តើពិធី «កាន់បិណ្ឌ និងភ្ជុំបិណ្ឌ» មានអត្ថន័យពិតប្រាកដដូចម្ដេច?

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចូលមកដល់ទៀតហើយ។ ពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ មានសារសំខាន់យ៉ាងជ្រាលជ្រៅនៅក្នុងសង្គមខ្មែរគ្រប់ស្រទាប់វណ្ណៈ។

ទោះបីជាកន្លងមក មានការយល់ច្រឡំមួយចំនួនពាក់ព័ន្ធនឹងការឧទ្ទិសកុសលជូនបុព្វការីជនក៏ដោយ ប៉ុន្តែតាមអត្ថន័យពិតប្រាកដ ពិធីបុណ្យនេះគឺជាស្ពានភ្ជាប់សាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរ និងខ្មែរ ជាឱកាសនៃការជួបជុំ និងជាការផ្គត់ផ្គង់ចង្ហាន់ចំពោះព្រះសង្ឃ ជាជាងការគិតក្នុងន័យអវិជ្ជមានថា ដូនតាត្រូវតែធ្លាក់ទៅកាន់ប្រែត ឬនរកនោះឡើយ។

ព្រះភិក្ខុ អន អុល គ្រូសូត្រឆ្វេងវត្តវិមានតេជៈ (ហៅវត្តស្រះចក) មានថេរដីកាថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ កើតឡើងក្នុងបុព្វហេតុធំៗចំនួន៣ ដែលដូនតាខ្មែរបានបង្កើតឡើង រួមមាន៖ ការពង្រឹងស្មារតីរួបរួមសាមគ្គីភាព, ការជួបជុំសាច់ញាតិ ក្រុមគ្រួសារ និងមិត្តភក្តិ ព្រមទាំងការផ្គត់ផ្គង់ចង្ហាន់ និងគ្រឿងបរិក្ខារផ្សេងៗ ប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា។

ព្រះភិក្ខុ អន អុល មានថេរដីកាបន្តថា៖ «យើងធ្វើពិធីនេះឡើង ដើម្បីជាការរួបរួមសាមគ្គីគ្នារវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រោះបើគ្មានឱកាសពិធីបុណ្យធំៗបែបនេះទេ បរិស័ទភាគច្រើនមិនសូវមានពេលជួបជុំគ្នានោះឡើយ ដោយសារមមាញឹកនឹងការងារ មុខរបរជំនួញជួញដូរ ឬត្រូវធ្វើដំណើរទៅប្រកបអាជីវកម្មតាមបណ្តាខេត្ត និងស្រុកនានា»។

ព្រះអង្គបានបន្ថែមទៀតថា ការប្រារព្ធពិធីកាន់បិណ្ឌរយៈពេល ១៤ថ្ងៃ និងភ្ជុំបិណ្ឌ ១ថ្ងៃ (សរុប ១៥ថ្ងៃ) នេះ ក៏ជាឱកាសជួបជុំប្រចាំឆ្នាំដ៏មានអត្ថន័យរបស់ក្រុមគ្រួសារ ឪពុកម្តាយ និងកូនចៅក្នុងវង្សត្រកូល ដែលបានបែកឃ្លាតទៅធ្វើការរកស៊ី ឬប្រកបភារកិច្ចផ្សេងៗ។ បន្ថែមលើនេះ ពិធីនេះជាការចូលរួមផ្គត់ផ្គង់ចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់រយៈពេល ៣ខែកន្លងមក និងមិនអាចនិមន្តទៅកាន់ទីកន្លែងឆ្ងាយៗបាន។

គួររំលឹកផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំទី២ របស់កម្ពុជា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា។ ក្នុងនោះ រយៈពេល ១៤ថ្ងៃដំបូង ហៅថា «ពិធីកាន់បិណ្ឌ» និងថ្ងៃទី១៥ ហៅថា «ពិធីបុណ្យភ្ជុំបិណ្ឌ» ដែលជាពេលវេលាប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទី នាំយកចង្ហាន់ បង្អែម និងភេសជ្ជៈ ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ៕

 

Daily Program

Livesteam thumbnail
khmer popup image