សម័យនេះកុំជឿលើសំបកក្រៅ! ហានិភ័យខ្ពស់ណាស់
សម័យនេះជាសម័យសម្ភារនិយម ហើយមនុស្សចូលចិត្តឲ្យតម្លៃណាស់ទៅលើសំបកក្រៅ ដូចជាលំនៅឋាន យានជំនិះ ទូរស័ព្ទ សម្លៀកបំពាក់ និងគ្រឿងអលង្ការផ្សេងៗ រួមទាំងការងារផងដែរ។ ដូច្នេះ ប្រសិនបើយើងរាប់អានមនុស្ស ហើយមើលមនុស្សបែបនេះ គឺពិតជាអាចស្រឡះដៃធេងនៅថ្ងៃណាមួយមិនខាន។
មកដល់ពេលនេះ មានអ្នកដែលរងគ្រោះជាច្រើននាក់មកហើយ ដោយសារតែវាយតម្លៃស្ថានភាពមនុស្សម្នាក់ៗដោយអាងទៅលើកត្តាខាងលើ ស្របពេលដែលបុគ្គលនៅក្នុងចំណោមមនុស្សជំពូកនេះកាន់តែសម្បូរនិងកាន់តែលេចធ្លោ។ ហើយដោយសារតែពួកគេដឹងចំណុចខ្សោយរបស់យើងទាំងអស់គ្នា ពួកគេប្រើប្រាស់មធ្យោបាយបែបនេះជាសំបកក្រៅ ដើម្បីបិទបាំងចេតនានិងបញ្ហាដ៏អាស្រូវផ្ទៃក្នុងរបស់ពួកគេ។
សូមកុំធ្វេសប្រហែស! មនុស្សខ្លះរស់នៅលំនៅឋានប្រណីត មានយានជំនិះនិងសម្ភារទំនើបៗប្រើ សម្លៀកបំពាក់សុទ្ធតែរបស់មានយីហោមានម៉ូតត្រឹមត្រូវ ប៉ុន្តែកុំភ្លេចថា លំនៅឋាននិងយានជំនិះគឺសុទ្ធសឹងតែជួលគេ គ្រឿងអលង្ការទៀតសោតគឺជារបស់កាឡៃ ការងារឬមុខរបរមិនច្បាស់លាស់ គឺបង្ហាញតែរូបភាពនៅលើបណ្តាញសង្គមប៉ុណ្ណោះ។ អ្នកទាំងអស់នោះ ខ្លះរស់នៅដោយបំណុល ពោលគឺយកបំណុលដោះបំណុល ហើយនៅពេលដែលយើងទៅពាក់ព័ន្ធ យើងអាចនឹងលង់នៅក្នុងបំណុលឬបញ្ហាដោយយថាហេតុ។ អ្វីៗដែលពួកគេមាន គ្រាន់តែជាសំបកក្រៅឬជាអន្ទាក់ដើម្បីជាធ្នាក់បង្ហាញឧត្តមភាពនៅក្នុងសង្គមតែប៉ុណ្ណោះ។
អ្នកខ្លះវិញ មានមុខរបរមានការងារត្រឹមត្រូវមែន ប៉ុន្តែក៏អាចលង់នឹងបញ្ហាមួយចំនួនក៏មាន។ ដូចនេះ ដើម្បីគេចចេញពីបញ្ហានេះ តើយើងគួរធ្វើយ៉ាងណា?
ដើម្បីកាត់បន្ថយហានិភ័យលើបញ្ហានេះ រាល់ការរាប់អានរបស់យើង គួរតែកុំយកសម្ភារនិងទ្រព្យសម្បត្តិជាគោល គឺគួររៀនមើលអត្តចរិត ព្យាយាមវិភាគនិងសិក្សាឱ្យស៊ីជម្រៅលម្អិត ផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្រើនជាមួយនឹងប្រភពផ្សេងៗ មុនពេលសម្រេចចិត្តធ្វើការរកស៊ីឬរួមដៃជាមួយនឹងនរណាម្នាក់ធ្វើអ្វីមួយ។ យើងទាំងអស់គ្នាសូមកុំធ្លាក់នៅក្នុងអន្ទាក់នៃរូបភាពខាងក្រៅ ហើយរាល់ការងារពាក់ព័ន្ធនឹងលុយកាក់ គឺគួរតែមានលិខិតស្នាម មានសាក្សី មានឯកសារច្បាស់លាស់ ហើយដាច់ខាតត្រូវប្រុងប្រយ័ត្ននឹងការប្រកាសធានាណាមួយនៅក្នុងរឿងនេះ។
សរុបទៅ ការមិនវាយតម្លៃមនុស្សដោយសំបកក្រៅ គឺជាគោលការណ៍ល្អបំផុតនៅក្នុងសង្គម ប៉ុន្តែយើងក៏មិនគួរវាយតម្លៃថា អ្នកដែលមានជីវភាពល្អសុទ្ធតែមានបញ្ហា ឬក្លែងបន្លំដែរ។ វិធីដែលមានតុល្យភាពជាងគេ គឺវាយតម្លៃមនុស្សតាមអត្តចរិត ប្រវត្តិនៃការប្រព្រឹត្ត និងភស្តុតាងជាក់ស្តែង ជាជាងរូបរាងខាងក្រៅ ឬការសន្និដ្ឋានដោយគ្មានព័ត៌មានគ្រប់គ្រាន់។