អតិផរណានៅកម្ពុជា ក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា ស្ថិតនៅកម្រិត ៤,៧%
អតិផរណានៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ ត្រូវបានព្យាករថានឹងស្ថិតនៅកម្រិត ៤,៧% បើទោះបីជាមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈក៏ដោយ។ ការព្យាករនេះកើតឡើងក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជាបានជួបប្រទះការថយចុះល្បឿនកំណើនក្នុងឆមាសទី១ ដោយសារភាពមិនប្រាកដប្រជាទាំងសកលលោក និងក្នុងស្រុក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។
បើតាមធនាគារជាតិ ការកើនឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័ស បានដាក់សម្ពាធយ៉ាងខ្លាំងមកលើអតិផរណា ដោយអត្រាអតិផរណារួមបានស្ទុះឡើងដល់ ៧,២% នាខែឧសភា និង ៦,៨% នាខែមិថុនា ឆ្នាំ២០២២៦។ តែយ៉ាងណា ការព្យាកណ៍ជារួមក្នុងឆ្នាំ២០២៦នេះ អតិផរណានៅកម្ពុជា នឹងស្ថិតក្នុងកម្រិត ៤,៧%។
ធនាគារជាតិ បានកត់សម្គាល់យ៉ាងដូច្នេះថា«អត្រាអតិផរណារួមបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយសារការកើនឡើងនៃថ្លៃប្រេងឆៅពិភពលោក។ អត្រាអតិផរណាបានហក់ឡើងពី ២,៦% នាខែកុម្ភៈ ទៅ ៥,៦% នាខែមីនា និងកើនឡើងជាលំដាប់ដល់ ៧,២% នាខែឧសភា មុននឹងថមថយ មក ៦,៨% នាខែមិថុនា។ អតិផរណារួមនាឆមាសទី១ បានកើនឡើងដល់ ៤,៩% (៣,៥% នាឆមាសទី១ ឆ្នាំ២០២៥)។ ការឡើងថ្លៃប្រេងឆៅពិភពលោកដែលធ្វើឱ្យ អតិផរណារួមកើនឡើងគឺជាសម្ពាធផ្នែកផ្គត់ផ្គង់ ដែលធ្វើឱ្យការឆ្លើយតបរបស់ធនាគារកណ្តាល តាមរយៈនយោបាយរូបិយវត្ថុមានកម្រិត»។
គួរបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនបង្កជាសម្ពាធ អតិផរណាបន្ថែមទេ ដោយសារតែទំនិញដែលធ្លាប់នាំចូលពីប្រទេសថៃ ត្រូវបានជំនួសដោយ ផលិតផលក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេង។
អត្រាអតិផរណាក្រុមម្ហូបអាហារបានកើនឡើងដល់ ៥,៥% (ធៀបនឹង ៤,៨% នាឆមាសទី១ ឆ្នាំ២០២៥) ដោយសារការកើនឡើងថ្លៃប្រេងឥន្ធនៈនិងជីកសិកម្ម ។ ថ្លៃបន្លែកើនឡើង ១០,៧% និងផ្លែឈើ ៩% ខណៈទំនិញខ្លះទៀតកើនថ្លៃក្នុងល្បឿនយឺតជាងមុន ដូចជា ត្រីស្រស់ ៤,៣% (៤,៧%) សាច់ជ្រូក ២,៧% (៣,៦%) និងសាច់គោស្រស់ ៣,៥% (៣,៩%)។ ថ្លៃជីកសិកម្ម នាំចូលបានកើនឡើង ១២,៩% (ធៀបនឹង ៩,៤% គ្រាដូចគ្នាឆ្នាំមុន)។
គួររំលេចថា អត្រាអតិផរណា ក្រុមម្ហូបអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងថ្លៃប្រេងឥន្ធនៈ ដោយបានកើនឡើងពី ៣,៥% នាខែកុម្ភៈ ទៅដល់ ៧,៧% នាខែឧសភា និងបន្តកើនឡើងដល់ ៨,២% នាខែមិថុនា។
អតិផរណាស្នួលមានកម្រិត ២,៩% ដូចនឹងគ្រាដូចគ្នាឆ្នាំមុន ២,៩% ដែលក្នុងនោះថ្លៃ ការថែរក្សានិងការជួសជុលជម្រកស្នាក់នៅកើនឡើង ៧,៩% ភោជនីយដ្ឋាន ៣,៨% ខណៈដែលថ្លៃសម្លៀកបំពាក់ថយល្បឿនកំណើនមកត្រឹម ៤,៨% ។ គួររំលេចថា អតិផរណាស្នូលបានកើនឡើងចាប់តាំងពីដើមឆ្នាំ២០២៦មក ដែលជាចម្បងបណ្តាលមកពីការកើនឡើងនៃថ្លៃក្រុមភោជនីយដ្ឋាន និងការថែរក្សានិងការជួសជុល ជម្រកស្នាក់នៅ ដោយកើនដល់ ៣,៩% នាខែឧសភា ប៉ុន្តែបានថមថយមកវិញនាខែមិថុនា មកនៅ ៣,៦%។
ក្នុងបរិការណ៍នេះ ធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងជំរុញសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្តែង ការបន្តរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់បានរួមចំណែកការពារ អំណាចទិញនៃប្រាក់រៀល បន្ថយសម្ពាធអតិផរណា ក៏ដូចជាផ្តល់ជាយុផ្កាមួយនៃលំនឹងសេដ្ឋកិច្ច។ ទោះយ៉ាងណា កម្រិតខ្ពស់នៃដុល្លារូបនីយកម្មមិនអនុញ្ញាតឱ្យនយោបាយរូបិយវត្ថុដើរតួនាទីពេញលេញ ក្នុងការកាត់បន្ថយសម្ពាធអតិផរណានោះទេ ដោយត្រូវពឹងផ្អែកជាចម្បងទៅលើនយោបាយសារពើពន្ធ។
តាមធនាគារជាតិ ប្រាក់រៀលបន្តរក្សាបានស្ថិរភាពល្អប្រសើរ ដោយប្រែប្រួលជាមធ្យម ត្រឹម ០,៩% ប៉ុណ្ណោះ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០១៧ រៀលក្នុងមួយដុល្លារអាមេរិក ដែលរួមចំណែករក្សាអំណាចទិញនៃប្រាក់រៀល។
សូមជម្រាបថា នាឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងថមថយមកក្នុងរង្វង់ ៣,៩% ហើយ ត្រូវបានព្យាករថាកើនឡើង ៥% នាឆ្នាំ២០២៧។ កំណើននាឆមាសទី២នេះត្រូវបានបន្តគាំទ្រជាចម្បង ដោយកំណើននៃការនាំចេញ ជាពិសេសផលិតផលមិនមែនកាត់ដេរ និងការបន្តហូរចូលនៃវិនិយោគ ផ្ទាល់បរទេស ខណៈដែលវិស័យទេសចរណ៍ធ្លាក់ចុះ៕
