ដូណាល់ ត្រាំ និងស្រមោលចារកម្មចិន ៖ ការជជែកវែកញែកនៅពេលមេដឹកនាំ អាម៉េរិក បើកភ្លើងខៀវឱ្យមហាសេដ្ឋីបន្ទះឈីបអេនវ៉ាយឌៀ ឡើងយន្តហោះ អ៊ែរ ហ្វ៉ស វ័ន

យោងតាមសារព័ត៌មានធំៗពីរ គឺញូ យ៉ក ថែមស៍ (New York Times) និង​ស៊ីអេនៗ (CNN) បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកដូណាល់ ត្រាំ ត្រូវបាន​រាយ​ការណ៍​​​ថា​បាន​ទទួលការព្រមានពីមន្ត្រីជាន់ខ្ពស់របស់លោក​យ៉ាងហោច​ណាស់​ ២លើក រួម​ទាំង​ពីរដ្ឋមន្ត្រី​ការបរទេស លោកម៉ាកកូ រូប៊ីយ៉ូ ផងដែរ ជុំវិញការ​សង្ស័យ​លើ​ទំនាក់ទំនង​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍​រវាងអគ្គនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា អេនវ៉ាយឌៀ (Nvidia) លោក​ជេនសេន ហ័ង (Jensen Huang)  ជាមួយស្ត្រីម្នាក់ដែលត្រូវបាន​ចារកម្ម​​អាម៉េរិក​សង្ស័យ​ថាជា​ភ្នាក់ងារ​សម្ងាត់របស់ទីក្រុងប៉េកាំង ប៉ុន្តែលោកត្រាំនៅតែ​បន្ត​អនុញ្ញាត​ឱ្យ​មហាសេដ្ឋី​រូបនេះ​រួម​ដំណើរតាមយន្តហោះប្រធានាធិបតីទៅកាន់ប្រទេសចិន​ដដែល។

រឿងអាស្រូវផ្នែកសន្តិសុខជាតិអាម៉េរិក និងនយោបាយថ្មីមួយបានផ្ទុះឡើងនៅក្នុងរដ្ឋបាល​ទីក្រុង​​វ៉ាស៊ីនតោន ដែលចោទជាសំណួរយ៉ាងខ្លាំងទៅលើរបៀបដឹកនាំ និងការថ្លឹងថ្លែងរវាង​ផល​​ប្រយោជន៍​សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ។ យោង​តាមរបាយការណ៍ស៊ើបអង្កេតដែលចេញផ្សាយដោយកាសែត ញូ យ៉ក ថែមស៍ និង​បណ្តាញសារ​ព័ត៌មានស៊ីអេនៗ បានឲ្យដឹងថា មានភាពផ្ទុយគ្នារវាងសេចក្តីថ្លែងការណ៍ជា​សាធារណៈ​រ​បស់​លោក​ប្រធានាធិបតី និងទិន្នន័យសម្ងាត់របស់មន្ត្រីជាន់ខ្ពស់ បានបង្ហាញពី​ភាព​ស្មុគ​ស្មាញ​នៅពី​ក្រោយ​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន កាលពីខែឧសភា ឆ្នាំ​២០២៦។

បើពិនិត្យមើលលើកាលប្បវត្តិនៃព្រឹត្តិការណ៍តាមរយៈប្រភពព័ត៌មានអាម៉េរិកទាំងពីរនេះ លោក​ដូណាល់ ត្រាំ មិនមែនទើបតែដឹងរឿងនេះនៅពេលថ្មីៗនោះទេ។ តាមការចុះផ្សាយ​របស់ញូ យ៉ក ថែមស៍ លោកប្រធានាធិបតីត្រូវបានគេជូនដំណឹងតាំងពីចុងឆ្នាំ២០២៥ មកម្ល៉េះ អំពីទំនាក់ទំនងក្រៅផ្លូវការរវាងលោក ជេនសេន ហ័ង មេដឹកនាំដ៏មានឥទ្ធិពលបំផុត​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (AI) និងស្ត្រីម្នាក់ឈ្មោះ អាលីស ហ័ង ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់​អាម៉េរិក​ដាក់ការសង្ស័យថាជាចារនារីធ្វើការឱ្យអាជ្ញាធរក្រុងប៉េកាំង​ក្នុងគោលបំណងជ្រៀត​ចូល​ក្រុមហ៊ុនផលិតបន្ទះឈីបយក្សអេនវ៉ាយឌៀ។ ក្នុងរយៈពេលត្រឹមតែ ៧ខែប៉ុណ្ណោះ លោក ត្រាំ ទទួលបានការព្រមានយ៉ាងហោចណាស់ពីរលើក។

ចំណុចរបត់ដ៏គួរឱ្យចាប់អារម្មណ៍បំផុត បានកើតឡើងនៅអំឡុងដំណើរទស្សនកិច្ចទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បីជួបប្រធានាធិបតីចិន លោកស៊ី ជីនពីង។ ដំបូងឡើយ លោក ជេនសេន ហ័ង មិនមានឈ្មោះក្នុងបញ្ជីគណៈប្រតិភូធុរកិច្ចអាម៉េរិកទេ។ ប៉ុន្តែនៅពេលយន្តហោះ​ប្រធានាធិបតី អ៊ែរ ហ្វ៉ស វ័ន (Air Force One) ចុះចតចាក់សាំងនៅរដ្ឋអាឡាស្កា លោកត្រាំ ស្រាប់តែសម្រេចចិត្តអញ្ជើញលោក ហ័ង ឱ្យ​​ឡើងជិះយន្តហោះជាមួយលោកដោយផ្ទាល់។

យ៉ាងណាមិញ ប្រភពពីស៊ីអេនៗ និង ញូ យ៉ក ថែមស៍ កត់សម្គាល់ថា នៅលើ​យន្តហោះ​​ឆ្ពោះ​ទៅ​ប៉េកាំង អ្នកទាំងពីរបានជួបសន្ទនាគ្នាតែមួយភ្លែតប៉ុណ្ណោះ មុនពេលលោកហ័ង ត្រូវ​បាន​រៀប​ចំ​​ឱ្យស្នាក់នៅផ្នែកដាច់ដោយឡែកមួយស្ទើរពេញមួយជើងហោះហើរ ដែល​អា​ចឆ្លុះ​បញ្ចាំង​​​​​ពីការប្រុងប្រយ័ត្នផ្នែកពិធីការ ឬការរក្សាគម្លាតនយោបាយ។

នៅចំពោះមុខសម្ពាធពីអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោកដូណាល់ ត្រាំ បានព្យាយាម​បដិសេធ​ថា លោកមិនបានទទួលព័ត៌មានទាំងនេះមុនជំនួបកំពូលជាមួយលោកស៊ី ជីនពីង ឡើយ។

ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពតានតឹងផ្ទៃក្នុងនៃនយោបាយអាម៉េរិក ៖ ខណៈ​​ដែលមន្ត្រីការទូត និងចារកម្មផ្តល់អាទិភាពខ្ពស់លើការទប់ស្កាត់ការលេច​ធ្លាយបច្ចេក​វិទ្យាអេអាយ AI ទៅកាន់ប្រទេសចិន មេដឹកនាំសេតវិមានហាក់ដូចជាផ្តល់តម្លៃលើទំ​នាក់ទំនង​ជាមួយ​មហាសេដ្ឋីបច្ចេកវិទ្យាដើម្បីជាប្រយោជន៍សេដ្ឋកិច្ច និងនយោបាយការទូត ទោះបីជា​ត្រូវ​ប្រឈមនឹងហានិភ័យខាងចារកម្មក៏ដោយ។

 

Daily Program

Livesteam thumbnail
khmer popup image