ចូហាន ហ្គូថេនបឺហ្ស៍ ៖ បុរសអច្ឆរិយៈអ្នកបង្កើត "បដិវត្តន៍បោះពុម្ព" ដាស់ ទ្វីបអឺរ៉ុប និង​ពិភពលោកឱ្យភ្ញាក់ពីភាពងងឹត

មកត្រឹមដើមសតវត្សរ៍ទី១៥ ទ្វីបអឺរ៉ុបស្ថិតក្នុងសម័យកាលមួយដែលចំណេះដឹង ត្រូវបានកម្រិត​យ៉ាងខ្លាំង។ សៀវភៅនីមួយៗត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំដើម្បីចម្លងដោយដៃ ដែលធ្វើ ឱ្យ​វា​មានតម្លៃថ្លៃហួសថ្លែង និងមានតែក្រុមអភិជន ឬអ្នកសាសនាភាគតិច ប៉ុណ្ណោះ​ដែល​អាច​ស្វែង​យល់បាន។ ប៉ុន្តែបុរសម្នាក់ឈ្មោះ ចូហាន ហ្គូថេនបឺហ្ស៍ (Johannes Gutenberg) បាន​ឈាន​​ជើងចូលមកផ្លាស់ប្តូរវាសនារបស់មនុស្សជាតិទាំងមូល។

លោកហ្គូថេនបឺហ្ស៍ កើតនៅប្រមាណឆ្នាំ១៤០០ នៅទីក្រុងម៉ាយេនស៍ (Mayence) នៃចក្រភព​រ៉ូម៉ាំង​ដ៏បរិសុទ្ធនៃអាឡឺម៉ង់។ លោកគឺជាជាងពុម្ព និងជាអ្នកច្នៃប្រឌិតដ៏ឈ្លាសវៃម្នាក់។

នៅ​រវាង​ឆ្នាំ១៤៣១ ក្នុងបរិបទដែលសង្គម និងប្រព័ន្ធអប់រំនៅអឺរ៉ុបកំពុងស្រេកឃ្លានសៀវភៅ​យ៉ាង​ខ្លាំង ជា​ពិសេស​​តាម​បណ្ណាល័យ សកលវិទ្យាល័យ ចំណែកនៅទី​ក្រុង​បាល (Bâle) ប្រទេស​ស្វីស ក៏មហាសន្និបាត​សាសនាដែលបានបើក​ធ្វើឡើង​នៅ​ឆ្នាំ​១៤៣១ និងបានប្រមូល​ផ្តុំ​ដោយ​មេដឹកនាំ​សាសនា​​កាតូលិក អ្នកប្រាជ្ញ និងសាស្ត្រាចារ្យសកល​វិទ្យាល័យនៃទ្វីបអឺរ៉ុប​ជាច្រើនរូបផងនោះ ព្រមទាំងទាំងអស់បាន​លើកឡើងថា សំណេររបស់​ពួកគាត់គួរតែត្រូវកែច្នៃ និងផលិត​ឡើង​វិញឲ្យបាន​ច្រើន លោកហ្គូថេនបឺហ្ស៍ កំពុងចាប់ផ្តើមការស្រាវជ្រាវយ៉ាងស្ងប់​ស្ងាត់​​នៅ​​ទីក្រុង​ស្រ្តាស្បួហ្ស៍ (Strasbourg)។ នៅទីនោះ លោកបានបង្កើតនូវបច្ចេកវិទ្យាដ៏​អស្ចារ្យ​មួយ គឺ "ម៉ាស៊ីនបោះ​ពុម្ព​អក្សរ​ដែកចល័ត" រួមផ្សំជាមួយនឹងទឹកមឹករអិលខាប់ពិសេស។ ការរកឃើញ​នេះ​បានធ្វើឱ្យ​ការ​ផលិត​សៀវភៅលែងជាការងារចម្លងដោយដៃដ៏យឺតយ៉ាវ​ទៀត​ហើយ ប៉ុន្តែ​ជា​ការផលិត​បាន​ច្រើន​ច្បាប់ ឆាប់រហ័ស និងមានតម្លៃថោក ដែលអនុញ្ញាតឱ្យ​ប្រជាជន​ទូទៅ​អាចទទួល​បាន​ចំណេះ​ដឹងយ៉ាងទូលំទូលាយ។

នៅឆ្នាំ១៤៤៨ លោកបានត្រឡប់មកទីក្រុងម៉ាយេនស៍វិញ បន្តស្រាវជ្រាវ និងធ្វើការងារ​រោង​ពុម្ភ។ ចន្លោះឆ្នាំ១៤៥២-១៤៥៥ ស្នាដៃឯកដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ​បានចាប់​កំណើត​ឡើង គឺ "ព្រះគម្ពីរ ហ្គូថេនបឺហ្ស៍ ប៊ីប្ល៍" (Gutenberg Bible) ដែលមានកម្រាស់ ៦៤១ សន្លឹក (បែង​ចែក​ជា ៦៦ ក្បាលតូចៗ) និងរៀបរៀងចេញពីព្រះគម្ពីរនៃសន្តហ្ស៉េរ៉ូម (St. Jérôme)។ នេះ​ជា​សៀវភៅ​ដំបូងគេបង្អស់លើលោកដែលបោះពុម្ពដោយអក្សរដែកចល័ត ប្រកប​​ដោយ​ក្បូរ​​ក្បាច់​រចនា​យ៉ាងផ្ជិតផ្ចង់ និងស្រស់ស្អាតបំផុត។

របកគំហើញនេះបានក្លាយជាចលករជំរុញឱ្យកើតមានសម័យកាលរស់ឡើងវិញនៅអឺរ៉ុប (Renaissance) កំណែទម្រង់សាសនា និងបដិវត្តន៍វិទ្យាសាស្ត្រទំនើប ព្រោះប្រជាជន​អាច​អាន​ព្រះ​គម្ពីរ និងសៀវភៅវិទ្យាសាស្ត្រដោយខ្លួនឯងបានហើយ។

នៅឆ្នាំ ១៤៥៥ ព្រះអង្គ​ម្ចាស់​ស្តេច​ត្រាញ់ អាល់ដូលហ្វ៍ ទី២ នៃណាសូ (Adolphe II of Nassau) នៅទីក្រុងម៉ាយេនស៍ បានមើលឃើញ​ពី​គុណសម្បត្តិដ៏ធំធេង ​បាន​ប្រទាន​ប្រាក់ឧបត្ថម្ភមួយ​ជីវិត ព្រមទាំងប្រគល់គោរមងារ​ជាអភិជនដល់លោកហ្គូថេនបឺហ្ស៍​នៅក្នុងព្រះរាជវាំង​។

លោកចូហាន ហ្គូថេនបឺហ្ស៍ បានទទួលមរណភាពនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៤៦៨ នៅ​ទីក្រុង​ម៉ាយេនស៍។ ដើម្បីរំឭកដល់ខួបកំណើត ៥០០ឆ្នាំរបស់លោក សារមន្ទីរ ហ្គូថេនបឺហ្ស៍ ត្រូវបាន​បង្កើត​ឡើងនៅឆ្នាំ១៩០០ នៅទីក្រុងម៉ាយេនស៍នេះដែរ។ បន្ថែមពីលើនេះ នៅក្នុងឆ្នាំ១៩៩៧ សារព័ត៌មាន​​អាម៉េរិកដ៏ល្បីល្បាញ ថែមស៍ ឡាយហ្វ៍ Time-Life បានបោះឆ្នោតជ្រើសរើស​របក​គំហើញម៉ាស៊ីនពុម្ព​របស់​លោកជា "ការបង្កើតសំខាន់បំផុតនៃសហស្សវត្សរ៍ទី ២" ផងដែរ។

ថ្វីបើលោកចាកចេញទៅរាប់រយឆ្នាំហើយក្តី ប៉ុន្តែពន្លឺនៃចំណេះដឹងដែល​លោកបានបំភ្លឺ​តាម​រយៈ​​​ម៉ាស៊ីនបោះពុម្ព នៅតែបន្តរៀបចំពិភពលោកទំនើបមកដល់សព្វថ្ងៃ។

 

Daily Program

Livesteam thumbnail
khmer popup image