កម្លាំងពហុជាតិសាសន៍ ត្រៀមបើកសមយុទ្ធ «កូអាលីកចា» នៅប្រទេសប៉ូឡូញដើម្បី​ជាខែលការពារសន្តិភាពអ៊ុយក្រែនក្រោយបញ្ចប់សង្គ្រាម

កងកម្លាំងពហុជាតិសាសន៍សម្រាប់អ៊ុយក្រែន (MNF-U) ដែលដឹកនាំដោយប្រទេសបារាំង និង ចក្រភពអង់គ្លេស គ្រោងនឹងរៀបចំលំហាត់សមយុទ្ធយោធាយ៉ាងធំសម្បើមដំបូងបង្អស់ ដែល មានឈ្មោះថា «កូអាលីកចា» (Coalitcha) នៅលើទឹកដីនៃប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី៩-២២ ខែវិច្ឆិកា ខាងមុខនេះ។ ការធ្វើសមយុទ្ធដែលមានទាហានប្រមាណ ២៨០០នាក់មកពី ១០ ប្រទេសចូលរួមនេះ មានគោលដៅសាកល្បងសមត្ថភាព និងភាពទាក់ទិននៃប្រតិបត្តិការ រួមគ្នា ដើម្បីត្រៀមខ្លួនដាក់ពង្រាយកម្លាំងជាបន្ទាន់ក្នុងការរក្សាសន្តិសុខ និងសន្តិភាពឡើងវិញ នៅពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវបញ្ចប់ជាផ្លូវការ។

ការប្រមូលផ្តុំកម្លាំងយោធាយ៉ាងសន្ធឹកសន្ធាប់នៅក្បែរព្រំដែន

យោងតាមការប្រកាសរួមគ្នាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ពីសំណាក់អាជ្ញាធរក្រុងឡុងដ្រ៍ និងក្រុង ប៉ារីស លំហាត់សមយុទ្ធ «កូអាលីកចា» នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងណូវ៉ា ដឺបា ដែលជា តំបន់​ហ្វឹកហ្វឺនយោធាដ៏សំខាន់មួយស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ មានចម្ងាយត្រឹម តែ​ប្រមាណ ១០០ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអ៊ុយក្រែន។

ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំយោធិនមកពី ១០ប្រទេសជាសម្ព័ន្ធមិត្ត រួមមាន អាឡឺម៉ង់ ប៊ែលហ្ស៊ិក អេស្ប៉ាញ អេស្តូនី បារាំង លីទុយអានី ហូឡង់ ប៉ូឡូញ ចក្រភពអង់គ្លេស និង ស៊ុយអែត។ ក្នុងនោះ ប្រទេសបារាំងនឹងបញ្ជូនទាហានចំនួន ១១០០នាក់ ខណៈចក្រភព អង់គ្លេស​រួមចំណែកចំនួន ៣០០នាក់។ បន្ថែមពីនេះ ក្រសួងការពារជាតិបារាំងបាន គូស បញ្ជាក់ថា ប្រទេសទួរគី ក្នុងនាមជាអ្នកដឹកនាំផ្នែកកងកម្លាំងជើងទឹកនៃសម្ព័ន្ធមិត្តចម្រុះ ក៏មាន ផែនការដាក់ពង្រាយកម្លាំង និងដឹកនាំការធ្វើសមយុទ្ធក្លែងធ្វើប្រតិបត្តិការធានាសន្តិសុខនៅ ដែនសមុទ្រខ្មៅនាពេលអនាគតផងដែរ។

បេសកកម្មគន្លឹះ និងការស្តារឡើងវិញក្រោយសង្គ្រាម

កងកម្លាំងពហុសាសន៍ (MNF-U) ត្រូវបានបង្កើតឡើង កាលពីខែមីនា ឆ្នាំ២០២៥ ដោយមាន​បេសកកម្ម​ស្នូល ក្នុងការដាក់ពង្រាយកម្លាំងយ៉ាងឆាប់រហ័សភ្លាមៗ បន្ទាប់ពីមានការចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀងបទឈប់បាញ់រវាងភាគីជម្លោះ។ គោលដៅធំបំផុត គឺដើម្បីជួយ​អ៊ុយក្រែន​ក្នុងការទប់ស្កាត់ការឈ្លានពានជាថ្មីណាមួយពីសំណាក់ប្រទេសរុស្ស៊ីនាពេល​អនាគត។

ក្រៅពីភារកិច្ចការពារព្រំដែន កងកម្លាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយចាប់ផ្តើម​ដំណើរ​​​ការសេដ្ឋកិច្ចរបស់អ៊ុយក្រែនឡើងវិញ តាមរយៈការធានាសន្តិសុខលើផ្លូវទឹក​នៅសមុទ្រ​ខ្មៅ​ដើម្បីសម្រួលដល់ការនាំចេញផលិតផលកសិកម្ម និងការបើកដំណើរការដែន​អាកាស​ឡើង​​វិញដោយសុវត្ថិភាព។ ថ្វីបើកិច្ចពិភាក្សាសន្តិភាពដើមឡើយត្រូវបានកកស្ទះចាប់តាំងពីខែកុម្ភៈមកក្តី ប៉ុន្តែកងកម្លាំង​សម្ព័ន្ធ​​មិត្ត​នៅតែប្រកាន់ជំហររៀបចំខ្លួនជាស្រេច។

យុទ្ធសាស្ត្រត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះហានិភ័យ

លោកឧត្តមសេនីយ៍អង់គ្លេស ថម បាតឺម៉ាន មេបញ្ជាការកងកម្លាំងពហុជាតិសាសន៍ បាន​បញ្ជាក់​ថា សន្តិភាពប្រកបដោយយុត្តិធម៌ និងចីរភាព គឺទាមទា​រ​ឱ្យអ៊ុយក្រែនមាន​សមត្ថភាព​ការពារអធិបតេយ្យភាពរបស់ខ្លួន បូករួមនឹងការធានាសន្តិសុខដែលអាច​ជឿទុកចិត្ត​បាន។ លោក​បានបន្ថែមថា ការត្រៀមលក្ខណៈ ការសម្របសម្រួល និងការរៀបចំផែន​ការ​ដឹក​ជញ្ជូន ដោយ​មិនអាចរង់ចាំរហូតដល់សង្គ្រាមបញ្ចប់ ទើបចាប់ផ្តើមនោះឡើយ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍បារាំងអាម៉េល ឌីរូ បានចាត់ទុកសមយុទ្ធនេះថា គឺជា «ដំណាក់​កាល​គន្លឹះ» ក្នុងការបង្ហាញពីសមត្ថភាពពិតប្រាកដរបស់កម្លាំងនេះ។ ទន្ទឹមនឹង​នេះ ទីក្រុង​ប៉ារីស និងទីក្រុងឡុងដ្រ៍ បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងពហុជាតិសាសន៍ មិនមែនជា​កង​កម្លាំង​របស់អង្គការណាតូ (NATO) ឡើយ ហើយសមយុទ្ធនេះ​ក៏មិន​មែន​​ជាបេសកកម្ម​ប្រយុទ្ធ ឬការបង្អួតឥទ្ធិពលនោះដែរ។

ទន្ទឹមគ្នានេះដែរ កងកម្លាំងពហុជាតិសាសន៍ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់នឹង​ការ​វាយ​ប្រហារ​​ផ្នែក​ព័ត៌មាន ឬការ​វាយ​ប្រហារបែបកូនកាត់ (Hybrid threat) ពីសំណាក់​រុស្ស៊ី​ផង​ដែរ។

 

Daily Program

Livesteam thumbnail
khmer popup image