កាឌីណាល់ព្រះសហគមន៍កាតូលិកសិង្ហបុរីផ្ញើសារជូនពរពិធីបុណ្យឌីវ៉ាលីរបស់សាសនិកហិណ្ឌូ

លោកកាឌីណាល់ វីលៀម ហ្គោហ្វ (William Goh) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកប្រចាំប្រទេសសិង្ហបុរី បានលើកឡើងពីចំណុចរួមរវាងជំនឿលើសាសនាហិណ្ឌូ និងសាសនាគ្រិស្ត នៅក្នុងសារមួយដែលផ្ញើជូនអ្នកកាន់សាសនាហិណ្ឌូក្នុងឱកាសបុណ្យឌីវ៉ាលី (ឬឌីប៉ាវ៉ាលី)។

សារនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់អគ្គភូមិភាគ នៅថ្ងៃទី៨ ខែវិច្ឆិកា ដែលជាថ្ងៃប្រារព្ធពិធីបុណ្យឌីវ៉ាលី។ នៅក្នុងសារនោះបានលើកឡើងថា សិល្បៈរ៉ង់ហ្គោលី (rangoli) ដែលគេប្រើប្រាស់ក្នុងពិធីបុណ្យឌីវ៉ាលី គឺឆ្លុះបញ្ចាំងពីភាពឯកភាពក្នុងភាពចម្រុះ ដែលរីកចម្រើនឡើងនៅពេលដែលចិត្ត គំនិត និងសហគមន៍ បើកចំហទទួលយកអ្នកដទៃ។

រ៉ង់ហ្គោលី គឺជាសិល្បៈប្រពៃណីមួយ ដែលគេប្រើប្រាស់វត្ថុធាតុផ្សេងៗដូចជា ម្សៅថ្មកំបោរ ម្សៅអង្ករស្ងួត ខ្សាច់ពណ៌ ម្សៅរ៉ែឃ្វាត (quartz) និងស្រទាប់ផ្កា ដើម្បីបង្កើតជាលំនាំដ៏ល្អមង្គលនៅមុខទ្វារផ្ទះ ក្នុងអំឡុងពេលពិធីបុណ្យនានា ដូចជាបុណ្យឌីវ៉ាលីជាដើម។

ជុំវិញចំណុចនេះ លោកកាឌីណាល់បានលើកឡើងថា ពណ៌នីមួយៗមានភាពស្រស់ឆើតឆាយរៀងៗខ្លួន លំនាំនីមួយៗមានភាពស៊ីមេទ្រីរបស់វា ហើយគ្រាប់ខ្សាច់ ឬស្រទាប់ផ្កានីមួយៗ សុទ្ធតែមានទីតាំងជាក់លាក់ដែលត្រូវបានជ្រើសរើសសម្រាប់វា។ លោកបានបន្តថា ក្នុងន័យស្រដៀងគ្នានេះដែរ ភាពចម្រុះនៃសាសនា វប្បធម៌ ប្រពៃណី និងជំនឿផ្សេងៗនៅក្នុងពិភពលោកសព្វថ្ងៃនេះ រំឭកយើងថា យើងទាំងអស់គ្នាគឺជាផ្នែកមួយនៃសិល្បៈរ៉ង់ហ្គោលីដ៏អស្ចារ្យនៃមនុស្សជាតិ។

លោកកាឌីណាល់បានបន្ថែមទៀតថា ការបង្ហាញនេះជួយរំឭកយើងអំពីអ្វីដែលព្រះយេស៊ូ ដែលជាពន្លឺនៃពិភពលោក និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ បានបង្រៀនថា គ្មាននរណាម្នាក់អុជចង្កៀងហើយយកទៅដាក់នៅក្រោមធុងនោះទេ គឺគេដាក់វានៅលើជើងចង្កៀង ដើម្បីឱ្យវាបំភ្លឺដល់មនុស្សទាំងអស់នៅក្នុងផ្ទះ។

លើសពីនេះ លោកបានគូសបញ្ជាក់ថា យើងឃើញភាពល្អទាំងនោះបញ្ចេញពន្លឺតាមរយៈសកម្មភាពសប្បុរសធម៌ និងសេចក្តីសប្បុរសរបស់អ្នកទាំងអស់គ្នា។ ដោយរួបរួមគ្នាក្នុងក្តីសង្ឃឹមរួមសម្រាប់គ្រួសារមនុស្សជាតិរបស់យើង សូមយើងរួមគ្នាអបអរសាទរភាពចម្រុះរបស់យើង ឱ្យតម្លៃលើភាពជាមនុស្សដូចៗគ្នា ហើយបន្តដំណើរទៅមុខជាមួយគ្នា ក្នុងពន្លឺនៃសេចក្តីស្រឡាញ់ សន្តិភាព និងការគោរពគ្នាទៅវិញទៅមក។

ជាចុងក្រោយ សារនេះបានជូនពរដល់បងប្អូនហិណ្ឌូទាំងអស់ ឱ្យគេហដ្ឋានរបស់ពួកគេពោរពេញដោយពន្លឺ ឱ្យដួងចិត្តរបស់ពួកគេពោរពេញដោយសន្តិភាព និងឱ្យជីវិតរបស់ពួកគេពោរពេញដោយក្តីរីករាយ ក្តីសង្ឃឹម និងពរជ័យថ្មីៗ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យឌីប៉ាវ៉ាលីនេះ។

Daily Program

Livesteam thumbnail
khmer popup image