ផ្កាម្លឹះព្រែកថ្មី ដំណាំដង្ហើមសេដ្ឋកិច្ច និងក្តីបារម្ភលើការប្រើប្រាស់គីមី

រៀងរាល់ពេលព្រលឹមស្រាងៗ និងពេលព្រលប់ ក្លិនក្រអូបប្រហើរនៃផ្កាម្លឹះតែងតែភាយសាយភាយពេញភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋនៅទីនេះ ក្លិនក្រអូបនេះមិនត្រឹមតែជាធម្មជាតិផ្ដល់ឲ្យប៉ុណ្ណោះទេ វាគឺជា «ដង្ហើមសេដ្ឋកិច្ច» ប្រចាំថ្ងៃដែលចិញ្ចឹមជីវិតគ្រួសាររាប់រយខ្នងផ្ទះ។

លោក ជា តូ មេភូមិព្រែកថ្មី១ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកថ្មីប្រមាណជាង ៩០ភាគរយ មានជីវភាពពឹងអាស្រ័យលើដំណាំផ្កាម្លឹះនេះ។ ផ្កាម្លឹះដែលគេឃើញលក់ដូរសឹងតែគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ ភាគច្រើនគឺត្រូវបានប្រមូលផល និងដឹកជញ្ជូនចេញពីភូមិសាស្ត្រមួយនេះ។ របរនេះបានបង្កើនខ្សែច្រវាក់ការងារ និងចំណូលដល់មនុស្សជាច្រើនក្រុម ចាប់តាំងពីម្ចាស់ចម្ការ កម្មករប្រមូលផល (បះផ្កា) អ្នកក្រងផ្កា អ្នកលក់ថ្នាំកសិកម្ម រហូតដល់អ្នកលក់បន្តនៅតាមទីផ្សារ។

របរដាំ និងប្រមូលផលផ្កាម្លឹះបានបង្កើតការងារយ៉ាងស្ងៀមស្ងាត់ជូនដល់ស្ត្រី និងពលរដ្ឋក្នុងមូលដ្ឋាន។ អ្នកស្រី វ៉ែន សុម៉េត ដែលជាកម្មករប្រកបរបរបះផ្កាម្លឹះអស់រយៈពេលជាង ២០ឆ្នាំមកហើយ បានរៀបរាប់ទាំងស្នាមញញឹមថា អ្នកស្រីអាចបះផ្កាម្លឹះបានចន្លោះពី ៥ ទៅ ៧គីឡូក្រាមក្នុងមួយថ្ងៃ អាស្រ័យលើរដូវកាល។

អ្នកស្រីបានរៀបរាប់ថា៖ «ខ្ញុំបះរាល់ថ្ងៃមិនឈប់នោះទេ តិចឬច្រើនក៏ដោយ។ មុខរបរនេះប្រសិនបើយើងខ្ជិលគឺមិនបាននោះទេ គ្មានលុយសម្រាប់ចាយនោះទេ»។ សម្រាប់ថ្លៃឈ្នួលដែលអ្នកស្រីទទួលបានគឺ ៨,០០០រៀល (ប្រហែល ២ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។

ដោយឡែក អ្នកស្រី សំ ស៊ីភឿន ដែលធ្លាប់ជាអ្នកបះផ្កាម្លឹះកណ្តាលកម្តៅថ្ងៃ ប៉ុន្តែបានប្តូរមកក្រងផ្កាម្លឹះក្នុងម្លប់វិញអស់រយៈពេលជាង ៧ឆ្នាំដោយសារបញ្ហាសុខភាព បានឱ្យដឹងថា ផ្កាម្លឹះពិតជាបានជួយឲ្យជីវភាពអ្នកភូមិភាគច្រើនបានធូរធារ។

អ្នកស្រី ស៊ីភឿន បានប្រៀបធៀបរបរទាំងពីរថា៖ «បះខ្លាំងជាងចាក់ (ក្រង) ដោយត្រូវគិតជាគីឡូភ្លាមៗបន្ទាប់ពីបះ។ យើងបះពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១រសៀល យើងប្រមូលបាន ២ទៅ៣គីឡូក្រាម តែបើក្រងផ្កាវិញ ពីព្រឹកដល់ល្ងាចទើបបាន ២ទៅ៣ម៉ឺនរៀល»។

មិនត្រឹមតែពលរដ្ឋក្នុងភូមិប៉ុណ្ណោះទេ ស្ត្រីទីក្រុងមួយចំនួនក៏បានផ្ញើសេដ្ឋកិច្ចលើផ្កានេះដែរ។ អ្នកស្រី សាន់ ដារាស្រីណា ដែលជាអាជីវករប្រកបរបរនេះជាង ១០ឆ្នាំ បានបញ្ជាក់ថា ផ្កាម្លឹះមានទីផ្សារជានិច្ច ទោះជាត្រូវប្រឈមនឹងការប្រែប្រួលតម្លៃតាមរដូវកាលយ៉ាងណាក៏ដោយ។ ក្រៅពីយកទៅធ្វើជាគ្រឿងសក្ការៈ ផ្កាម្លឹះក៏អាចយកទៅកែច្នៃធ្វើជាតែផងដែរ។

ទោះជាយ៉ាងណា ការទទួលបានផលល្អពីដំណាំនេះ មិនមែនជារឿងងាយស្រួលនោះទេ។ លោក វង់ វឿន ម្ចាស់ចម្ការផ្កាម្លឹះម្នាក់ដែលមានដើមម្លឹះជាង ៥០០ដើម បានឱ្យដឹងថា ដំណាំនេះទាមទារការថែទាំយ៉ាងដិតដល់ ទាំងការស្រោចទឹក និងការប្រើប្រាស់ថ្នាំកសិកម្ម។

លោកបានរៀបរាប់ថា៖ «ក្នុងមួយចម្ការរបស់ខ្ញុំ ខ្ញុំត្រូវបាញ់ថ្នាំជារៀងរាល់ ៣ថ្ងៃម្តង ដោយចំណាយប្រហែល ៣០,០០០រៀលក្នុងមួយលើក ដើម្បីឱ្យផ្កាម្លឹះរីកល្អមានគុណភាពទើបមានម៉ូយប្រមូលទិញ»។ លោកបានបន្ថែមថា ប្រសិនបើអ្នកដាំមានភាពឧស្សាហ៍ព្យាយាម ដំណាំប្រភេទនេះអាចជួយចិញ្ចឹមគ្រួសារបានជារៀងរហូត។

ផ្អែកលើទិដ្ឋភាពបច្ចេកទេស លោក គឹម សាន្ត អ្នកជំនាញផ្នែកកសិកម្ម បានពន្យល់ថា ដំណាំផ្កាម្លឹះជារឿយៗជួបប្រទះបញ្ហាប្រឈមដូចជា សត្វដង្កូវ សត្វល្អិត និងជំងឺរួញស្លឹក ឬរួញផ្កា។ លោកបានផ្តល់អនុសាសន៍ថា កសិករអាចដោះស្រាយបញ្ហានេះបានដោយប្រើប្រាស់ថ្នាំកសិកម្មក្នុងកម្រិតសមស្រប និងមិនត្រូវប្រើប្រាស់ញឹកញាប់ពេកនោះទេ។

ថ្វីបើដំណាំផ្កាម្លឹះផ្តល់ចំណូលប្រចាំថ្ងៃដល់អ្នកភូមិ ប៉ុន្តែការប្រើប្រាស់ថ្នាំកសិកម្មគីមីច្រើនពេក បានចោទជាសញ្ញាសួរលើបញ្ហាសុខភាពសាធារណៈ។

លោក ជា តូ មេភូមិព្រែកថ្មី១ បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នកភូមិ ដោយសារការប្រើប្រាស់ថ្នាំកសិកម្មស្ទើរតែពេញភូមិ។ លោកបានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ ឱ្យកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ហើយបង្វែរមកផ្ដោតលើការស្រោចទឹកឱ្យបានគ្រប់គ្រាន់ និងប្រើប្រាស់បច្ចេកទេសធម្មជាតិវិញ ព្រោះការស្រោចទឹកបានច្រើន ក៏អាចជួយឱ្យផ្កាម្លឹះផ្តល់ផលបានច្រើនដូចគ្នាដែរ។

បន្ថែមពីនេះ ផ្កាម្លឹះដែលកាត់បន្ថយការប្រើប្រាស់ថ្នាំគីមី មិនត្រឹមតែសុវត្ថិភាពដល់អ្នកដាំ និងអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានក្លិនក្រអូបខ្លាំង និងអាចរក្សាទុកបានយូរ ដោយគ្រាន់តែត្រាំទឹកកក ឬក្លាសេក្នុងទូទឹកកក

នៅក្នុងវប្បធម៌ខ្មែរ ប្រជាពលរដ្ឋកម្ពុជាជាង ៩០ភាគរយ និយមប្រើប្រាស់ផ្កាម្លឹះសម្រាប់ធ្វើជាគ្រឿងសក្ការបូជា ថ្វាយព្រះ ជូនជាអំណោយដល់មនុស្សជិតស្និទ្ធ ឬបុគ្គលសំខាន់ៗ និងក្រងសម្រាប់ស្រង់ក្លិនក្រអូប។

តាមការគូសបញ្ជាក់របស់កសិករ រដូវកាលដែលផ្កាម្លឹះសំបូរ និងឱ្យផលច្រើនជាងគេ គឺចាប់ពី ខែមេសា ដល់ខែមិថុនា ខណៈរដូវកាលដែលខ្សត់ផ្កា និងមានតម្លៃថ្លៃ គឺស្ថិតនៅចន្លោះពី ខែវិច្ឆិកា ដល់ខែមករា។

ផ្កាម្លឹះព្រែកថ្មី មិនត្រឹមតែជាមរតកកសិកម្មប្រចាំតំបន់ដែលបង្កើតការងារ និងប្រាក់ចំណូលរៀងរាល់ថ្ងៃដល់ពលរដ្ឋនោះទេ ប៉ុន្តែវាទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមលើការដាំដុះបែបសុវត្ថិភាព ដើម្បីធានាបានទាំងចីរភាពសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូល៕

 

Daily Program

Livesteam thumbnail
khmer popup image