សម្តេចប៉ាប ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសប៉េរូ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូ ទី១៤ បានយាងមកដល់ប្រទេសប៉េរូ នៅថ្ងៃទី១១ ខែវិច្ឆិកា ដែលជាការចាប់ផ្តើមដំណាក់កាលទីបី និងជាដំណាក់កាលចុងក្រោយនៃដំណើរយាងទស្សនកិច្ចរបស់ទ្រង់នៅអាមេរិកខាងត្បូង បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីនរួចមក។

យន្តហោះរបស់សម្តេចប៉ាបឡេអូបានចុះចតនៅមូលដ្ឋានទ័ពអាកាស កាឡាអូ (Callao) ជាទីដែលប្រធានាធិបតី កៃកូ ហ្វូជីម៉ូរី (Keiko Fujimori) និងរដ្ឋមន្ត្រីការបរទេស កាឡូស អេស្ប៉ា (Carlos Espá) បានរង់ចាំទទួលស្វាគមន៍ទ្រង់។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប៉ាបឡេអូ បានធ្វើដំណើរទៅកាន់មហាវិថី អាវេនីដា ប្រេស៊ីល (Avenida Brasil) ជាកន្លែងដែលទ្រង់គង់លើរថយន្តសម្រាប់សម្តេចប៉ាប (popemobile) ដើម្បីស្វាគមន៍ប្រជាជនដែលឈររង់ចាំតាមដងផ្លូវ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់វិមានប្រធានាធិបតី ដើម្បីចូលរួមក្នុងពិធីស្វាគមន៍ជាផ្លូវការ និងជួបពិភាក្សាជាមួយប្រធានាធិបតី។

នៅល្ងាចថ្ងៃដំបូងក្នុងប្រទេសប៉េរូ សម្តេចប៉ាបឡេអូបានបញ្ចប់កម្មវិធីនៅឯរោងមហោស្រពជាតិ (Gran Teatro Nacional) ក្នុងទីក្រុង លីម៉ា (Lima) ជាកន្លែងដែលទ្រង់បានថ្លែងសុន្ទរកថាទៅកាន់មន្ត្រីរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកនៃគណៈទូតនានា។

ដំណើរទស្សនកិច្ចនេះ គឺជាការវិលត្រឡប់របស់សម្តេចប៉ាបឡេអូទៅកាន់ប្រទេសមួយដែលទ្រង់ធ្លាប់បានបំពេញបេសកកម្មអស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងក្រុមសាសនទូតអូហ្គូស្ទីន។

នៅថ្ងៃទី១២ ខែវិច្ឆិកា ទ្រង់មានកម្មវិធីជួបជាមួយបណ្ដាអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសប៉េរូ និងដឹកនាំការអធិស្ឋានពេលថ្ងៃត្រង់នៅអសនវិហារនៃទីក្រុងលីម៉ា ហើយទ្រង់ក៏នឹងយាងចូលរួមក្នុងជំនួបមួយនៅទីលានខាងក្រៅវិហារនោះ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងក្តីសង្ឃឹមរបស់ប្រជាជនប៉េរូផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ទ្រង់នឹងយាងទៅកាន់ទីក្រុងឈីក្លាយូ (Chiclayo) នៅភាគខាងជើងប្រទេសប៉េរូ នៅថ្ងៃសុក្រ ជាទីដែលទ្រង់នឹងប្រារព្ធពិធីថ្វាយអភិបូជា នៅតំបន់ប៉ាំប៉ាស ដឺ ពីមេនតែល (Pampas de Pimentel)។

នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ទ្រង់នឹងត្រឡប់មកទីក្រុងលីម៉ាវិញ ដើម្បីប្រារព្ធពិធីថ្វាយអភិបូជានៅមូលដ្ឋានទ័ពអាកាសឡាស បាល់ម៉ាស (Las Palmas Air Base) មុនពេលយាងត្រឡប់ទៅទីក្រុងរ៉ូមវិញ។

Daily Program

Livesteam thumbnail
khmer popup image