបានប្រកបរបរនេះជាង ៣០ឆ្នាំមកហើយ ហើយដោយសារតែវ័យកាន់តែចាស់ លោកមិនអាចធ្វើការងារអ្វីផ្សេងបានទៀតឡើយ ទើបសម្រេចចិត្តបន្តធ្វើជាអ្នកធាក់ស៊ីក្លូមកដល់សព្វថ្ងៃ។

ភ្នែកសម្លឹងមើលឆ្វេងស្តាំរកមើលភ្ញៀវ និងនិយាយអំពីប្រវត្តិរបររបស់លោកបណ្តើរ លោកតា សុខ បានឱ្យដឹងថា ក្រៅពីធាក់ស៊ីក្លូ លោកក៏ជាកសិករម្នាក់ផងដែរ ដោយនៅពេលធ្វើស្រែរួច រូបលោកតែងតែត្រឡប់មកប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញវិញ។ លោកបានបន្ថែមថា របរធាក់ស៊ីក្លូនៅក្នុងទីក្រុងមិនងាយស្រួលប៉ុន្មានទេ ជាពិសេសគឺបញ្ហាទីស្នាក់អាស្រ័យ ដោយរៀងរាល់ថ្ងៃលោកត្រូវសម្រាន្តនៅលើស៊ីក្លូ ឬតាមសំយាបផ្ទះគេ។ សព្វថ្ងៃនេះ ភ្ញៀវរបស់លោកភាគច្រើនជាអ្នកទេសចរ ប៉ុន្តែថ្មីៗនេះមិនសូវមានភ្ញៀវបរទេសប៉ុន្មានទេ ដូច្នេះលោកត្រូវពឹងផ្អែកលើប្រាក់ឧបត្ថម្ភដែលផ្តល់ដោយសមាគមស៊ីក្លូកម្ពុជា ប្រមាណ ២០ម៉ឺនរៀលក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯង និងគ្រួសារនៅឯខេត្ត។

មិនខុសគ្នាប៉ុន្មានពីលោកតា សួន សុខ ដែរ លោក ហេង អាយុ ៧៣ឆ្នាំ ដែលកំពុងអង្គុយចាំភ្ញៀវនៅច្រកផ្សារកណ្តាលខាងលិច ក៏ទទួលបានចំណូលមិនច្រើនឡើយពីការធាក់ស៊ីក្លូ។ បុរសវ័យចំណាស់មកពីខេត្តតាកែវរូបនេះបានប្រកបរបរនេះតាំងពីអំឡុងឆ្នាំ១៩៨០ ហើយវាបានជួយសម្រាលជីវភាពគ្រួសារបានមួយផ្នែក។ លោក ហេង ដឹកភ្ញៀវភាគច្រើនដែលមកផ្សារកណ្តាល និងពេលខ្លះដឹកភ្ញៀវទេសចរដែលសមាគមស៊ីក្លូកម្ពុជាទាក់ទងឱ្យ។ លោកលើកឡើងថា របរនេះមិនលំបាកអ្វីសម្រាប់រូបលោកទេ ក្រៅពីបញ្ហាខ្វះកន្លែងស្នាក់នៅពិតប្រាកដ ដោយត្រូវសម្រាន្តតាមសំយាបផ្ទះគេដូចគ្នា។

ទាក់ទិននឹងការប្រើប្រាស់ស៊ីក្លូនេះដែរ លោកស្រី ម៉ៅ អាយុ ៥២ឆ្នាំ ជាស្ត្រីមេផ្ទះម្នាក់ បានប្រាប់ឱ្យដឹងថា អ្នកស្រីតែងតែជិះស៊ីក្លូទៅផ្សារ និងត្រឡប់មកផ្ទះវិញ ដោយសារចូលចិត្តធ្វើដំណើរតាមស៊ីក្លូព្រោះវាមានភាពងាយស្រួល សុវត្ថិភាព និងអាណិតដល់អ្នកធាក់ស៊ីក្លូដែលមិនសូវរកចំណូលបានច្រើន។

ដោយឡែក កញ្ញា សីហា ដែលជានិស្សិតនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឱ្យដឹងថា ខ្លួនធ្លាប់ជិះស៊ីក្លូកាលពីកុមារភាព ហើយបច្ចុប្បន្នក៏នៅតែមានចិត្តចង់ជិះដែរ ប៉ុន្តែដោយសារមានយានជំនិះផ្ទាល់ខ្លួន និងដោយសារស៊ីក្លូមានល្បឿនយឺតជាងម៉ូតូ ទើបកញ្ញាមិនបានប្រើប្រាស់វាក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ទោះជាយ៉ាងណា កញ្ញាបានសម្តែងបំណងចង់ឱ្យរបរធាក់ស៊ីក្លូមួយនេះនៅតែអាចបន្តមានរូបរាងតទៅទៀត ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ កញ្ញាបានបញ្ជាក់ថា ប្រសិនបើយើងមិននាំគ្នាជិះទេ វានឹងបាត់បង់បន្តិចម្តងៗ ហើយនៅពេលដែលអ៊ុំៗចាស់ៗគាត់លាភពលោកទៅ របរស៊ីក្លូនោះនឹងត្រូវរលាយបាត់ដោយគ្មានអ្នកបន្តវេន ដូច្នេះហើយការចូលរួមជិះតិចឬច្រើន គឺអាចជួយរក្សាស៊ីក្លូឱ្យក្មេងជំនាន់ក្រោយបានឃើញតទៅមុខទៀត៕

 

Daily Program

Livesteam thumbnail