តើពលរដ្ឋកម្ពុជាពិតជាមិនចង់បានកូនច្រើនមែនឬ?
មកដល់ពេលនេះ មានការលើកទឹកចិត្តពីថ្នាក់ដឹកនាំឱ្យពលរដ្ឋកម្ពុជានាំគ្នាបង្កើតកូនឱ្យបានច្រើន ដើម្បីដោះស្រាយបញ្ហាប្រជាសាស្ត្រ និងដើម្បីបង្កើនធនធានមនុស្សសម្រាប់ប្រទេស ។ តើពលរដ្ឋកម្ពុជាភាគច្រើនពិតជាមិនចង់បានកូនច្រើនមែនឬ ក្រោយពេលចាប់ដៃគ្នាបង្កើតគ្រួសារ?
ជាការពិត ពលរដ្ឋកម្ពុជាភាគច្រើនគ្មាននរណាស្អប់រឿងបានកូនច្រើននោះទេ។ ពោលគឺ ម្នាក់ៗសុទ្ធតែចង់មានកូនលើសពី ២ នាក់ ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើនយកត្រឹម ២ នាក់ប៉ុណ្ណោះ។
ការដែលពលរដ្ឋកម្ពុជាមានកូនតិចបែបនេះ មិនមែនមានន័យថា ពលរដ្ឋកម្ពុជាមិនចង់បានកូនច្រើននោះទេ។ តាមវប្បធម៌ខ្មែរ គ្រួសារតែងតែគាំទ្រ ជំរុញ និងលើកទឹកចិត្តឱ្យពលរដ្ឋមានកូនច្រើន តាំងពីសម័យបុរាណកាលមក។
ពលរដ្ឋកម្ពុជាភាគច្រើននៅតែចង់បានកូនច្រើន ពោលគឺចាប់ពី ៣ នាក់ឡើងទៅ ប៉ុន្តែធាតុពិត មកដល់ពេលនេះ ជាមធ្យម គ្រួសារមួយមានកូនតែ ២ នាក់ប៉ុណ្ណោះ។ មូលហេតុសំខាន់មួយ គឺដោយសារពលរដ្ឋយល់ថា ការចិញ្ចឹមកូនត្រូវការចំណាយច្រើន។
នៅក្នុងគ្រួសារមួយដែលមានកូនច្រើន នៅពេលមានកម្មវិធីជួបជុំតាមគ្រួសារ បរិយាកាសមិនស្ងាត់ជ្រងំឡើយ។ ការដែលគ្រួសារមានកូនច្រើនធ្វើឱ្យមិនសូវអផ្សុក សមាជិកគ្រួសារស្គាល់ និងស្និទ្ធស្នាលគ្នាទៅវិញទៅមក ហើយក៏អាចធ្វើឱ្យកម្មវិធីនានានៅក្នុងគ្រួសារមានភាពអធិកអធម និងសប្បាយរីករាយផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ម្នាក់ៗនៅតែស្ទាក់ស្ទើរ ឬបដិសេធការមានកូនច្រើន ដោយសារតម្លៃជីវភាព ការអប់រំ សុខភាព និងការកម្សាន្ត កាន់តែមានតម្លៃខ្ពស់ឡើង។
មកដល់ពេលនេះ សម្រាប់គ្រួសារដែលមានកម្រិតជីវភាពមធ្យម ការចិញ្ចឹមកូន ២ នាក់អាចត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារ ហើយក្នុងករណីខ្លះអាចឈានដល់ខ្ទង់ម៉ឺនដុល្លារក៏មានដែរ។ ដូច្នេះហើយ ទើបម្នាក់ៗលែងសូវចង់មានកូនច្រើន។
ការដែលគ្រួសារខ្មែរជាច្រើនសម្រេចចិត្តមានកូនត្រឹម ២ នាក់ មិនគួរត្រូវបានបកស្រាយថា ពលរដ្ឋមិនស្រឡាញ់កូន ឬមិនចង់បានកូនច្រើននោះឡើយ។ ផ្ទុយទៅវិញ បំណងចង់បានកូនច្រើននៅតែមាននៅក្នុងគ្រួសារជាច្រើន ប៉ុន្តែបំណងនោះត្រូវបានរារាំងដោយសម្ពាធជីវភាព និងការចំណាយកាន់តែខ្ពស់ ជាពិសេសលើការសិក្សា សុខភាព ការរស់នៅ និងការថែទាំកូន ។
ដូចនេះ ប្រសិនបើយើងពិតជាចង់ដោះស្រាយបញ្ហាប្រជាសាស្ត្រ និងចង់ឱ្យគ្រួសារខ្មែរមានកូនច្រើនជាងមុន ការអំពាវនាវឱ្យប្រជាពលរដ្ឋ «បង្កើតកូនឱ្យបានច្រើន» តែមួយមុខ ប្រហែលមិនទាន់គ្រប់គ្រាន់ទេ។ អ្វីដែលសំខាន់ជាងនេះ គឺត្រូវបង្កើតបរិយាកាសមួយដែលធ្វើឱ្យគ្រួសារមានអារម្មណ៍ថា ការមានកូនបន្ថែមមិនមែនជាបន្ទុកហួសសមត្ថភាពរបស់ពួកគេ។ ការគាំទ្រផ្នែកសុខភាពមាតា និងទារក ការអប់រំដែលមានគុណភាពក្នុងតម្លៃសមរម្យ ការថែទាំកុមារ និងការជួយគ្រួសារដែលមានកូនច្រើន គួរតែត្រូវបានពិចារណាជាផ្នែកសំខាន់នៃការឆ្លើយតប។
សរុបទៅបញ្ហាមិនមែនស្ថិតនៅលើថា ប្រជាពលរដ្ឋ មិនចង់បានកូន នោះទេ ប៉ុន្តែស្ថិតនៅលើថា តើសង្គម និងរដ្ឋអាចបង្កើតលក្ខខណ្ឌអ្វីខ្លះ ដើម្បីឱ្យគ្រួសារដែលចង់មានកូនបន្ថែម អាចសម្រេចបំណងរបស់ខ្លួនបានដោយមិនមានអារម្មណ៍ថា ខ្លួនកំពុងប្រឈមនឹងបន្ទុកហួសសមត្ថភាព។
