ល្បែងអំណាចនៅស្ហ៉ិនជិន ៖ ហេតុអ្វីលោក ស៊ី ជីនពីង លើកតម្កើងលោក ត្រាំ ហើយទុកលោក ពូទីន ឲ្យនៅឆ្ងាយ?

នៅក្នុងកិច្ចប្រជុំកំពូលអាប៉ិក (APEC) នាទីក្រុងស្ហ៉ិនជិន ប្រទេសចិន កាយវិការ​ការ​ទូត​របស់​មេដឹក​នាំចិន បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខណៈដែលលោក ដូណាល់ ត្រាំ ទទួលបានការស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត លោកវ្ល៉ាឌីមៀ ពូទីន បែរជា​ត្រូវ​បាន​រៀបចំ​ឱ្យ​ស្ថិត​នៅឆ្ងាយពីចំណុចកណ្តាលនៃបដិសណ្ឋារកិច្ច។ តើនេះគ្រាន់តែជារឿងចៃដន្យ ឬ​ជា​សារ​ព្រមានផ្នែកភូមិសាស្ត្រនយោបាយរបស់ទីក្រុងប៉េកាំងទៅកាន់សម្ព័ន្ធមិត្តរុស្ស៊ី?

កំពូលនៃកិច្ចកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងស្ហ៉ិនជិន កាល​ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា កន្លងទៅ មិនត្រឹមតែជាវេទិកាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវា​បាន​ក្លាយ​ជាឆាកបង្ហាញឥទ្ធិពលការទូតដ៏ស្រួចស្រាល់រវាងមហាអំណាចទាំងបី គឺចិន អាម៉េរិក និង​រុស្ស៊ី។ ភាពខុសគ្នាដូចមេឃ និងដីនៃការទទួលបដិសណ្ឋារកិច្ចរបស់ម្ចាស់ផ្ទះចិន បាន​ធ្វើ​ឱ្យ​​អ្នក​វិភាគអន្តរជាតិចោទសួរថា តើលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កំពុងត្រូវ​បាន​ទីក្រុង​​ប៉េកាំង​ធ្វើឱ្យអាម៉ាសមុខជាសាធារណៈ ឬយ៉ាងណា?

ភាពស្និទ្ធស្នាលកម្រិតកំពូល និងការទុកឱ្យនៅឯកោ

សម្រាប់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ដំណើរទស្សនកិច្ចនៅស្ហ៉ិនជិន​គឺជា​ជោគជ័យ​​ផ្នែករូបភាព។ លោកស៊ី ជីនពីង បានចេញទៅទទួលលោកដោយ​ផ្ទាល់ដល់​ទីលាន​យន្តហោះ ផ្តល់កិត្តិយសឱ្យឈរក្បែរខ្លួនក្នុងរូបថតផ្លូវការ និងរៀបចំកន្លែងអង្គុយ​ជាប់គ្នា​ក្នុង​ពិធី​ជប់លៀងបើកកិច្ចប្រជុំ។

ផ្ទុយស្រឡះពីនេះ លោកវ្ល៉ាឌីមៀ ពូទីន ដែលជាភ្ញៀវកិត្តិយសក្នុងជំនួបត្រីភាគីដែរនោះ បែរ​ជា​ទទួល​បានការស្វាគមន៍ត្រឹមតែពីលោក ឆាវ ឈី ដែលជាបុគ្គលលំដាប់ទី៥ នៃបក្សកុម្មុយនីស្ត​ចិន​ប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរូបថតផ្លូវការ និងពិធីជប់លៀងពេលល្ងាច លោកពូទីន ត្រូវបានដាក់ឱ្យនៅឆ្ងាយពីទាំងលោកស៊ី និងលោក ត្រាំ ដោយអង្គុយក្បែរប្រធានាធិបតី​ឥណ្ឌូណេស៊ី​ទៅវិញ។ ទីប្រឹក្សារបស់លោកពូទីន គឺលោកយូរី អ៊ូចាកូវ បានទទួលស្គាល់ថា មេដឹកនាំ​រុស្ស៊ីគ្មានឱកាសសន្ទនាជាមួយសមភាគីទាំងពីរឡើយអំឡុងពេលពិសាអាហារ។ ជាការឆ្លើយតប លោកពូទីន បានប្រើយុទ្ធសាស្ត្រចាស់របស់លោក គឺការមកយឺត​ជាងមួយ​ម៉ោង ដោយទុកឱ្យមេដឹកនាំចិន និងអាម៉េរិកអង្គុយរង់ចាំមុនកិច្ចប្រជុំត្រីភាគីចាប់ផ្តើម។

សារនយោបាយពីទីក្រុងប៉េកាំង៖ «អ្នកណាជាមេធំ?»

អ្នកជំនាញផ្នែករបបផ្តាច់ការនៃសាកលវិទ្យាល័យ អេសស៊ិក ប្រទេសអង់គ្លេស លោកស្រី ណាតាស្ហ៉ា លីនស្តាអេដ បានពន្យល់ថា ការជួបជុំនេះប្រៀបបាននឹងការ​ប្រជុំរបស់ក្រុម​មេដឹក​នាំ​​ដែល​ប្រើ​សញ្ញា​ដោយប្រយោលដើម្បីកំណត់ឋានានុក្រមអំណាច។ លោកស្រីសង្កត់ធ្ងន់ថា ទោះបីចិន និង​រុស្ស៊ីសហការគ្នាក៏ដោយ ក៏ពួកគេមិនដែលឈរលើឋានៈស្មើគ្នាឡើយ។

តាមការវិភាគរបស់លោក ហ្ស៉េហ្វ ហ៉ន អ្នកឯកទេសរុស្ស៊ីនៅសាលាសេដ្ឋកិច្ចក្រុងឡុងដ្រ៍ ទង្វើ​របស់លោកស៊ី ជីនពីង គឺជាចេតនាបង្ហាញការមិនពេញចិត្ត​ចំពោះភាពរឹងរូសរបស់​ទីក្រុង​មូស្គូក្នុងសង្គ្រាមអ៊ុយក្រែន ដែលកំពុងប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចចិន។ តាមរយៈ​ការ​រក្សាគម្លាតពីលោកពូទីន លោកស៊ី ចង់បញ្ជាក់ប្រាប់លោក ត្រាំ ថា មានតែប្រទេស​ចិន​ទេ​ដែល​ជាតួអង្គសំខាន់ និងជាដៃគូចរចាពិតប្រាកដសម្រាប់បញ្ហាសន្តិភាពពិភពលោក។

ភាពតានតឹងនៅពីក្រោយឆាក និងជញ្ជីងអំណាច

ក្រៅពីបញ្ហាអ៊ុយក្រែន ទីក្រុងប៉េកាំងក៏កំពុងខឹងសម្បារនឹងការរឹតចំណងយោធា និង​បច្ចេកវិទ្យា​រវាងរុស្ស៊ី និងកូរ៉េខាងជើងផងដែរ។ ចិនតែងតែចាត់ទុកទីក្រុងព្យុងយ៉ាង​ស្ថិតក្រោម​ឥទ្ធិពលផ្តាច់មុខរបស់ខ្លួន ប៉ុន្តែការលូកដៃរបស់លោក ពូទីន បានផ្តល់ជម្រើសថ្មីដល់លោក គីម ជុងអ៊ុន ដើម្បីគេចពីការគ្រប់គ្រងរបស់ចិន។

ជាចុងក្រោយ លោកស្រី លីនស្តាអេដ បានគូសបញ្ជាក់ពីការពិតដ៏ជូរ​ចត់​សម្រាប់​វិមាន​ក្រឹមឡាំង​ថា លោកស៊ី ជីនពីង ហ៊ានបង្ហាញអាកប្បកិរិយាបែបនេះដោយគ្មានការញញើត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ពីព្រោះ រុស្ស៊ីត្រូវការពឹងផ្អែកលើចិនខ្លាំងជាងអ្វីដែលចិនត្រូវ​ការ​ពឹង​ផ្អែក​លើ​រុស្ស៊ី។ ដូច្នេះ ព្រឹត្តិការណ៍នៅស្ហ៉ិនជិន គឺជាការរំលឹកយ៉ាងច្បាស់​អំពីលំដាប់ថ្នាក់​អំណាច​ថ្មី​នៅ​ក្នុង​ប្លុកមហាអំណាច។

 

Daily Program

Livesteam thumbnail
khmer popup image